អាជ្ញាធរ​ប្តេជ្ញា​សម្អាត​សារធាតុ​ញៀន​នៅតាម​ក្លឹបកំសាន្ត​ឱ្យអស់​ក្នុងឆ្នាំ​២០១៩​

10-05-2019 4:13 pm 1659
  ស្តាប់
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេងក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។
ស្តាប់ជាសំឡេង

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃទី​១០ ឧសភា​នេះ បានប្រកាស​កំណត់​យក​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​លុបបំបាត់​គ្រឿងញៀន​នៅតាម​ក្លឹប​កំសាន្ត​នានា នៅ​ទូទាំងប្រទេស​កម្ពុជា​ឱ្យបាន​ទាំង​ស្រុង​។ ការប្រកាស​របស់លោក ស ខេង យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង តែងតាំង​មុខតំណែង​អភិបាល អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​។

«​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ដែល​ត្រូវ​លុបបំបាត់​ឱ្យ​អស់ទាំង​ស្រង់ នូវ​ការ​ចែកចាយ ឬ​ប្រើប្រាស់​សារធាតុ​ញៀន តាម​ក្លឹប​កំសាន្ត រាំង​កា​សាល ឬ​កន្លែង​សប្បាយ​នានា​»​។ នេះ​ជា​ការប្រកាស​របស់លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​បើតាម​លោក ស ខេង វិធានការ​បោះ​សម្អាត់​នៅ​ខាង​ក្នុងនេះ គឺ​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​គ្រឿងញៀន​ដោយ​ខុសច្បាប់​។​ហើយ​អាជ្ញាធរ ដែនដី មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ក្នុងការ​បំពេញការងារ​នេះ​ឱ្យមាន​គុណភាព​ប្រសិទ្ធភាព​។​

​ករណី​មាន​ក្លឹប រាំង​កា​សាល ឬ​ខារ៉ាអូខេ​ណា រង​ការបោះសម្អាត​ម្តង​ជា​ពីរដង​ហើយ តែ​នៅតែ​ប្រើប្រាស់​បន្តទៀត លោក ស ខេង បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ដែនដី ត្រូវតែ​បិទ​រាំង​កា​សាល ឬ​ក្លឹប​កំសាន្ត​នោះ​ចោល រួមទាំង​ធ្វើការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ទាំងអស់​។​ការធ្វើ​យ៉ាង​ដូច្នេះ​ទេ ដើម្បី​ការពារ​កុំឱ្យ​គ្រឿងញៀន​បំផ្លាញ់​ធនធានមនុស្ស​របស់​កម្ពុជា​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា បានប្រកាស​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ចាប់តាំងពី​ចុងឆ្នាំ​២០១៦​មក​។ ក្រោយ​ការប្រកាស​បើក​យុទ្ធនាការ​នោះ គេ​ឃើញថា ករណី​គ្រឿងញៀន​ត្រូវ​បង្ក្រាបបាន​យ៉ាងគំហុក​។​តួយ៉ាង​ដូច​កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​បាន​បង្ក្រាប​គ្រឿង​ញៀន​ដ៏​កក្រើក​កណ្តាល​ក្រុងភ្នំពេញ នា​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក និង ឃាត់​បាន​មនុស្ស​ជាង​៣០០​នាក់ រួម​ជាមួយនឹង គ្រឿងញៀន​៥០​គីឡូក្រាម ហើយ​ក្រោយមក​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក​របស់លោកឧ​ញ៉ា គិត ធាង ត្រូវបាន​អាជ្ញាធរ​ក្រុងភ្នំពេញ សម្រេច​បិទ​លែងឱ្យ​ដំណើរការ​។​

​យោងតាម​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ សមត្ថកិច្ច បានធ្វើការ​រឹបអូស​សារធាតុ​ញៀន​គ្រប់​ប្រភេទ បាន​ចំនួន​ជាង​៦០០​គីឡូក្រាម​។ បើតាម​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បង្ហាញថា ករណី​បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ មាន​ការថយចុះ ប៉ុន្តែ​ចំនួន​គ្រឿងញៀន​ដែល​ចាប់បាន​មាន​ការកើនឡើង​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ មូលហេតុ​ដែល​កើនឡើង គឺ​ដោយសារ​សមត្ថកិច្ច​បង្ក្រាប បាន​បទល្មើស​ធំៗ​ច្រើន ស្របពេល​ដែល​ស្ថានភាព​នៃ​ការជួញដូរ​គ្រឿងញៀន​ក្នុង​ពិភពលោក​នៅតែ​បន្ត​កើតមាន​៕

 

 ពាក្យគន្លឹះ  គ្រឿនញៀន

ព័ត៌មានផ្សេងទៀត