យុទ្ធនាការ​​ឃោសនាបោះឆ្នោត​​ក្រុមប្រឹក្សា​​អាណត្តិ​ទី​៣​​នឹង​ចាប់ផ្តើម​​ថ្ងៃទី​១៧ ឧសភា​​

13-05-2019 11:40 am 1924

​គណបក្សនយោបាយ​ចំនួន​៧ នឹង​បើក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៤ ខែ​ឧសភា គឺមាន​រយៈពេល​៨​ថ្ងៃ​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ 

បញ្ជី​ឈ្មោះ​ផ្លូវ​ការបោះឆ្នោត ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ មាន​អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​មុខតំណែង ចំនួន​ជាង​មួយ​ម៉ឺន​(១១.៥៧២)​នាក់ ដែល​គ្មាន​សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ដោយសារ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបាន​រំលាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​នាំឲ្យសមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ក្នុង​តំណែង​របស់ខ្លួន​ជាង​៥០០០​នាក់ អស់​សុពលភាព​ផ្លូវច្បាប់​។​

​តាម​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បញ្ជាក់ថា ការិយាល័យ​បោះឆ្នោត​សរុប គឺមាន​ចំនួន​២០៣ ការិយាល័យ​ទូទាំងប្រទេស​។ លោក​បន្តថា ចំនួន​អ្នកសង្កេតការណ៍​បោះឆ្នោតក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នេះ មាន​អង្គការ សមាគម​ក្នុងស្រុក​ប្រហែល​៧ ចូលរួម​សង្កេតការណ៍ តែ​គ្មាន​អ្នកសង្កេតការណ៍​អន្តរជាតិ​ទេ​។ លោក ក៏​ព្រមាន​ទុកជាមុន​ថា គ​.​ជ​.​ប មិន​អនុញ្ញាតឱ្យ​អង្គការ​សមាគម ដែល​មិន​ដាក់​អ្នកសង្កេតការណ៍ ចេញ​សេចក្ដីថ្លែងការណ៍​ឡើយ​។​

​ការឃោសនា​បោះឆ្នោតក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ មាន​រយៈពេល​៨​ថ្ងៃ​តែប៉ុណ្ណោះ ដែល​ខុសពី​អាណត្តិ​ទី​១ និង អាណត្តិ​ទី ២ មាន​រយៈពេល​១៥​ថ្ងៃ​។ គណបក្សនយោបាយ​ដែល​មានបំណង​ធ្វើ​ការហែក្បួន​ឃោសនាបោះឆ្នោត​ត្រូវ​ជូនដំណឹង​ទៅ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​ឱ្យបាន​យ៉ាងហោចណាស់​៣​ថ្ងៃមុន​ថ្ងៃ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​។​

​ការបោះឆ្នោត​អសកល​អាណត្តិ​ទី​៣​នេះ មាន​គណបក្សនយោបាយ​ចូលរួម​ចំនួន​៧ ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច ខែ្មរ​រួបរួម​ជាតិ យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង គណបក្ស​ខ្មែរ​សាធារណៈរដ្ឋ​។ ចំណែក អង្គ​បោះឆ្នោត​មាន​ចំនួន​ជាង​១​ម៉ឺន​១​ពាន់​៥​រយ​នាក់ ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​។​

​ការបោះឆ្នោត​នេះ ធ្វើឱ្យ​អ្នកឃ្លាំមើល​បញ្ហា​សង្គម និង កិច្ចការ​បោះឆ្នោត​សន្និដ្ឋាន​ជាមុន​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ស្ទើរតែ​ទាំងអស់ ឬ​ទាំងអស់​តែម្តង ពីព្រោះ​គណបក្ស​៦​ទៀត ដែល​ចូលរួម​បោះឆ្នោត មាន​អង្គ​បោះឆ្នោត​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​អាសនៈ​ទេ ឯ​ខ្លះទៀត គ្មាន​អង្គ​បោះឆ្នោត​សោះ សូម្បីតែ​១​។​

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិនមាន​សិទ្ធិ​ចូលរួម បានប្រកាស​ថ្កោលទោស​ការបោះឆ្នោត​នេះ និង​ចាត់ទុកថា ធ្វើឡើង​គ្រាន់តែ​ដើម្បី​បំភាន់​ភ្នែក​ពលរដ្ឋ និង​អន្តរជាតិ​ប៉ុណ្ណោះ​។ ឯ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្លាប់តែ​សកម្ម តាមដាន​រាល់​ការបោះឆ្នោត​កន្លងមក ក៏​មិនសូវ​ជា​អើពើ ចំពោះ​ការបោះឆ្នោត​អសកល​លើក​នេះដែរ​៕

ព័ត៌មានផ្សេងទៀត