លោក​ម៉ា​ឌូ​រ៉ូ​​បញ្ជាកង​ទ័ព​​ទៅ​ការពារ​​ដល់​អគារ​សភា​​ព្រោះ​មាន​​អសន្ដិសុខ​​កាន់តែខ្លាំង​

15-05-2019 2:10 pm 1673
កងកម្លាំង​ដែលចុះ​ទៅការពារ​នៅអគារសភា

​រដ្ឋបាល​របស់លោក​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡានី​កូឡាស ម៉ា​ឌូ​រ៉ូ បានចេញ​បញ្ជា​ឲ្យ​កងកម្លាំង​ពិសេស​ចុះទៅ​ឡោមព័ទ្ធ​នៅ​អគារ​សភា​កាលពី​ថ្ងៃ​អង្គារ ដោយ​លើក​ហេតុផល​ដើម្បី​ការពារ​ក្រែង​មានការ​បង្កប់​គ្រឿងផ្ទុះ​នៅក្នុង​អគារ​សភា​។ សកម្មភាព​នេះ​ហាក់​បញ្ជាក់ថា​បញ្ហា​អសន្ដិសុខ​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​ស្ថិតក្នុង​កម្រិត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន ដោយ​លោក​ប្រធានាធិបតី​កាន់តែ​ប្រយ័ត្ន​ខ្លាំង​ជាង​មុន​។ ប៉ុន្ដែ​ទង្វើ​នេះ​ត្រូវបាន​មេបក្ស​ប្រឆាំង​លោក​ជូ​អាន ហ្គៃ​ដូ​ចាត់ទុកថា រដ្ឋាភិបាល​កំពុង​ព្យាយាម​រឹបអូស​យក​សភា ដែលមាន​សំឡេងគាំទ្រ​បក្សប្រឆាំង​ច្រើនជាង​គាំទ្រ​រដ្ឋាភិបាល​។  លោក​បាន​ជំរុញ​ឲ្យ​សមាជិកសភា​បន្ដ​ចូលក្នុង​សភា​ដដែល ហើយ​អំពាវនាវ​ឲ្យ​កងទ័ព​ត្រូវ​ចូល​រួមជាមួយ​លោក ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ​តទៅទៀត​។ 

​លោក​ហ្គៃ​ដូ​បានប្រកាស​តែងតាំង​ខ្លួនឯង​ជា​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡា​បណ្ដោះអាសន្ន កាលពី​ខែមករា​ដើមឆ្នាំ​២០១៩​នេះ​។ កាលពីដើម​ខែឧសភា​លោក​បាន​ទទូច​ឲ្យ​យោធា​បង្កើន​កម្លាំង​ប្រឆាំង​រដ្ឋាភិបាល​។ ប៉ុន្ដែ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ​ត្រូវ​បរាជ័យ ហើយ​លោក​ម៉ា​ឌូ​រ៉ូ​បាន​ចាប់ខ្លួន​សមាជិកសភា​ជាច្រើនរូប រួមទាំង​មន្ដ្រី​យោធា​ដែល​គាំទ្រ​លោក​ហ្គៃ​ដូ​ផងដែរ​។  

​បច្ចុប្បន្ន​នៅ​មិនទាន់មាន​ដំណោះស្រាយ បញ្ចប់វិបត្ដិ​នយោបាយ​វេ​ណេ​ហ្ស៊ូ​អេ​ឡាទេ ខណៈ​ខាង​រដ្ឋាភិបាល​និង​ខាង​បក្សប្រឆាំង​នៅតែ​បន្ដ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​។ ភាគី​ទាំងពីរ​សុទ្ធតែ​មាន​សម្អាង​និង​មហាអំណាច​គាំទ្រ​រៀងៗ​ខ្លួន គឺ​ខាង​រដ្ឋាភិបាល​មាន​ចិន រុស្ស៊ី​នៅ​ពីក្រោយ ចំណែក​ខាង​បក្សប្រឆាំង​មាន​អាមេរិក​និង​បណ្ដា​ប្រទេស​មួយចំនួនទៀត​នៅ​ពីក្រោយ​។ ទាំង​លោក​ម៉ា​ឌូ​រ៉ូ​និង​លោក​ហ្គៃ​ដូ​មិនទាន់​ស្ដាប់​ចូល​ត្រចៀក​ឡើយ នូវ​ហេតុផល​ដែល​បានលើកឡើង​កន្លងមក​៕

ព័ត៌មានផ្សេងទៀត