កម្ពុជា​​និង​​ចិន​​សហការ​គ្នា​​ចាប់​​ចិន​​មួយ​ក្រុម​​ដែល​​គំរាម​​បង្ក​​​​វឹកវរ​​ដល់​​កម្ពុជា​​

13-05-2019 9:47 am 1166
រូបភាពក្នុងវីដេអូដែលចិនបង្ហោះគំរាម។

​ថ្មីៗ​នេះ មាន​ចិន​មួយក្រុម បាន​បង្ហោះ​សារ​ជា​វីដេអូ គំរាម​បង្ក​ភាពវឹកវ​រដល់​តំបន់​ទេសចរណ៍​របស់​កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុ​។​ការ​គំរាម​នេះ បាន​បង្ក​ជា​ភាព​ភ្ញាក់ផ្អើល​ពី​ពលរដ្ឋ​មួយចំនួន​។​បច្ចុប្បន្ន អាជ្ញាធរ​របស់​កម្ពុជា និង ស្ថានទូត​នៃ​ប្រទេស​ចិន បានចេញ​បញ្ជា​ឱ្យ​តាម​វែកមុខ​ជន​ជាតិចិន​មួយក្រុម​នោះ ដើម្បី​បើក​ការស៊ើបអង្កេត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។

​ភ្លាមៗ​បន្ទាប់ពី​មាន​ជនជាតិ​ចិន​មួយក្រុម បង្ហោះ​វីដេអូ​ស្រែក​គំរាម​បង្ក​ភាពវឹកវ​រដល់​តំបន់​ទេសចរណ៍​របស់​កម្ពុជា​មក ប្រតិកម្ម និង វិធានការ​ របស់​អាជ្ញា​ធរបាន​ដាក់ចេញ​ជា​បន្តបន្ទាប់ ដើម្បី​តាម​ចាប់ខ្លួន​ចិន​មួយក្រុម​នោះ យកមក​ស៊ើបអង្កេត​ស្វែងរក​ការពិត​។​

​អាជ្ញាធរ​កម្ពុជា តាមរយៈ​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ បើក​ប្រតិបត្តិការ​យ៉ាង​ក្ដៅគគុក ស្វែងរក​ចាប់ខ្លួន ជនជាតិ​ចិន​មួយក្រុម​នោះ​។​ជា​ប្រតិបត្តិការ​ដោយមាន​បញ្ជា​យ៉ាង​មឹង​ម៉ាត់​ពី​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។ មកដល់ពេលនេះ មិនទាន់​អាច​បញ្ជាក់​ច្បាស់​ថា ជនជាតិ​ចិន​បង្ហោះ​វីដេអូ​នោះ ស្នាក់នៅ ឬក៏​ធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ​នោះទេ ពោល​ស្ថិតនៅក្រោម​ការស្រាវជ្រាវ​នៅឡើយ​។ នេះ​បើតាម​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។​

​រីឯ​ស្ថានទូត​ចិន​នៅ​កម្ពុជា​វិញ តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក បានចាត់ទុក​ការ​បង្ហោះ​វីដេអូ​ន​របស់​ជនជាតិ​ខ្លួន​នេះ​ថា កំពុង​បំពុល​ដល់​សន្តិសុខ​តំបន់​ទេសចរណ៍​របស់​កម្ពុជា ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ​។​ស្ថានទូត​ចិន អះអាងថា ខ្លួន​បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​បញ្ហា​នេះ និង បាន​ជួយ​សម្របសម្រួល ដល់​សមត្ថកិច្ច​នៃ​ប្រទេស​ចិន និង កម្ពុជា ដើម្បី​បើក​ការ​ស៊ើប អង្កេត​ឱ្យបាន គ្រប់ ជ្រុងជ្រោយ លើ​បញ្ហា​មួយ​នេះ​។ ទូត​ចិន ជឿជាក់ថា ការពិត​នៃ​បញ្ហា​នេះ នឹង​ត្រូវបាន​លាតត្រដាង​ក្នុងពេល​ឆាប់ៗ​។​

​ជាមួយគ្នានេះ សមាគម​សារព័ត៌មាន កម្ពុជា​-​ចិន នៅ​ទី​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៣ ឧសភា​នេះ បានចេញ​ថ្កោលទោស ចំពោះ​វីដេអូ​ជនជាតិ​ចិន​ដែល​គំរាម​ដល់​កម្ពុជា ហើយ​សង្ស័យថា ចិន​ទាំងនោះ​ពាក់ព័ន្ធ​នឹង​ពួក​សង្គមងងឹត​។ សមាគម​សារព័ត៌មាន កម្ពុជា​-​ចិន សង្ឃឹមថា សមត្ថកិច្ច​ចិន និង កម្ពុជា ធ្វើ​ការស្រាវជ្រាវ និង បំបែក​ករណីនេះ​បាន​យ៉ាង​ឆាប់រហ័ស​បំផុត​។​

​គួរ​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ បុរស​ជាង​ដប់​នាក់ ដែល​ហៅ​ខ្លួនឯង ជា​ជន​ជាតិចិន​មកពី​ទីក្រុង ឆុង​ឆី​ង  chongqing បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​សង្គម ងងឹត និយាយ​យ៉ាង​ក្អេងក្អាង​ថា នឹង​បំពុល​ដល់​សន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​។ ការ​គំរាម​នេះ​បង្ក​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​សម្តែង​ពី​ក្តីបារម្ភ ខណៈដែល​ខេត្ត​ជាប់មាត់​សមុទ្យ​មួយនេះ កំពុងតែ​ផ្ទុះ​នូវ​បទល្មើស​ថ្មីៗ​បង្កឡើង​ដោយ​ជន​ជាតិចិន​៕


 ពាក្យគន្លឹះ  កម្ពុជាចិន

ព័ត៌មានផ្សេងទៀត