ស្រីលង្កា​​បន្ដ​ដាក់​​បម្រាម​គោចរ​​ក្រោយ​ផ្ទុះ​​ហិង្សា​ធ្ងន់ធ្ងរ​​ប្រឆាំង​​ក្រុម​មូស្លីម​

15-05-2019 1:22 pm 609
កងកម្លាំងសន្ដិសុខ​ចុះរក្សាសណ្ដាប់ធ្នាប់

​ប្រទេស​ស្រីលង្កា​បានប្រកាស​ដាក់​បម្រាម​គោចរ​ទូទាំងប្រទេស​បន្ដ​ទៀត​កាលពី​យប់​ថ្ងៃ​អង្គារ ដែលជា​យប់​ទី​ពីរ​ក្រោយ​មាន​អំពើហិង្សា​ប្រឆាំង​ក្រុម​មូស្លីម​កើតឡើង​។ បុរស​ជា​ជន​មូស្លីម​ម្នាក់​ត្រូវបាន​គេ​ចាក់​សម្លាប់ ខណៈដែល​ក្រុម​កុបករ​នាំគ្នា​ដុត​ហាង​ជា​កម្មសិទ្ធិ​របស់​ក្រុម​មូស្លីម និង​បាន​បំផ្លិចបំផ្លាញ​វិហារ​អ៊ីស្លាម​ផងដែរ នៅក្នុង​ការវាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​៦០​នាក់ ក្នុងនោះ​មាន​មេដឹកនាំ​ក្រុម​ស្ដាំនិយម​សាសនាព្រះពុទ្ធ​ផងដែរ​។ ក្រោយ​មាន​ភាពចលាចល​កើតឡើង​ដូច្នេះ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​អត់ធ្មត់ និង​លុបបំបាត់​ចោលការ​ស្អប់ខ្ពើម​ទៅវិញទៅមក​។​

​បម្រាម​គោចរ​បានដាក់​ជាថ្មី​កាលពី​យប់​ថ្ងៃ​អង្គារ​ចាប់ពី​ម៉ោង​៩​យប់​តទៅ​។ ប៉ូលិស​និយាយថា ខេត្ដ​ភាគ​ពាយព្យ​ប្រទេស​ជា​កន្លែង​មាន​អំពើហិង្សា​ផ្ទុះឡើង នឹង​ស្ថិតក្រោម​ការឃ្លាំមើល​រយៈ​ពេល​យូរ​។ នៅ​តំបន់​ដែលមាន​អំពើហិង្សា​ផ្ទុះឡើង ប៉ូលិស​ក៏បាន​បំផ្ទុះ​កាំភ្លើង​ទៅលើ​អាកាស​ផងដែរ ដើម្បី​បំបែក​ក្រុម​ប្រមូលផ្ដុំ​។ ភាព​តានតឹង​នេះ​បាន​ផ្ទុះឡើង​ខ្លាំង ចាប់តាំងពី​ក្រុម​អ៊ីស្លាម​និយម បើក​ការវាយប្រហារ​នៅ​សណ្ឋាគារ​និង​ព្រះវិហារ​គ្រិស្ដសាសនា​ជាច្រើន​កន្លែង នៅ​ភាគ​ខាងកើត​ប្រទេស​ស្រីលង្កា កាលពី​បី​សប្ដាហ៍​មុន​សម្លាប់​មនុស្ស​ជាង​២៥០​នាក់​៕ 

 ពាក្យគន្លឹះ  ស្រីលង្កាបម្រាមគោចរ

ព័ត៌មានផ្សេងទៀត