គ.ជ.ប ទិញទឹកខ្មៅលុបមិនជ្រះពីឥណ្ឌា៥៣០ដប

10-05-2019 7:14 pm 616

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាទិញទឹកខ្មៅ ជ្រលក់ម្រាមដៃលុបមិនជ្រះពីប្រទេសឥណ្ឌាចំនួន៥៣០ដប សម្រាប់ការបោះឆ្នោតជ្រើសរើសអាណត្តិទី៣ ឆ្នាំ២០១៩។ នេះបើតាមការឲ្យ​ដឹង​ពី​លោកឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប។ លោកឌឹម សុវណ្ណារុំ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែឧសភានេះ ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺគ.ជ.ប បានបញ្ជាទិញ​ពីប្រ​ទេស​ឥណ្ឌា ចំនួន៥៣០ដប ។ ជាបទពិសោធន៍ និងជាលទ្ធផលក្រោយពេលសាកល្បងបង្ហាញឲ្យឃើញ ថា ទឹកខ្មៅនេះពិតជាមានគុណភាពល្អ ដោយមិនអាចលាងជ្រះ ទោះបីជាបានប្រើទឹកលាងសម្អាតរហូត៥ ប្រភេទក៏​ដោយ។

ទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះនេះ ត្រូវបានក្រុមហ៊ុនធានាអះអាង ថា មានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពឡើយ ដោយផលិតពីសូលុយស្យុងប្រាក់នីត្រាត ដែលមានកំហាប់ប្រាក់ ប្រមាណ ២៥​ភាគ​រយ។ នៅថ្ងៃទី១០ ខែឧសភាននេះដែរ គ.ជ.ប ក៏បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ លើប្រធានបទ២ សំខា​ន់”ទី១ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ពាក្យបណ្តឹងពាក់ព័ន្ធនឹងការឃោ​ស​នាបោះឆ្នោត និងការបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ”។

លោកហ៊ីង ធីឫទិ្ធ បានមានប្រសាសន៍ ថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នឹងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ គឺមានរយៈពេល ៨ថ្ងៃតែប៉ុណ្ណោះ ខុសពី​អាណត្តិទី១ និងអាណត្តិទី២ ដែលមានរយៈពេល១៥ថ្ងៃ។ លោកថា គណបក្សនយោបាយ ដែលមានបំណងធ្វើការហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) យ៉ាងហោចណាស់ឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា។

ចំពោះការដាក់ពាក្យបណ្តឹង និងការដោះស្រាយពាក្យបណ្តឹងដែលជាប្រធានបទទី២ ឯកឧត្តមបានបញ្ជាក់ថា ជនណាក៏ដោយ ឬតំណាងមានសិទ្ធិដាក់ពាក្យបណ្តឹងចំពោះជន ឬគណបក្សនយោបាយ ដែលប្រព្រឹត្តអំពើ​ផ្ទុយពីច្បាប់បោះឆ្នោត។ ពាក្យបណ្តឹងត្រូវដាក់ទៅ គធ.ខប ក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃកើតហេតុ ឬប្តឹងទៅ គ.ជ.ប ក្នុងករណីមិនសុខចិត្តនឹងលិខិតជូនដំណឹង ឬសេចក្តីសម្រេចរបស់ គធ.ខប ក្នុងរយៈ​ពេល៣ថ្ងៃបន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹងបដិសេធ ឬសេចក្តីសម្រេចរបស់ គធ.ខប។

ជាចុងក្រោយ ពាក់ព័ន្ធនឹងការបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ គឺមានតំណាងគណបក្សនយោបាយ ចំនួន ៥រូប និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៥រូប បានចូលរួមធ្វើការសាក​ល្បង​ជ្រលក់​ម្រាមដៃចូលក្នុងដបទឹកខ្មៅ។ តាមលោកឌឹម សុវណ្ណារុំ បានឲ្យដឹង ថា គិតត្រឹមថ្ងៃទី១០ ខែឧសភា មានភ្នាក់ងារគណបក្សនយោបាយ ចំនួន៧០៤នាក់ និងអ្នកសង្កេតការណ៍ ចំនួន៦១៩នាក់ ដើម្បីចូលរួម​សង្កេត​មើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងជាសាក្សីនៃការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅ១៦ថ្ងៃ ទៀត គឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ៕

ព័ត៌មានផ្សេងទៀត