លោក​សម រង្ស៊ី​៖ លោក​ហ៊ុន សែន​កំពុង​ភ័យ​ស្លន់ស្លោ​ពី​ការវិល​ចូល​ស្រុក​របស់​លោក​

11-05-2019 3:01 pm 2410
  ស្តាប់
ស្តាប់ជាសំឡេង

​លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ បាន​បញ្ចេញ​សារ​ឆ្លងឆ្លើយ​ជាមួយនឹង​ការប្រកាស​ណែនាំ​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​កាន់អំណាច ឱ្យ​ចុះ​អប់រំ​ពលរដ្ឋ​អំពី​ផលវិបាក​នៃ​ការផ្តួលរំលំ​រដ្ឋាភិបាល​តាមរយៈ​គម្រោង​បដិវត្តន៍​ពណ៌ និង​គម្រោង​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ។ លោក​សម រង្ស៊ី បានសរសេរថា លោក​ហ៊ុន សែន កំពុង​ខ្លាច​ពី​ដំណឹង​ចូល​ស្រុក​ខ្មែរ​របស់​លោក ។ 
​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ីផា​ន ប្រាប់ថា សារ​របស់​លោក សម រង្ស៊ី នេះ គឺ​ធ្វើឡើង​ដើម្បី​គ្រាន់តែ​ចង់​រក្សា​តម្លៃ​ខ្លួន ចំពោះ​ការឆ្លើយតប​ពី​លោក​លោក​នាយករដ្ឋមន្ត្រី​ប៉ុណ្ណោះ ។ ចំណែក​លោក គិន ភា លើកឡើងថា សារ​របស់​រាជរដ្ឋាភិបាល គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​រុញ​លោក សម រង្ស៊ី ឱ្យ​ឋិត​នៅក្នុង​ទ្វេ​គ្រោះ​នយោបាយ ។ ឯ​លោក មាស នី បាន​ប្រៀបធៀប​សារ​ឆ្លងឆ្លើយ​រវាង​មេដឹកនាំ​ទាំងពីរ​នេះ ទៅ​នឹង​រឿង​តុក្កតា​ឆ្មា​ចាប់​កណ្តុរ ដែល​តួអង្គ​មួយ​ពូកែ​ខឹង ម្នាក់ទៀត ពូកែ​ខាង​ញោះ ។ 
​យ៉ាងណាក៏ដោយ ទាំង​លោក ផៃ ស៊ីផា​ន​, ទាំង​លោក គិន ភា និង​ទាំង​លោក មាស នី សុទ្ធតែ​បាន​លើកឡើង​ស្រដៀង​គ្នា​ថា លោក សម រង្ស៊ី នឹង​មិន​វិល​ចូល​ស្រុក​តាម​ការលើកឡើង​រប​ស់លោក​ឡើយ ...

​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា បាន​ផ្សាយ​សារ​ភ្ជាប់​នឹង​ពាក្យ​ក្រហម​ធំៗ នៅលើ​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ថា «​លោក ហ៊ុន សែន កំពុង​ភ័យ​ស្លន់ស្លោ ពី​ការវិលត្រឡប់​មក​កម្ពុ​ជា​វិញ របស់ សម រង្ស៊ី » ។​

​សារ​ជា​អក្សរ​ពណ៌​ក្រហម​នេះ ត្រូវបាន​លោក​ភ្ជាប់​ជាមួយ​នឹង​លិខិត​ណែនាំ​២​ប្រភេទ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៧ ខែ​ឧសភា អំពី​ការផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ ពី​គម្រោង​នៃ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី ។​

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់ថា រាជរដ្ឋាភិបាល​ពុំ​ដែល​យកចិត្តទុកដាក់​ទៅ​នឹង​លោក សម រង្ស៊ី ទេ ព្រោះ​លោក សម រង្ស៊ី ត្រូវបាន​ចាត់ទុក​ថា​ជា​បុគ្គល​ហួស​ពី​អ្នកនយោបាយ ។ លោក​បន្តថា ការលើកឡើង​របស់​លោក​សម រង្ស៊ី សំដៅទៅ​លោកនាយក​រដ្ឋមន្ត្រី​នោះ គឺ​ដោយសារតែ​លោក​សម រង្ស៊ី ចង់បាន ចង់​រក្សា​នូវ​តម្លៃ​ខ្លួន ចំពោះ​ការឆ្លើយតប​ពី​លោក​នាយករដ្ឋមន្ត្រី​តាម​បណ្តាញសារព័ត៌មាន ។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ អះអាងថា គម្រោង​ចូល​ស្រុក​ខ្មែរ​របស់​លោក សម រង្ស៊ី ដែល​ជារឿយៗ​បាន​ប្រកាស​នោះ គឺ​មិន​អាច​ទៅរួច​ទេ ។ លោក​ថា សារ​ប្រកាស​ចូល​ស្រុក​នេះ គឺ​គ្រាន់តែ​ជា​ល្បិច​ប្រមូល​យក​ការចាប់អារម្មណ៍​, ល្បិច​ប្រមូល​លុយ និង​គ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ​តែប៉ុណ្ណោះ​…
​សំឡេង​លោក ផៃ ស៊ីផា​ន ៖

