លោក​ដូណាល់ ត្រាំ​​ច្រានចោល​​ព័ត៌មាន​​អាមេរិក​​គ្រោង​បញ្ជូន​ទ័ព​​១២​ម៉ឺន​នាក់​​ទៅ​មជ្ឈិមបូព៌ា​

15-05-2019 8:58 am 1197
  ស្តាប់
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​បន្ទាប់ពី​មាន​សារព័ត៌មាន​ចេញផ្សាយ​ថា មន្ដ្រីជាន់ខ្ពស់​អាមេរិក​បានបង្ហាញ​ផែនការ​បញ្ជូន​ទ័ព​ចំនួន​១២​ម៉ឺន​នាក់​ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា ពេលនេះ​លោក​ដូណាល់ ត្រាំ​បាន​ចេញមុខ​បដិសេធ​ហើយ​។ លោក​ត្រាំ​បាន​ច្រានចោល​ព័ត៌មាន​ចេញផ្សាយ​ដោយ​កាសែត​New York Times ដែលថា​រដ្ឋបាល​របស់​លោក​មាន​គម្រោង​បញ្ជូន​ទ័ព​ទៅ​មជ្ឈិម​បូព៌ា ចន្លោះពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​។ លោក​ត្រាំ​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ថា របាយការណ៍​ព័ត៌មាន​នោះ​គឺ​ក្លែងក្លាយ​។ 

​លោក​សង្កត់ធ្ងន់​ទៀតថា លោក​សង្ឃឹម​នឹង​គ្មាន​ផែនការ​ដូច​អ្វីដែល​បាន​ចុះផ្សាយ​ឡើយ ហើយ​បើ​អាមេរិក​ធ្វើ​មែន អាមេរិក​នឹង​បញ្ជូន​ទ័ព​ច្រើន​ជាងនេះទៅទៀត​មិនមែន​ប៉ុណ្ណឹង​ឡើយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​រាយការណ៍​ថា តាម​ការវិភាគ​ជំហាន​ដំបូង​ដោយ​រដ្ឋាភិបាល​អាមេរិក អ៊ីរ៉ង់​ឬ​កងកម្លាំង​គាំទ្រ​ដោយ​ប្រទេស​នេះ អាច​ចូលរួម​ក្នុង​ការវាយប្រហារ​បំផ្លិចបំផ្លាញ​នាវា​ដឹក​ប្រេង​អា​រ៉ាប៊ីសាអូឌីត​កាលពី​ថ្ងៃ​អាទិត្យ​សប្ដា​ហ៍មុន​។ 

​ចំពោះ​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់ថា ខ្លួន​មិនបាន​ស្វែងរក​ការធ្វើ​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ទេ ប៉ុន្ដែ​អាមេរិក​ក៏​ប្ដេជ្ញា​រាល់​ការវាយប្រហារ​លើ​កងកម្លាំង​អាមេរិកឬ​សម្ព័ន្ធមិត្ដ​អាមេរិក អ៊ីរ៉ង់​នឹង​ទទួល​ការឆ្លើយតប​ដោយ​គ្មាន​យោគយល់​។ ថ្មីៗ​នេះ​ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​បាន​ផ្ទុះឡើង​កាន់តែខ្លាំង ក្រោយពេល​អ៊ីរ៉ង់​ប្រកាស​ដកចេញ​ការប្ដេជ្ញាចិត្ដ​មួយចំនួ​ន ដែល​បាន​ឯកភាព​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ហើយ​ព្រមាន​អាច​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​។ ភ្លាមៗ​អាមេរិក​ក៏​ប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​អ៊ីរ៉ង់​។​

​កាលពី​សប្ដាហ៍​មុន​អាមេរិក​ក៏​ប្រកាស​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់ ជា​កងកម្លាំង​វាយប្រហារ ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​ត្រៀម​ទប់ទល់​ជាមួយ​អ៊ីរ៉ង់​។ ប៉ុន្ដែ​អាមេរិក​នៅតែ​អះអាង​ម្ដង​ហើយ​ម្ដង​ទៀតថា ខ្លួន​គ្មាន​ចេតនា​ចង់​បង្ក​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ឡើយ គ្រាន់តែ​ជា​ការត្រៀម​ការពារ​ក្រែង​មាន​ការវាយប្រហារ​ណាមួយ​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត