នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​៖ កម្ពុជា​-​នេ​ប៉ាល់ មាន​វប្បធម៌ អរិយធម៌​ស្រដៀង​គ្នា​

14-05-2019 4:29 pm 540

នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​នេះ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ខាត់​ហ្កា ប្រាសាទ សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី នេ​ប៉ាល់ ក្នុងឱកាស​ដែល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា​។ ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ បាន​លើកឡើង​ថា កម្ពុជា​-​នេ​ប៉ាល់ មាន  វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ប្រហាក់ប្រហែលគ្នា​។

​ក្នុង​កិច្ច​ជំនួប​នេះ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បានបញ្ជាក់ ពី​ស្ថានភាព​ទូទៅ​របស់​ប្រទេស​នេ​ប៉ាល់ ជាពិសេស ប្រទេស​នេ​ប៉ាល់ក៏មាន​ប្រព័ន្ធ​សភា​ពីរ​ថ្នាក់ ដូច​ប្រទេស​កម្ពុជា​ដែរ គឺ​សភា​តំណាង និង​រដ្ឋសភា​។ លោក​មាន​សេចក្តីសង្ឃឹម​ថា សភា​នៃ​ប្រទេស​ទាំង​ពីរ នឹង​ធ្វើ​ការទំនាក់ទំនង និង​ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ជាពិសេស​សភា​នៃ​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ក្រុម​មិត្តភាព​ទ្វេភាគី ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ និង​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។​

​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​រូបនេះ ក៏​បាន​រំលឹកថា ប្រទេស​ទាំង​ពីរ​មាន​ទំនាក់ទំនង​ការទូត ជាមួយនឹង​គ្នា​តាំងពី​យូរលង់​ណាស់​មកហើយ មាន​មូលដ្ឋាន​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ប្រហាក់ប្រហែលគ្នា​។ លោក​បន្ថែមថា លោក​ធ្លាប់បាន​ទៅ​ទស្សនកិច្ច នៅ​ខេត្ត​សៀមរាប ឃើញថា ប្រាសាទអង្គរវត្ត​មាន​លក្ខណៈ​ស្រដៀង​គ្នា ទៅ​នឹង​ប្រាសាទ​នានា នៅក្នុង​ប្រទេស​នេ​ប៉ាល់ ហើយ​ការប្រកប​របរ​អាជីវ​កម្ម​របស់​ប្រជាពលរដ្ឋ មាន​ភាពស្រដៀងគ្នា ប្រជាជន​មាន​ការ រួសរាយ​រាក់ទាក់ ជា​ពិសេស​ប្រទេស​ទាំង​ពីរ​មាន​ជំនឿ លើ​ព្រះពុទ្ធសាសនា​ដូចគ្នា​។ ទន្ទឹម​នឹង លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដែល​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ការផ្លាស់ប្ដូរ ហើយ​ធុរកិច្ច នៅ​ប្រទេស​កម្ពុជា​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​។

​យ៉ាងណាមិញ លោក សាយ ឈុំ បាន​សម្តែង​នូវ​ការស្វាគមន៍ យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់  និង​គណៈប្រតិភូ​ទាំងអស់ នៅលើ​ទឹកដី​កម្ពុជា​។ ដំណើរ​ទស្សនកិច្ច​នា​ឱកាស​នេះ មាន​សារៈសំខាន់ និង​បាន​រួមចំណែក​ដ៏​ធំធេង​ដល់​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ និង​នាំមក​នូវ​ឧត្តមប្រយោជន៍ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ទាំង​ពេល​បច្ចុប្បន្ន ក៏ដូចជា អនាគត​។​

​ប្រមុខរដ្ឋស្តីទី បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ពេញចិត្ត​ដោយ​បាន​មើលឃើញ​ពី​ការរីកចម្រើន​នៃ​ចំណង មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ​។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋា​ភិ​-​បាល​ប្រទេស​ទាំង​ពីរ បាន​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​។ កម្ពុជា​-​នេ​ប៉ាល់ បាន​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​ក្រប​ខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​វេទិកា​អន្តរជាតិ​។ ការគាំទ្រ​នេះ បាន​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការរួមចំណែក​ថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​ការអភិវឌ្ឍ នៅក្នុង​តំបន់ និង​អន្តរជាតិ​៕

 ពាក្យគន្លឹះ  កម្ពុជា_នេប៉ាល់

ព័ត៌មានផ្សេងទៀត