ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណជាច្រើននាក់ បានសម្រុកចូលក្នុងសណ្ឋាគារលំដាប់ផ្កាយប្រាំ Pearl Continental ស្ថិតនៅភាគនិរតីនៃទីក្រុងកំពង់ផែ Gwadar នៃប្រទេសប៉ាគីស្ថាន ដោយបានបាញ់សម្លាប់អ្នកយាមម្នាក់ឲ្យស្លាប់បាត់បង់ជីវិត និងមនុស្ស២នាក់ទៀតរបួស។ ហេតុការណ៍ដែលកើតឡើងកាលពីថ្ងៃសៅរ៍នេះ មានការបាញ់តបតគ្នាទៅវិញទៅមក រវាងកងកម្លាំងសន្តិសុខនិងពួកខ្មាន់កាំភ្លើងផងដែរ ដោយកងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ខ្មាន់កាំភ្លើង៣នាក់។ ដោយឡែក ភ្ញៀវនៅក្នុងសណ្ឋាគារភាគច្រើន ត្រូវបានគេជម្លៀសចេញ។
ពាក់ព័ន្ធនឹងការបាញ់ប្រហារនេះ កងទ័ពរំដោះតំបន់Balochistan ដែលជាក្រុមប្រយុទ្ធប្រឆាំង ដើម្បីទាមទារស្វ័យភាព បានប្រកាសថា ជាថ្វីដៃរបស់គ្នីគ្នាពួកគេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះបានអះអាងថា ការវាយប្រហារគឺ សំដៅលើអ្នកវិនិយោគិនជនជាតិចិននិងជនបរទេសផ្សេងទៀត ដែលមកអភិវឌ្ឍ នាំយកប្រយោជន៍ចេញពីតំបន់នេះ។
Gwadar គឺជាកំពង់ផែយុទ្ធសាស្ត្រមួយ ស្ថិតនៅលើសមុទ្រ Arabian ដែលកំពុងត្រូវបានអភិវឌ្ឍ ជាផ្នែកមួយនៃរបៀងសេដ្ឋកិច្ចប្រទេសប៉ាគីស្ថាន និងដែលជាផ្នែកមួយ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវមួយនិងខ្សែក្រវ៉ាត់មួយរបស់ចិន។ នៅក្នុងសណ្ឋាគារដ៏ប្រណិត ដែលរងនូវការវាយប្រហារនេះ ភាគច្រើនជនបរទេសស្នាក់នៅ ហើយនៅក្នុងនោះ ក៏មានបុគ្គលិកជនជាតិចិន ដែលធ្វើការងារនៅក្នុងគម្រោង ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនផងដែរ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារនេះ និងថាជាការប៉ុនប៉ង ដើម្បីបំផ្លិចបំផ្លាញគម្រោងសេដ្ឋកិច្ចនិងភាពរុងរឿង។ ចំណែកឯស្ថានទូតចិន នៅក្នុងទីក្រុងអ៊ីស្លាមបាត ក៏បានចេញមកថ្កោលទោស ចំពោះការវាយប្រហារនេះដែរ។
សូមបញ្ជាក់ថាមុនផ្ទុះការវាយប្រហារនេះ គឺកងកម្លាំងសន្តិសុខត្រូវបានគេបញ្ជាឲ្យប្រុងជើងការទុករួចទៅហើយ ដើម្បីត្រៀមបង្ក្រាបសកម្មភាពអសន្តិសុខ នៅអំឡុងពិធីបុណ្យRamadan របស់អ្នកកាន់សាសនាអ៊ីស្លាម ដែលចាប់ផ្តើមនៅដើមខែឧសភានេះ។ ព្រោះតែក្រុមសកម្មប្រយុទ្ធ តែងឆ្លៀតយកឱកាសនេះ បង្កចលាចលនៅក្នុងប្រទេស៕