​យ៉ាងណាក៏ដោយ នៅពេល​សួរ​បញ្ជាក់​អំពី​លិខិត​ណែនាំ​ថ្នាក់​មូលដ្ឋាន​របស់​រាជ​រដ្ឋាភិបាល ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា លោក​ផៃ ស៊ីផា​ន បាន​ប្រាប់ថា លោក​ពុំ​ទាន់​ទទួល​បាន​លិខិត​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ ដោយ​ឃើញ​ត្រឹមតែ​ជា​ការចែករំលែក​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ។​

​ទោះជា​យ៉ាងនេះក្តី លោក ផៃ ស៊ីផា​ន នៅ​តែ​បញ្ជាក់​ថា នៅក្នុង​អត្ថន័យ​របស់​លិខិត​ណែនាំ​នោះ គឺជា​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុង​ការថែរក្សា​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ទប់ស្កាត់​នូវ​រាល់​ចលនា​ដែល​ប្រឆាំង​នឹង​ច្បាប់​នៅ​កម្ពុជា​…
​សំឡេង​លោក ផៃ ស៊ីផា​ន ៖

​កាលពី​ថ្ងៃ​ទី​៧ ខែ​ឧសភា លិខិត​ណែនាំ​ចំនួន​ពីរ​ច្បាប់​ត្រូវបាន​បែកធ្លាយ​មកដល់​ដៃ​អ្នកសារព័ត៌មាន ដែល​មួយ​ច្បាប់​បង្ហាញ​ក្នុងនាម​រាជរដ្ឋាភិបាល និង​មួយទៀត ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។​

​លិខិត​ទាំងនោះ គឺ​លោក​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ ចុះ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​អំពី​ផលវិបាក​នៃ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​តាមរយៈ​បដិវត្តន៍​ពណ៌ និង​ការវិលត្រឡប់​មក​កម្ពុ​ជា​វិញ​របស់​លោក​សម រង្ស៊ី ដែល​ជា​សកម្មភាព​ខុស​ច្បាប់ ។​

​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកវិភាគ បាន​ពន្យល់ថា ចំពោះ​លិខិត​ណែនាំ​ចំនួន​ពីរ ដែល​បែកធ្លាយ​នោះ គឺ​មាន​ទិដ្ឋភាព​ពីរ ។ លោក​ថា ទីមួយ ជាក់ស្តែង​គឺជា​ការ​ណែនាំ​ទៅ​ដល់​ពល​រដ្ឋ​ឱ្យ​ស្វែងយល់​ពី​ផលវិបាក​កើតចេញពី​បដិវត្តន៍​ពណ៌ ដែល​អាច​កើតមាន​ជាយថាហេតុ​នៅ​កម្ពុជា ។​

​ឯ​ចំណុច​ទី​ពីរ លិខិត​នោះ គឺ​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​បង្ហាញថា តើ​លោក​សម រង្ស៊ី ហ៊ាន​ចូល​ស្រុក​ឬ​អត់ ដែល​នេះ​ជាការ​រុញ​លោក សម រង្ស៊ី ឱ្យ​ឋិត​នៅក្នុង​ទ្វេ​គ្រោះ​នយោបាយ​…
​សំឡេង​លោក គិន ភា ៖

​អ្នកវិភាគ​រូបនេះ​អះអាងថា លោក សម រង្ស៊ី គឺ​ពិតជា​មិន​ចូល​ស្រុក​ខ្មែរ​វិញ តាម​ការលើកឡើង​ជា​បន្តបន្ទាប់​របស់លោ​ក​នោះទេ ។ លោក​បាន​សម្អាង​ទៅលើ​បី​ចំណុច ទី​មួយ​គឺ​ដោយសារ លោក សម រង្ស៊ី ត្រូវបាន​ទទួល​ការកាត់ក្តី​ពី​តុលាការ​រាប់សិប​ករណី ដែល​សុទ្ធតែ​ជា​សាលក្រម​ស្ថាពរ ហើយ​រាល់​ការវិល​ចូល​ស្រុក​វិញ ជាទូទៅ ទាល់តែ​មាន​ការ​បើកភ្លើង​ខៀវ​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ឬ​មាន​ការលើកលែង​ទោស​ពី​សំណាក់​អង្គ​ព្រះមហាក្សត្រ ។​

