ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនិងលោកស៊ី ជីនពីងប្រធានាធិបតីចិន អាចនឹងជួបពិភាក្សាគ្នា ពាក់ព័ន្ធនឹងភាពជាប់គាំង នៃការចរចាបញ្ហាពាណិជ្ជកម្ម នៅខែក្រោយនេះនៅប្រទេសជប៉ុន។ ប្រធានាធិបតីនៃប្រទេស ដែលមានសេដ្ឋកិច្ចកំពូលលើលោកទាំងពីរ និងមេដឹកនាំប្រទេសដទៃមួយចំនួនទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំG20 ដែលរៀបចំធ្វើនៅក្នុងទីក្រុង Osaka ប្រទេសជប៉ុនរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ដល់២៩ខែមិថុនាឆ្នាំ២០១៩។ លោកស៊ីនិងលោកត្រាំ អាចនឹងឆ្លៀតយកឱកាសនេះ ជួបនិយាយពីភាពមិនទាន់ត្រូវរូវគ្នា លើបញ្ហាពាណិជ្ជកម្ម។ នេះបើតាមលោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន និយាយនៅថ្ងៃអាទិត្យ។ លោក Kudlowបានថ្លែងថា ប្រសិនបើអ្វីៗនៅមិនទាន់ច្បាស់ទេ គឺអាមេរិកនៅតែរក្សាការតំឡើងពន្ធលើទំនិញចិននាំចូលអាមេរិកដដែល។
ការបង្ហើបពីគម្រោងជួបគ្នា រវាងលោកត្រាំនិងលោកស៊ី ធ្វើឡើងក្រោយពីតំណាងចរចាភាគីទាំងពីរ បានបើកការចរចាអស់ជាច្រើនខែមកហើយ អំពី បញ្ហាពាណិជ្ជកម្ម តែនៅមិនទាន់អាចរកឃើញកិច្ចព្រមព្រៀងរួមមួយនៅឡើយ។ ការចរចាចុងក្រោយរយៈពេលពីរថ្ងៃ ទើបបានបិទបញ្ចប់កាលពីថ្ងៃសុក្រនៅអាមេរិក ហើយភាគីទាំងពីរគ្រោងជួបចរចាគ្នាជាថ្មីនៅក្នុងប្រទេសចិនវិញម្តង តែមិនទាន់កំណត់ពេលវេលាដើម្បីពិភាក្សានៅឡើយទេ៕