តំណាង​EU​និយាយ​អ្វី​ខ្លះ​ពី​ក្រុមប្រឆាំង​ចំពោះ​ការវាយប្រហារ​រឿង​EBA?

14-05-2019 5:15 pm 2023
  ស្តាប់
ស្តាប់ជាសំឡេង

​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា នា​ថ្មីៗ​នេះ បាន​លើកឡើង​នូវ​សារ​មួយ​វាយប្រហារ​ទៅលើ​ក្រុមប្រឆាំង ដែល​តែងតែ​យក​បញ្ហា EBA និង​សហភាព​អឺរ៉ុប មក​ដាក់​សម្ពាធ​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។ តំណាង​សហភាព​អឺរ៉ុប បាន​ចាត់ទុកថា អ្នកនយោបាយ​ដែល​យក​ស្បែក EBA/EU ជ្រក​ដណ្តប់​នោះ គ្រាន់តែ​ជា​ការ​លួង​ចិត្ត​ខ្លួន និង​លើកទឹកចិត្ត​ក្រុម​ខ្លួន ដែល​មិន​បាន​ផល និង​គ្មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​។ ការលើកឡើង​របស់​តំណាង EU ប្រចាំ​នៅ​កម្ពុជា ត្រូវបាន​លាតត្រដាង​ដោយ លោក គង់ គាំ ប្រធានកិត្តិយស នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សម​រង្ស៉ី និង​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា​។ ​

​លោក គង់ គាំ បាន​ដកស្រង់​សម្តី តំណាង EU ប្រចាំ​កម្ពុជា ដែល​បញ្ចប់​អាណត្តិ ក្នុងឱកាស​ទិវា​អឺរ៉ុប កាលពី​ថ្ងៃ​ទី ០៩ ខែ​ឧសភា បានបញ្ជាក់​ថា​៖ «​ទោះ​ការបោះឆ្នោត​ឆ្នាំ​២០១៨ នៅ​កម្ពុជា​មិន​មាន​កម្រិត​ស្តង់ដារ ក៏​បណ្តា​ប្រទេស​ទទួលយក និង​បន្ត​ទំនាក់ទំនង​ជាមួយ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កើតចេញ​ពី​ការបោះឆ្នោត សម្រាប់​នីតិកាល​ទី​៦​នេះ​»​។​

​លោក​បាន​បន្តថា «​តំណាង EU យល់ថា​៖ អ្នក​ដែល​យក​ស្បែក EBA/EU ជ្រក​ដណ្តប់​សម្រាប់​ផលប្រយោជន៍​នយោបាយ​ខ្លួន (​ទារ​នេះ​…..​ថា​នោះ​…..) ហួស​ពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស គ្រាន់តែ​ជា​ការ​លួង​ចិត្ត​ខ្លួន និង​លើកទឹកចិត្ត​ក្រុម​ខ្លួន ដែល​មិន​បាន​ផល និង​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​»​។​

​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់ លើកលែងតែ​អាវុធ (Everything But Arms) ត្រូវបាន​សហភាព​អឺរ៉ុប​ផ្តល់​ទៅ​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​ក្រីក្រ​នានា ឱ្យ​នាំ​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​គ្មាន​បង់ពន្ធ លើកលែង​តែ​សព្វាវុធ​ប៉ុណ្ណោះ​។ ប្រទេស​កម្ពុជា ដែល​កំពុង​អភិវឌ្ឍ ក៏​បាន​ទទួល​នូវ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​នេះ​ផង​ដែរ​។​

​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​នូវ​ដំណើរការ ដែល​អាច​នាំឱ្យ​មាន​ការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ នៃ​ទំនិញ​កម្ពុជា​លើ​ទីផ្សារ​សហភាព​អឺរ៉ុប ក្រោម​គម្រោង​ពាណិជ្ជកម្ម Everything But Arms (EBA) ប៉ុន្តែ​ទោះជា​យ៉ាងនេះ ការអនុវត្ត​នូវ​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ នឹង​ធ្វើឡើង​នៅ​រយៈពេល​១៨​ខែក្រោយ បើសិន​ជា​ភាគី​ទាំងពីរ​មិន​មាន​ការចរចា​ណាមួយ ដែលនាំឱ្យ​មាន​ការ​ត្រូវរ៉ូវ​គ្នា​។​