​ទី​ពីរ ប្រជាពលរដ្ឋ​មិន​ចាប់អារម្មណ៍​ច្រើន​ទៅលើ​ការវិល​ចូល​ស្រុក​ខ្មែរ​វិញ​របស់​លោក សម រង្ស៊ី ទេ ហើយ​ចំណុច​ទី​បី គឺ​បញ្ហា​បែកបាក់​ផ្ទៃក្នុង​បក្ស ដែល​និន្នាការ​មួយ​មិន​ចង់​ឱ្យ​លោក​សម រង្ស៊ី ចូល​ស្រុក ឯ​និន្នាការ​មួយទៀត គឺ​មិន​ចង់​ឱ្យ​លោក​កឹម សុខា ចេញពី​ពន្ធនាគារ ។ មួយ​ផ្សេង​ទៀត ចំពោះ​ការគាំទ្រ​ពី​អន្តរជាតិ គេ​ក៏​មិន​ចាប់​អារម្មណ៍​ចំពោះ​លោក សម រង្ស៊ី ទៀត​ដែរ ។​

​យ៉ាងណាក៏ដោយ លោក​គិតថា ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​ត្រៀមលក្ខណៈ​គ្រប់​លទ្ធភាព​ទាំងអស់ ទោះបី​លោក សម រង្ស៊ី ចូល​ស្រុក​ក៏​ស្វាគមន៍ មិន​ចូល​ក៏​ស្វាគមន៍ ។​

​យ៉ាងណាម៉ិញ លោក មាស នី អ្នកវិភាគ​និង​តាមដាន​សង្គម បានចាត់ទុក​សារ​ឆ្លងឆ្លើយ​រវាង​លោក​សម រង្ស៊ី និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រៀប​ដូច​ទៅ​នឹង​រឿង​តុក្កតា​ឆ្មា​ចាប់​កណ្តុរ ។ លោក​ប្រាប់​ថា តួអង្គ​រវាង​មេដឹកនាំ​ទាំងពីរ គឺ​ម្នាក់​ពូកែ​ខឹង ហើយ​ម្នាក់ទៀត ពូកែ​ខាង​ញោះ ។ 

​ទោះយ៉ាងណា លោក​ប្រាប់​ថា ចំពោះ​សារ​ណែនាំ​មន្ត្រី​មូលដ្ឋាន​ឱ្យ​ពង្រឹង​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន ដែល​បាន​បែកធ្លាយ​នា​ពេល​ថ្មីៗ​នេះ គឺ​បាន​បង្ហាញ​អំពី​ការព្រួយបារម្ភ​របស់​គ​ណ​បក្ស​កាន់​អំណាច ពិសេស​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិនមែន​អត់​សោះ​នោះ​ឡើយ ។​

​លោក​បញ្ជាក់ថា ការអប់រំ​អំពី​បដិវត្តន៍​ពណ៌​ទៅ​ដល់​ពលរដ្ឋ​ខ្មែរ គឺ​ពុំមែន​ជា​ការចាំបាច់​ទេ អ្វី​ដែល​សំខាន់ រដ្ឋាភិបាល​គួរតែ​វិល​មក​ដោះស្រាយ​ធ្វើ​ឱ្យបាន​ប្រសើរ​ឡើង​នូវ​យុត្តិធម៌​សង្គម ការគោរព​សិទ្ធិមនុស្ស​ជាដើម ដែល​ទាំងនេះ ជា​កត្តា​ធ្វើឱ្យ​សំឡេង​របស់​គណបក្សប្រឆាំង​នឹង​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ​…
​សំឡេង​លោក មាស នី ៖

​ស្រដៀង​ទៅ​នឹង​លោក គិន ភា ដែរ លោក​មាស នី បញ្ជាក់ថា លោក​នៅ​តែ​មើល​មិន​ឃើញ​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ​តាម​ការលើកឡើង​នា​ពេល​កន្លង​មក​ទេ ដោយ​លោក​ចាត់ទុកថា វា​គ្រាន់តែ​ជា​សារ​សង្គ្រាម​នយោបាយ​ប៉ុណ្ណោះ​…
​សំឡេង​លោក មាស នី ៖

ព័ត៌មានផ្សេងទៀត