ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា ប្រជាជនកម្ពុជា នឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិននៅគ្រប់កាលៈទេសៈទាំងអស់។
ការមានព្រះរាជបន្ទូលបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើង ក្នុងពេលព្រះមហាក្សត្រខ្មែរ ព្រះអង្គស្តេចយាងបំពេញព្រះរាជទស្សនកិច្ច និងជួបសវនាការជាមួយប្រធានាធិបតីចិន នៅថ្ងៃទី១៤ ខែឧសភា នាវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង ប្រទេសចិន។
បើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន បានឲ្យដឹងថា ក្នុងជំនួបសវនាការនោះ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងថា ចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា បានបង្ហាញពិភពលោកឲ្យឃើញកាន់តែច្បាស់អំពីមិត្តភាពដ៏ពិតប្រាកដ និងយូរអង្វែងរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ហើយក៏កំណត់នូវជោគវាសនានៃប្រទេសទាំងពីរផងដែរ។
លោកប្រធានាធិបតី បានបន្តលើកឡើងថា ប្រទេសចិន គោរពស្រលាញ់ចំពោះមិត្តភាពដ៏ពិសេសជាមួយព្រះរាជវង្សានុវង្សនៃប្រទេសកម្ពុជា ហើយបណ្តាមេដឹកនាំចិនជាច្រើនជំនាន់បានបង្កើតចំណងមិត្ដភាពដ៏ជិតស្និទ្ធជាមួយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
លោកប្រធានាធិបតីបន្តថា កម្ពុជា-ចិន ត្រូវតែទទួលថែរក្សាមរតកនេះ និងបន្តពង្រឹងចំណងមិត្តភាពឱ្យបានល្អប្រសើរ ដើម្បីបន្សល់ទុកឱ្យ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយបន្តទៀត។
«ប្រទេសចិន នឹងនៅតែបន្តគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមគោលនយោបាយជាតិរបស់ខ្លួន និងបន្តកិច្ចសហប្រតិបត្តិការជាមួយប្រទសកម្ពុជា ដើម្បីជំរុញភាពជាដៃគូរយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន និងប្រទេសកម្ពុជា ឲ្យបានរីកចម្រើនឈានដល់កម្រិតថ្មីមួយ»។
យ៉ាងណាមិញ សម្រាប់ព្រះមហាក្សត្រខ្មែរ មានព្រះរាជបន្ទូលថា កម្ពុជា សូមអបអរសាទរប្រទេសចិន ចំពោះសមិទ្ធិផលដែលសម្រេចបាន ក្រោមការអភិវឌ្ឍដ៏ធំធេងរបស់ខ្លួនក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតឡើង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានកោតសរសើរដល់ឥទ្ធិពលដ៏សំខាន់របស់ចិន នៅក្នុងកិច្ចការអន្តរជាតិ ហើយសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយ «ផ្លូវមួយខ្សែក្រវាត់មួយ»៕