លោក​ឈុំ សុជា​តិ ប្រតិកម្ម​ជា​ថ្មី​អំពី​ការ​ចោទ​ថា​មាន​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា​

15-05-2019 8:44 pm 2351
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក​ឈុំ សុជា​តិ បាន​ថ្លែង​ប្រតិកម្ម​ជា​ថ្មី​ចំពោះ​ការចោទប្រកាន់​ថា​មាន​មូលដ្ឋានទ័ព​ចិន នៅក្នុង​ទឹកដី​កម្ពុជា ពី​សំណាក់​គេហទំព័រ​អន​ឡាញ​បរទេសមួយ ចុះ​ថ្ងៃ​ទី​៩ ឧសភា ។ យ៉ាងណាក៏ដោយ ក្រោយ​ចេញផ្សាយ​ព័ត៌មាន​នេះ លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ បាន​ស្នើ​ឱ្យ​អង្គការសហប្រជាជាតិ​ស៊ើបអង្កេត​ពី​មូលដ្ឋានទ័ព​ចិន​នៅ​កម្ពុជា...

​លោក ឈុំ សុជា​តិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ប្រតិកម្ម​ជា​ថ្មី​ទៅ​នឹង​គេហទំព័រ​អន​ឡាញ​បរទេសមួយ​ឈ្មោះ War On The Rocks ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ដោយ​លោក​បាន​អះអាងថា គេហទំព័រ​នេះ​បាន​ព្យាយាម​ផ្សព្វផ្សាយ​ចោទប្រកាន់ មួលបង្កាច់​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ថា​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​ដាក់​មូលដ្ឋានទ័ព​នៅក្នុង​ខេត្ត​កោះកុង ប្រទេស​កម្ពុជា ។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​រូប​នេះ​ថា ការផ្សព្វផ្សាយ​លាប​ពណ៌​នោះ គឺជា​ចេតនា​នយោបាយ​ទុច្ចរិត ធ្វើឱ្យ​ពិភពលោក​ភាន់ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា ព្រមទាំង​ប៉ុនប៉ង​រំខាន​ដល់​ការអភិវឌ្ឍ​ប្រទេស ក្នុង​កិច្ចសហការ​ពី​វិនិយោគិន​បរទេស និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​នាពេលខាងមុខ ។​

​លោក​ថា ពាក់ព័ន្ធ​នឹង​មូលដ្ឋានទ័ព​បរទេស​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​បានបញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​រួចហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅលើ​ទឹកដី​កម្ពុជា​ឡើយ និង​បាន​ប្រកាសថា កម្ពុជា​មិន​កែប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស ឬ​បញ្ជូន​យោធា​កម្ពុជា​ទៅ​ក្រៅប្រទេស ក្រៅពី​បេសកកម្ម​ជាមួយ​អង្គការ​សហប្រជាជាតិ ។​

​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី តាមរយៈ​សំណេរ​នៅលើ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន ចុះ​ថ្ងៃ​ទី​១៤ ខែ​ឧសភា បាន​ស្នើ​ឱ្យ​អង្គការសហប្រជាជាតិ រៀបចំ​គណៈកម្មការ​អន្តរជាតិ​មួយ ដើម្បី​ស៊ើបអង្កេត​ពី​ការសាងសង់​មូលដ្ឋាន​សឹក របស់​ប្រទេស​ចិន នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ។ លោក​បន្តថា ការសាងសង់​មូលដ្ឋាន​សឹក​របស់​ប្រទេស​ក្រៅ​ណាមួយ នៅលើ​ទឹកដី​ប្រទេស​កម្ពុជា គឺជា​ការរំលោភ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​ជា​ការ​គំរាម​ដល់​សន្តិភាព​និង​សន្តិសុខ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល ៕

ព័ត៌មានផ្សេងទៀត