​លោក គង់ គាំ បាន​ចំអក​ដល់ លោក សម រង្ស៉ី និង​គណបក្ស​សង្គ្រោះ​ជាតិ អំពី​នយោបាយ​ខុសផ្លូវ​របស់ខ្លួន ដែល​តែង​រារាំង​ដល់​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ លោក​បាន​និយាយថា « ទ្រឹស្តី “​សម រង្ស៊ី - កឹម សុខា​” ជា​មនុស្ស​តែ​មួយ មិន​ស៊ី​ជាមួយ​នឹង​ភាពជាក់ស្តែង​តាមផ្លូវ​រូប​កាយ និង​ចេតនារម្មណ៍​របស់​បុគ្គ​ល​ទាំងពីរ​ទេ​។ ប៉ុន្តែ​ទ្រឹស្តី​នេះ​វា​ចងភ្ជាប់​ជានិច្ច ហេតុ និង​ផល​ពី​អតីត និង​អនាគត​ថា​មេដឹកនាំ​ទាំង​ពីរ​ពិតជា​បាន​ផ្តើម និង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ប្រើ​កម្លាំង​ប្រជាពលរដ្ឋ​ក្រៅ​ការបោះឆ្នោត​ដើម្បី​ផ្តួលរំលំ​ផ្លាស់ប្តូរ​រាជរដ្ឋាភិបាល​កន្លង​មក (​ឆ្នាំ​២០១៣) ដែល​តម្រូវ​ឱ្យ ហ៊ុន សែន ចុះចេញ និង​ត​រហូត​ឆ្នាំ​២០១៩ មាន​ការអំពាវនាវ​/​មាន​ផែនការ (​ពី​ក្រៅ និង​ក្នុង​ប្រទេស​) ឱ្យ​ងើប​ចាប់ ហ៊ុន សែន (​ឈូស​-​ឆា​)​អ្វីៗ​ទាំងអស់ នៅ​កម្ពុជា​ដែល​ក្រុម​គេ​ថា​សុទ្ធតែ​ក្លែងក្លាយ​»​។​

​លោក គង់ គាំ បាន​សម្តែង​ការសោកស្តាយ​បំផុត ចំពោះ​លោក​ស្រី រ៉ូ​ណា ស្មី​ត រួមទាំង មជ្ឈដ្ឋាន​អន្តរជាតិ​ខ្លះ​នៃ​(EU​អំពី​EBA) និង​(USA អំពី GSP) ដែល​បាន​មើលស្រាល​(​តុលាការ​កម្ពុជា​) និង​ថ្កោលទោស​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល ចំពោះ​អំពើ​ជួបជុំ ដើម្បី​បង្កហេតុ​ឆ្ពោះ​ទៅ​ការ​ប្រឈម​ដោយ​ហិង្សា និង​ភាពចលាចល​ឈាន​ដល់​បំផ្លាញ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​បច្ចុប្បន្ន និង​ចំពោះមុខ​ឱ្យ​វិនាស​អន្តរាយ​ជាក់​ជាមិ​ខាន​នៅពេលខាងមុខ​។​

​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ទៀត​ថា​៖ «​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ និង​រួម​គ្នា​កសាង​អំណាច​ដឹកនាំ​ប្រទេស​តាមរយៈ​ការបោះឆ្នោត​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា គឺជា​មធ្យោបាយ​តែ​មួយគត់ ដើម្បី​ធានា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដែល​មជ្ឈដ្ឋាន​ទាំងអស់​ចង់បាន​។ យើង​ជឿ​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ ទោះ​កំពុង​រង​ទុក្ខលំបាក​ខ្លះ​ក៏ដោយ ក៏​មិន​ចង់​ជួប​ភាពវឹកវរ ចលាចល និង​សោកនាដកម្ម​តូច​ធំ​ណា​ឡើយ ហើយ​ចំពោះ​អ្នកមានអំណាច មាន​ទ្រព្យ អ្នករស់នៅ​ធម្មតា​បាន​ក៏​គេ​មិន​ចង់​ជួញ​ទុក្ខ​ជួញ​ទោស តាម​អ្នកនយោបាយ​មួយក្រុម​ដែល​ទាល់ច្រក​នោះឡើយ​»​។​

​យ៉ាងណា​ជុំវិញ​បញ្ហា​EBA​នេះ នៅក្នុង​របាយការណ៍ ដែល​មាន​ចំណងជើង​ថា បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ចេញផ្សាយ​កាលពី​ដើម​ឧសភា ធនាគារ​ពិភពលោក​បានឲ្យដឹងថា បើសិន​ជា​ប្រព័ន្ធ​នេះ​ត្រូវបាន​ដក ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​អាច​នឹង​ធ្លាក់ចុះ​យ៉ាង​តិច​បំផុត ៥១៣ លាន​ដុល្លារ​អាមេរិក ហើយ​ខ្ពស់បំផុត​ត្រឹម ៦៥៤ លាន​ដុល្លារ​អាមេរិក ក្នុងនោះ វិស័យ​កាត់ដេរ​ត្រូវ​ប្រឈម​នឹង​ការខាតបង់​ជាង​៣៨១​លាន​ដុល្លារ ស្បែកជើង​ត្រូវ​ប្រឈម​នឹង​ការខាតបង់​ជាង​១២៨​លាន​ដុល្លារ ខណៈ​អង្ករ​ដែល​ត្រូវបាន​អឺរ៉ុប​ចាប់ផ្ដើម​យកពន្ធ ហើយ​នោះ ត្រូវ​ខាតបង់​ជាង​១៤៤​លាន​ដុល្លារ​។​

ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី នាវ ច័ន្ទ​ថា​ណា ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា លោកស្រី ពិតជា​មាន​ក្តីបារម្ភ​ចំពោះ ការបាត់បង់​ប្រព័ន្ធ អនុគ្រោះ EBA នេះ តែ​លោក​ស្រី អះអាងថា រដ្ឋាភិបាល​បាន​ត្រៀម​រួចរាល់ ក្នុង​ការឆ្លើយតប​ចំពោះ​ផលវិបាក​នេះ​។​

សូមបញ្ជាក់​ថា កាលពី​ឆ្នាំ ២០១៨ កម្ពុជា​បាន​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​មានតម្លៃ ៩៥០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅកាន់​ទៅ​ផ្សារ​ពិភពលោក ក្នុងនោះ មាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជា​ទីផ្សារ​សំខាន់​។ ដោយឡែក​ទីផ្សារ​អឺរ៉ុប បាន​ស្រូបយក​៣៣%​នៃ​ផលិតផល​ទាំងនោះ​។​

​ធនាគារ​ពិភពលោក​នេះ ក៏​បាន​ព្រមាន​ពី​ការពឹងផ្អែក​ខ្លាំងក្លា របស់​កម្ពុជា​ទៅលើ​លំហូរ​ទុន និង​អ្នកទេសចរ​ពី​ប្រទេស​ចិន ដែល​កំណើន​អាច​ថមថយ ប្រសិនបើ​មាន​ការថយចុះ​ខ្លាំង នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។ តែ​ធនាគារពិភពលោក បាន​សរសើរ​ពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ដែល​បាន​ឡើង​ដល់​អត្រា​៧,៥%​ក្នុង​ឆ្នាំ ២០១៨ ដែល​ជា​កំណើន​ខ្ពស់​បួន​ឆ្នាំ​ជាប់​គ្នា បើ​ប្រៀបធៀប​ទៅនឹង ៧ % ក្នុង​ឆ្នាំ ២០១៧​។​

​កាលពីដើមឆ្នាំ​២០១៩​នេះ លោក​ហ៊ុន សែន បាន​ប្រកាស​ពី​យុទ្ធនាការ​ពង្រឹង​ឯករាជ្យភាព​របស់​កម្ពុ​ជា​តាមរយៈ​វិធានការ​ជួយ​ដល់​ធុរកិច្ច​មួយចំនួន ដែល​លោក​ថា​បើ​ទោះបីជា​គ្មាន​ឬ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏​កម្ពុជា​នៅ​តែ​ទៅ​មុខ​។​

​ទោះជា​យ៉ាងណា កាលពី​ថ្ងៃ​ទី​០២ ឧសភា ម្ចាស់​ម៉ាក និង​អ្នកបញ្ជា​ទិញ​ចំនួន​២០​ស្ថាប័ន បាន​ស្នើ​ទៅ​លោក ហ៊ុន សែន បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​សហជីព និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាងណា​រក្សា​EBA និង GSP ឲ្យបាន ដោយ​ត្រូវ​ងាក​មក​គោរព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វិញ​។​

EBA គឺជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ចំណែក​GSP គឺជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋអាមេរិក​។ កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងពីរ​ដែល​តម្រូវ​ឱ្យ​គោរព​លក្ខខណ្ឌ គោរព​សិទ្ធិមនុស្ស និង​អនុវត្តន៍​ការដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​កម្ពុជា​ត្រូវបាន​ក្រុមប្រឆាំង និង​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ចាត់ទុកថា កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ នៅ​មួយរយៈ​ចុងក្រោយ​នេះ ទើប​នាំ​ឲ្យ​ទាំង​អាមេរិក និង​អឺរ៉ុប ប្រកាស​ពី​វិធានការ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​នេះ​។​

​ក្នុងនាម​ជា​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច កសិកម្ម និង​ជា​អ្នកនយោបាយ​មួយ​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​បណ្ឌិត​យ៉ង សាំង​កុមារ បាន​បង្ហាញ​ពី​ក្តីបារម្ភ​ជាខ្លាំង​ចំពោះ​ការ​ប្រឈម​នឹង​ការបាត់បង់​EBA​និង​GSP​នេះ​។ លោក​មិន​ចង់ឃើញ ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​អឺរ៉ុប និង​GSP​ពី​អាមេរិក​ទេ ហើយក៏​មិន​ចង់​ឃើញ​រដ្ឋាភិបាល ទោរ​ផ្អៀង​ទៅរក​ចិន​តែ​ម្ខាង​នោះដែរ​។ លោក​បង្ហាញ​នូវ​សេណារីយោ​មួយ​ថា ដើម្បី​បាន​ទាំង​EBA បាន​ទាំង​ដំណោះស្រាយ​នយោបាយ គឺ​លក្ខខណ្ឌ​ងាយៗ​បំផុត រដ្ឋាភិបាល​ត្រូវ​ដោះលែង លោក​កឹម សុខា និង​អនុញ្ញាត​ឲ្យ​អតីតគណ​បក្ស​សង្គ្រោះ​ជាតិ ដំណើការ​ឡើងវិញ​៕

 ពាក្យគន្លឹះ  ពន្ធEBAកម្ពុជា

ព័ត៌មានផ្សេងទៀត