មន្ដ្រីជាន់ខ្ពស់​ចិន​ថា​ ​កូរ៉េខាងជើង​​បាញ់​មី​ស៊ី​ល​​ជាថ្មី​​មិនមែន​​អស់​ផ្លូវ​​ចរចា​ឡើយ​

14-05-2019 10:03 am 1654
  ស្តាប់
មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដកន្លងមក
ស្តាប់ជាសំឡេង

​មន្ដ្រីជាន់ខ្ពស់​របស់​ចិន​បាន​អះអាងថា នៅតែមាន​ផ្លូវ​អាច​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​តាមរយៈ​កិច្ចចរចា​បាន ទោះបីជា​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ពីរលើក​ថ្មីៗ​នេះ​ក៏ដោយ​។ កាលពី​ថ្ងៃទី​០៩​ឧសភា​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​លពីរ​គ្រាប់ ដែលជា​លើក​ទី​ពីរ​បន្ទាប់ពី​បាន​ធ្វើតេស្ដ​លើកទីមួយ​កាលពី​ថ្ងៃទី​០៤​ឧសភា ពោលគឺ​ក្នុងពេល​មិន​ដល់​មួយ​សប្ដាហ៍​ផង​។​

​ទីប្រឹក្សា​រដ្ឋ​ចិន​លោក​វ៉ាង យី បាន​និយាយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ថា ដំណើរការ​ដោះស្រាយបាន​ជាប់គាំង ហើយ​ភាពមិន​ទុកចិត្ដ​គ្នា​បានកើនឡើង​តាំងពី​កិច្ច​ជំនួប​លើក​ទីពីរ រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​នៅ​វៀតណាម​កាលពី​ខែ​កុម្ភៈ​។ តែ​យ៉ាងណាក៏ដោយ​កូរ៉េខាងជើង​នៅតែមាន​គោលបំណង​ចង់​សម្រេច​ឲ្យបាន ការរំលាយ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​។ 

​សម្រាប់​ភាគី​អាមេរិក​វិញ​ក៏​មិនទាន់​បោះបង់​គោលដៅ​ចរចា​ជាមួយ​កូរ៉េខាងជើង ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់គាំង​ដែរ​។ ដូច្នេះ​អាច​និយាយបានថា​ដំណោះស្រាយ​វិបត្ដិ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ នៅ​មិនទាន់​បាត់បង់​ទៅណា​ទេ វា​នៅតែ​ស្ថិតក្នុង​គ្រោងការ​នៃ​ការចរចា​តាមផ្លូវ​នយោបាយ​ដដែល​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​វ៉ាង នៅក្នុង​សេចក្ដីថ្លែងការណ៍​ក្រសួងការបរទេស​ចិន ទើប​ចេញ​នៅ​ថ្ងៃទី​១៤​ឧសភា​នេះ​។​

​ទាក់ទង​នឹង​ហេតុផល​សម្រាប់​ភាពទាល់ច្រក លោក​វ៉ាង​សង្កត់ធ្ងន់ថា មកពី​ភាគី​ទាំងពីរ​មិនទាន់​រកឃើញ​ផែនទី​បង្ហាញផ្លូវ​ប្រកប​ដោយ​ចីរភាព​សម្រាប់​ជា​ដំណោះស្រាយ​។ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​វិញ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ដែរថា លោក​មិន​ចាត់ទុក​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នៅពេលនេះ ជា​ការរំលោភបំពាន​លើ​ភាពជឿ​ទុកចិត្ដ​គ្នា​ឡើយ​៕

ព័ត៌មានផ្សេងទៀត