ស្ថានទូត​ចិន​៖ ចេក​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ដំបូងបង្អស់​របស់​កម្ពុ​ជា​ដែល​នាំចេញ​ផ្ទាល់​ទៅ​ចិន​

14-05-2019 8:02 pm 456

​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា បាន​សរសេរ​បញ្ជាក់ថា ចេកអំបូង​លឿង គឺជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ដំបូងបង្អស់​របស់​កម្ពុ​ជា ដែល​បាន​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន ។​

​សំណេរ​ដដែល​បញ្ជាក់​ថា យោង​តាម​ពិធីសារ ស្តី​ពី​សំណូមពរ​ត្រួតពិនិត្យ​គុណភាព​ប្រភេទ​ដំណាំ​ផ្លែ​ចេក​របស់​កម្ពុជា ដើម្បី​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​ចិន ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ថ្មីៗ​នេះ បាន​ប្រកាស​ជា​ផ្លូវការ អំពី​បញ្ជី​ឈ្មោះ​នៃ​ចម្ការ និង​រោច​ក្រវេច​ខ្ចប់​ដំណាំ​ចេកម្ពុជា ដែល​ត្រូវបាន​អនុញ្ញាត​នាំ​ចូល​ទៅ​ចិន ។​

​គូសបញ្ជាក់ថា កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សម្ពោធ​ការទទួល​បាន​ការអនុញ្ញាត​ជា​ផ្លូវការ នាំចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដោយផ្ទាល់ កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ។ 

​ក្នុង​ពិធី​សម្ពោធ​នោះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​មានប្រសាសន៍ថា ក្នុងចំណោម​១០​ក្រុមហ៊ុន ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​គោលការណ៍​អនុញ្ញាត​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់ មាន​៥​ក្រុមហ៊ុន ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់ និង​បច្ចេកទេស ហើយ​អាច​នាំ​ចេញ​ចេក​ស្រស់់​ទៅ​កាន់​ទីផ្សារ​ចិន​ជា​លើកដំបូង បាន​ចំនួន​ជាង​១០០​តោន ៕

 ពាក្យគន្លឹះ  ចិនចេកអំបូងលឿង

ព័ត៌មានផ្សេងទៀត