អ្នក​ឈូសឆាយ រុក​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​!

10-05-2019 2:56 pm 737
  ស្តាប់
ស្តាប់ជាសំឡេង

​វិធានការ​និង​ណែនាំ​ទាំង​នោះ​រួមមាន​៖​បុគ្គល​ណា​ក៏​ដោយ​ក៏​ពុំ​មា​សិទ្ធិ​រុករាន​ដីព្រៃ​កាន់កាប់ និង​បែងចែក​ដី​នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ទេ ហើយ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ល្មើស​ច្បាប់​ដូចជា​ការ​ឈូសឆាយ​កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន ហ៊ុម​ព័ទ្ធ បែងចែក ដី​ព្រៃឈើ និង​ការដាំដុះ​ដំណាំ​លើ​ដី​សហគមន៍ ។​ព្រមទាំង​បញ្ឈប់ រាល់​សកម្មភាព​ទិញ​-​លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ​-​លក់​ដី​រដ្ឋ​ដោយ​ខុស​ច្បាប់​ក្នុង​តំបន់​សហគមន៍​តំបន់ការពារធម្មជាតិ និង​ក្នុង​តំបន់ការពារធម្មជាតិ​។ នេះ​ជា​វិធានការ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​បរិស្ថាន ដើម្បី​ទប់ស្កាត់​មិនឲ្យ​មាន​ការ​ឈូសឆា​យ កាប់ឆ្ការ ដុត​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ​។​

​វិធានការ​នោះ​ក៏​បានឲ្យ​មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវ​ដឹកនាំ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ដោយ​សហការ​ជាមួយរ​ដ្ឋ​បាល​ដែនដី​ក្នុង​ការអប់រំ ផ្សព្វផ្សាយ លិខិតបទដ្ឋាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​ដល់​មហាជន​ទូទៅ​ជាពិសេស​ប្រជា​សហគមន៍​មូលដ្ឋាន​។​ចំពោះ​អ្នក​ដែល​បាន​ទន្ទ្រាន​កាន់កាប់​ដី​ខុស​ច្បាប់​កន្លងមក​ត្រូវ​រុះរើ​ខ្ទម តង់ និង​សំណង់​អនាធិបតេយ្យ ត្រូវ​ប្រគល់​ដី​និង​ទីតាំង​មក​ឱ្យ​ក្រសួង​បរិស្ថាន​វិញ​ដោយ ឥត​លក្ខខណ្ឌ​បើ​ពុំនោះ​ទេ​ក្រសួង នឹង​ចាត់​វិធានការ​យ៉ាង​ម៉ឹងម៉ាត់​បំផុត និង​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស​ដូច​បាន​រៀបរាប់​ខាងលើ​ដោយ​ផ្អែក​លើ​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​ក្នុង​នោះ​ក្រសួង ក៏​បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត ធ្វើការ​ផ្សព្វផ្សាយ​ដំណឹង​នេះ ឱ្យបាន​ទូលំទូលាយ​ដល់​មហាជន និង​សហគមន៍​មូលដ្ឋាន​ដើម្បី​បង្កើន​ការយល់ដឹង​និង​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា ព្រមទាំង​ផ្តល់​កិច្ចសហការ​ក្នុង​ការអនុវត្ត​វិធានការ​ចាំបាច់ នានា​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕

ព័ត៌មានផ្សេងទៀត