អាមេរិក​​បង្កើន​​ទណ្ឌកម្ម​​លើ​​វេ​ណេ​ហ្ស៊ូ​អេ​ឡា​​ដើម្បី​ដាក់​សម្ពាធ​​លោក​ម៉ា​ឌូ​រ៉ូ​

11-05-2019 2:12 pm 1324
លោកដូណាល់ ត្រាំ(ឆ្វេង)​និងលោកនីកូឡាស ម៉ាឌូរ៉ូ

​រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​សុក្រ បាន​បន្ថែម​ទណ្ឌកម្ម​លើ​វេ​ណេ​ហ្ស៊ូ​អេ​ឡា គឺ​ដាក់​លើ​វិស័យ​ការពារជាតិ​និង​សេវា​សន្ដិសុខ ដើម្បី​រឹតបន្ដឹង​សេដ្ឋកិច្ច​ប្រទេស​នេះ ជា​គំនាប​កាន់តែខ្លាំង​លើ​លោក​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ​។ សេត​វិមាន​ចង់​បង្ហាញថា សន្ទុះ​ក្នុង​យុទ្ធនាការ​រយៈពេល​បួន​ខែ​របស់​អាមេរិក​ដើម្បី​ប្រឆាំង​លោក​ម៉ា​ឌូ​រ៉ូ មិនបាន​ថយចុះ​ទេ​ជាពិសេស​បន្ទាប់ពី​ការបះ​បោរ​ត្រូវ​បរាជ័យ​កាលពី​សប្ដាហ៍​មុន​។ មេដឹកនាំ​បក្សប្រឆាំង​លោក​ជូ​អាន ហ្គៃ​ដូ​កាលពី​សប្ដាហ៍​មុន បាន​ដឹកនាំ​ចលនា​បះបោរ​មួយ​ដើម្បី​ប្រឆាំង​និង​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ ស្ថិតក្រោម​ការគាំទ្រ​ពី​អាមេរិក​និង​បណ្ដា​រដ្ឋ​ជាច្រើន​ទៀត ប៉ុន្ដែ​យុទ្ធនាការ​នេះ​ត្រូវ​បរាជ័យ​។​

​លោក​ហ្គៃ​ដូ​ដែល​លោក​ម៉ា​ឌូ​រ៉ូ​ហៅថា​ជា​អាយ៉ង​របស់​អាមេរិក បាន​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​តែងតាំង​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​កាលពី​ខែ​មករា និង​អះអាងថា​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដែល​លោក​ម៉ា​ឌូ​រ៉ូ​ជាប់ជា​ប្រធានាធិបតីម្ដង​ទៀត ជា​ការបោះឆ្នោត​មិន​ស្របច្បាប់​។ លោក​បាន​កៀរគរ​អ្នកគាំទ្រ​ធ្វើបាតុកម្ម​ប្រឆាំង និង​ប្ដេជ្ញា​ដាច់ខាត​ត្រូវតែ​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង​ឲ្យបាន​។ ប៉ុន្ដែ​លោក​ម៉ា​ឌូ​រ៉ូ​ធ្លាប់​ប្រកាស​ដែរថា លោក​សុខចិត្ដ​លះបង់​ជីវិត​ដើម្បី​ការពារ​ប្រទេស ហើយ​លោក​ក៏​មិន​ចុះចេញ​ទៅណា​ដែរ ព្រោះ​លោក​ជា​ប្រធានាធិបតី​ស្របច្បាប់​៕

ព័ត៌មានផ្សេងទៀត