ថ្ងៃខាងមុខ កម្ពុជា​-​នេ​ប៉ា​ល់នឹង​មាន​ស្ថានទូត​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​

14-05-2019 2:11 pm 435

​ក្នុង​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ង​លោក ខេ​ភី សា​ម៉ា​អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ប្រមុខ​ដឹកនាំ​កំពូល នៃ​ប្រទេស​ទាំង​ពីរ បាន​បង្ហាញ​ក្តីសង្ឃឹម​ដូច​គ្នា​ថា កម្ពុជា​-​នេ​ប៉ាល់ នឹង​បើក​ស្ថានទូត​នា ពេលខាងមុខ​នេះ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឲ្យ​កាន់តែ​មាន​ភាព​រឹង​ម៉ាំ​។

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ថ្លែង​ប្រាប់​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ថា ប្រទេស​កម្ពុជា​-​នេ​ប៉ាល់ បាន​ផ្សារផ្ជាប់​ទំនាក់ទំនង​ទ្វេភាគី តាំងពី​ឆ្នាំ​១៩៦៤ មក​ម្លេះ ប៉ុន្តែ​មិន​ទាន់​មាន​ស្ថានទូត​ប្រចាំ​ប្រទេស​រៀងៗ​ខ្លួន​នៅឡើយ​។ ដូច្នេះ​សង្ឃឹមថា នៅពេល​អនាគត​កម្ពុជា​-​នេ​ប៉ាល់ អាច​ដាក់​ស្ថានទូត នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ទៅវិញទៅមក​បាន នៅពេលដែល មាន​កំណើន​ពាណិជ្ជកម្ម ដល់​កម្រិត​មួយ ដែល​អាច​ជំវុញ​នូវ​ការបង្កើន​នេះបាន​។​

​លោក កៅ គឹម ហួន បាន​បញ្ជាក់​ឲ្យដឹងថា «​លោក​រំពឹង​ថា ចង់ឃើញ​នូវ​ការបើក​ជំហាន​ទី​១ ស្ថាន​កុងស៊ុល​រវាង​ប្រទេស​ទាំង​ពីរ ក្រោយ​មក​អាច​បើក​ស្ថានទូត​រវាង ប្រទេស​ទាំង​ពីរ​នេះ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​នេះ​។ លោក​ចាត់ទុកថា ឥឡូវនេះ​យើង​បើក​សករាជ​ថ្មី នៃ​ប្រទេស​ទាំង​ពីរ អញ្ចឹង​យើង​ជំរុញ​គ្រប់​វិស័យ​ទាំងអស់ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ​ជា​ដើម​»​។​

​យ៉ាងណាមិញ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​នេ​ប៉ាល់ បាន​ឯកភាព​ទៅលើ​សំណើ ក៏​ដូច​ជា​យោបល់​របស់ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ទាំងអស់ ហើយ​ជា​ពិសេស​ទៀត​លោក​ចង់​ឃើញ​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​នេ​ប៉ាល់ និង​កម្ពុជា​នេះ ឲ្យ​សហការ​គ្នា​គ្រប់​កម្រិត គ្រប់​វិស័យ ដោយសារ​វប្បធម៌ នៃ​ប្រទេស​ទាំង​ពីរ​មានការ​ស្រដៀង​គ្នា​ជា​ច្រើន​៕

ព័ត៌មានផ្សេងទៀត