អាមេរិក​បង្ហាញ​​ផែនការ​​​បញ្ជូន​ទ័ព​១២​ម៉ឺន​នាក់​​ទៅ​មជ្ឈិមបូព៌ា​

14-05-2019 4:33 pm 1110
  ស្តាប់
រូបភាពកងទ័ពអាមេរិក
ស្តាប់ជាសំឡេង

​នៅក្នុង​កិច្ចប្រជុំ​មួយ​របស់​ជំនួយការ​សន្ដិសុខ​ជាន់ខ្ពស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ក្នុង​សេត​វិមាន លោក​ផា​ទ្រី​ក សា​ណា​ហាន​រដ្ឋមន្ត្រី​ការពារជាតិ​ស្ដីទី​អាមេរិក បានលើកឡើង​ពី​ផែនការ​បញ្ជូន​ទ័ព​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ត្រៀម​ទប់ទល់​នឹង​អ៊ីរ៉ង់​។ បើតាម​ការបញ្ជាក់​ពី​សេត​វិមាន គម្រោង​នេះ​និយាយ​ពី​ការបញ្ជូន​ទ័ព​រហូតដល់​១២​ម៉ឺន​នាក់ ក្នុងករណី​ដែល​អ៊ីរ៉ង់​សម្រេច​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ ឬ​ចង់​បើក​ការវាយប្រហារ​លើ​កងកម្លាំង​អាមេរិក និង​សម្ព័ន្ធមិត្ដ​អាមេរិក​អាមេរិកក្នុង​តំបន់​នោះ​។​

​ផែនការ​ដែល​ត្រូវ​ចំណាយពេល​ជាច្រើន​សប្ដាហ៍​ឬ​ច្រើន​ខែ​ដើម្បី​បញ្ចប់​នេះ ត្រូវបាន​លើកមកបង្ហាញ​នៅមុខ​មន្ដ្រីជាន់ខ្ពស់​ជាច្រើនរូប ប៉ុន្ដែ​មិនទាន់​ដឹងថា​បានបង្ហាញ​ដល់​លោក​ប្រធានាធិបតីដូណា​ល់​ហើយឬ​យ៉ាងណាទេ​។ ទំហំ​កងទ័ព​នៅក្នុង​ផែនការ​ប្រហាក់​ប្រែល​នឹង​ទំហំ​ទ័ព ដែល​អាមេរិក​បាន​បញ្ជូន​ទៅធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​២០០៣​ដែរ​។ 

​ភាព​តានតឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់​បាន​ផ្ទុះឡើង​ខ្លាំង​ក្នុងពេល​ថ្មីៗ​នេះ ដោយ​អ៊ីរ៉ង់​បានប្រកាស​ដកចេញ​ការប្ដេជ្ញាចិត្ដមួយចំនួន ដែល​បាន​ឯកភាព​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​។ អ៊ីរ៉ង់​ក៏​ប្រកាស​អាច​នឹង​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ឡើងវិញ​ផងដែរ ជំរុញ​ឲ្យ​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​ជាថ្មី​។ កាលពី​សប្ដាហ៍​មុន​អាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង យន្ដហោះ​ទម្លាក់​គ្រាប់ ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា​ត្រៀម​ការពារ​ខ្លួន​ទុកជាមុន ទោះបី​អាមេរិក​អះអាងថា​គ្មាន​ចេតនា​ចង់​ធ្វើសង្គ្រាម​នឹង​អ៊ីរ៉ង់​ក៏ដោយ​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះដែ​រថា អ៊ីរ៉ង់​នឹងរង​ការឈឺចាប់​ដ៏​ធ្ងន់ធ្ងរ​បំផុត ប្រសិនបើ​មាន​ចេតនា​ចង់​វាយប្រហារ​ផលប្រយោជន៍​អាមេរិក​នៅក្នុង​តំបន់ ដូច​ព័ត៌មាន​ដែល​ទទួលបាន​មែន​។ លោក​ថា​លោក​បាន​ទទួលដំណឹង​នេះហើយ តែបើ​ពិត​ដូច​អ្វីដែល​លោក​បានលឺ​មែន នោះ​វា​គឺជា​កំហុស​ដ៏​អាក្រក់​មួយ​សម្រាប់​អ៊ីរ៉ង់​។ ប្រសិនបើ​គេ​ធ្វើ​រឿង​បែបនេះ​មែន គឺ​គេ​ខ្លួនឯង​ជា​អ្នកទទួលការ​ឈឺចាប់​បំផុត​៕

ព័ត៌មានផ្សេងទៀត