អ្នកស្រី​រ៉ូ​ណា ស្មី​ត​ ចង់ឲ្យ​ប្រជាជន​កម្ពុជា​​ប្តូរវ​ប្បធ​ម៌នយោបាយ

10-05-2019 10:54 am 1529
  ស្តាប់
អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith)​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ
ស្តាប់ជាសំឡេង

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) បាន​ទទូច​ជំរុញ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ផ្លាស់ប្តូរ​វប្បធម៌​នយោបាយ​ទៅជា​កិច្ចសន្ទនា​មួយ ដែល​ផ្តោតលើ​បញ្ហា​ជាជាង​ផ្តោតលើ​បុគ្គល​។ លោកស្រី​អះអាងថា ការប្តូរ​វប្បធម៌​វប្បធម៌​នយោបាយ​នេះ ជា​វិធី​មួយ​ដែល​ធ្វើឲ្យឈាន​ទៅមុខ បង្កើត​មូលដ្ឋាន​រឹងមាំ​មួយ សម្រាប់​សន្តិភាព​យូរអង្វែង ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សម្រេចបាន​សិទ្ធិមនុស្ស​ទាំងអស់គ្នា​។​

​ក្នុង​កាលៈទេសៈ​នេះ អ្នកស្រី​រ៉ូ​ណា ស្មី​ត មើលឃើញថា វប្បធម៌​នយោបាយ​ថ្មី​មួយ ត្រូវមាន​ជា​ចាំបាច់​នៅ​ប្រទេស​កម្ពុជា ជា​វប្បធម៌​មួយ​ដែល​ផ្តោតលើ​កង្វល់​សម្រាប់​ប្រទេស និង​ប្រជាជន មិនមែន​ផ្តោតលើ​បុគ្គល​នោះទេ​។ អ្នកស្រី​លើកឡើងថា វប្បធម៌​នេះ ត្រូវ​ផ្តោតលើ​ការជជែក​ដេញដោល​ដោយ​ចំហ ក្នុងន័យ​ស្ថាបនា ពាក់ព័ន្ធ​នឹង​សំឡេង​ភាគច្រើន និង​ការបញ្ចេញ​ដោយ​សេរី​នូវ​មតិ​ផ្សេងៗ រាប់ទាំង​មតិផ្ទុយ​ផងដែរ​។​

​ប៉ុន្តែ​ដើម្បី​វប្បធម៌​ថ្មី​នេះ​កើតមាន​ពិតប្រាកដ​នៅក្នុង​សង្គម​កម្ពុជា អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ បាន​អំពាវនាវ​សាជាថ្មី​ម្តងទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា និង​ទម្លាក់ចោល​បទចោទប្រកាន់​ទាំងអស់​លើ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​។​

​តាម​ការពិត ការបង្កើតឲ្យមានវ​ប្ប​ធម៌​នយោបាយ​ថ្មី មិនមែន​ទាល់តែ​អ្នកស្រី​រ៉ូ​ណា ស្មី​ត លើកឡើង​ពេលនេះ​ទេ ក្រុម​អ្នកប្រជាធិបតេយ្យ​កណ្តាល​និយម​នៅ​កម្ពុជា ក៏​កំពុងនិយាយ​ពី​វប្បធម៌​នយោបាយ​ថ្មី​នេះដែរ តាមរយៈ​ការ​សាបព្រោះ​គំនិត​ទស្សនៈ​អហិង្សា ដើម្បី​បន្សាប​ឥទ្ធិពល​វប្បធម៌​ជេរប្រមាថ លាប​ពណ៌  ដោយ​ងាក​មកជា​ការសន្ទនា​មតិ រក​ដំណោះស្រាយ​ពី​បញ្ហា​ជាតិ ជាជាង​ការ​យកឈ្នះ​ចាញ់​គ្នា​រវាង​បុគ្គល និង​បុគ្គល​។

ប៉ុន្តែ​ដើម្បីឲ្យវ​ប្ប​ធម៌នេះ រីក​សុះសាយ ឲ្យ​ការសន្ទនា​ដោយ​ស្មើភាព រដ្ឋាភិបាល​កម្ពុជា ត្រូវ​ទម្លាក់ចោល​រាល់​បទ​ចោទ លើ​ក្រុមប្រឆាំង​ទាំងអស់ ជាពិសេស​ដោះលែង​លោកកឹម សុខា ដែល​ចំណុច​នេះ មិនមែន​គ្រាន់តែ​ជា​ការចង់បាន​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត តែ​ម្នាក់​នោះឡើយ​។ ព្រោះនេះ​ ជាចំណុច​ចាប់ផ្ដើម​ដ៏​សំខាន់​នៃ​ការដោះស្រាយ​វិបត្តិ​នយោបាយ និង​ជា​ពន្លក​នៃ​វប្បធម៌​ថ្មី​នៅ​កម្ពុជា​។ 

​អ្នកស្រី​រ៉ូ​ណា ស្មី​ត ថ្លែងថា បើ​រដ្ឋាភិបាល មិន​បែរ​ងាក​មក​កិច្ចសន្ទនា​មតិ​ដោយ​ស្មើភាព​ទេនោះ គឺ​មិនអាច​នាំ​កម្ពុជា​ទៅរក​ការពង្រឹង​សិទ្ធិ​នយោបាយ និង​លំហ​ប្រជាធិបតេយ្យ បានឡើយ​៕

 ពាក្យគន្លឹះ  អ្នកស្រីរ៉ូណាស្មីត

ព័ត៌មានផ្សេងទៀត