អាមេរិក​​ប្រកាស​​ដំឡើង​ពន្ធ​​២៥​ភាគរយ​​លើ​ទំនិញ​ចិន​​តម្លៃ​២០០​​ពាន់​លាន​ដុល្លារ​

10-05-2019 3:06 pm 915
  ស្តាប់
រូបភាព​តំណាង​អាមេរិក​​និងចិន
ស្តាប់ជាសំឡេង

​ការដំឡើង​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ សម្រេច​ដោយ​ប្រធានា​ធិបតិ​អាមេរិក​លោក​ដូណាល់ ត្រាំ ត្រូវ​ចូល​ជា​ធរមាន​ពី​ថ្ងៃទី​១០​ឧសភា​នេះហើយ ស្របពេល​ទីក្រុង​ប៉េកាំង​បានប្រកាសថា​នឹង​សងសឹក​។ ករណីនេះ​កំពុងមាន​ការព្រួយបារម្ភ​ពី​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​លើ​លោក​។ ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយថា ខ្លួន​សោកស្ដាយ​យ៉ាងខ្លាំង​ដែល​អាមេរិក​សម្រេចចិត្ដ​បែបនេះ​។ ចិន​ក៏​អាច​ចាត់វិធានការ​ឆ្លើយតប​ដែល​ចាំបាច់​បំផុត ដោយ​គ្មាន​ការស្ទាក់ស្ទើរ​ឡើយ​។​

​ការដំឡើង​ពន្ធ​នេះ​ធ្វើឡើង​ចន្លោះពេល​កិច្ចចរចា​រយៈពេល​ពីរ​ថ្ងៃ រវាង​មន្ដ្រី​តំណាង​អាមេរិក​និង​មន្ដ្រី​តំណាង​ចិន​កំពុង​ប្រព្រឹត្ដទៅ ដើម្បី​ព្យាយាម​ស្វែងរក​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​១០​ខែ​។ ឧបនាយករដ្ឋមន្ដ្រី​ចិន​លោក​Liu He រួមជាមួយ​តំណាង​ផ្នែក​ពាណិជ្ជកម្ម​អាមេរិក​លោក​Robert Lighthizer និង​រដ្ឋមន្ដ្រី​រតនាគា​រ​អាមេរិក​លោក​Steven Mnuchin បាន​ពិភាក្សាគ្នា​រយៈពេល​៩០​នាទី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ត្រូវ​បន្ដ​ពិភាក្សាគ្នា​ទៀត​នៅ​ថ្ងៃ​សុក្រ​។ 

​ក្រសួងពាណិជ្ជកម្ម​ចិន​និយាយថា ការចរចា​កំពុង​បន្ដ​ហើយក៏​សង្ឃឹម​អាមេរិក​អាចបំពេញ​នូវ​ការទាមទារ​របស់​ចិន​បាន​ពាក់កណ្ដាល ដើម្បី​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ដោះស្រាយ​បញ្ហា​ជាប់គាំង តាមរយៈ​កិច្ចសហប្រតិបត្ដិការ​និង​ការពិគ្រោះ​យោបល់​ទៅវិញទៅមក​។ ប៉ុន្ដែ​ដោយ​គ្មាន​សកម្មភាព​ណាមួយ​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ស្របពេល​កិច្ចពិភាក្សា​ឈានចូល​ដល់​ថ្ងៃទី​ពីរ ទីភ្នាក់ងារ​គយ​និង​កិច្ចការពារ​ព្រំដែន​របស់​អាមេរិក ក៏​ដំឡើង​ពន្ធ​ថ្មី​២៥​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​តែម្ដង​។​

​ពន្ធ​ថ្មី​ចាប់ផ្ដើម​មាន​ប្រសិទ្ធភាព​បន្ទាប់ពី​ម៉ោង​១២​និង​០១​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ​ទី​១០​ឧសភា​។ ពន្ធ​២៥​ភាគរយ​នេះ​កើនឡើង​ពី​ចំនួន​១០​ភាគរយ ដែល​អាមេរិក​បាន​ដំឡើង​លើ​ទំនិញ​ចិន​រួចមកហើយ​។ ទំនិញ​ចិន​ចំនួន​ជាង​៥,៧០០​ប្រភេទ​នឹងរង​ផលប៉ះពាល់​បន្ទាប់ពី​ការដំឡើង​ពន្ធ​។ លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ដែរថា មិនយូរ​ទេ​លោក​អាច​នឹង​ណែនាំ​ឲ្យ​ដំឡើង​ពន្ធ​២៥​ភាគរយ​ទៀត លើ​ទំនិញ​ចិន​ដែល​មានតម្លៃ​រហូតដល់​៣២៥​ពាន់​លាន​ដុល្លារ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត