គ្រាប់​ដែល​​កូរ៉េខាងជើង​​បាញ់​​កាលពី​ថ្ងៃទី​០៩​​ឧសភា​​ជា​មី​ស៊ី​ល​​រយៈ​ចម្ងាយ​ខ្លី​

10-05-2019 9:53 am 472
មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដកន្លងមក

​កាលពី​រសៀល​ថ្ងៃទី​០៩​ឧសភា​នេះ កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​ចេញពី​តំបន់​ភាគ​ពាយព្យ​ឆ្ពោះទៅកាន់​តំបន់​ភាគ​ខាងកើត​ប្រទេស ដែល​ភ្លាមៗ​ពុំទាន់​ដឹងថា​ជា​គ្រាប់​អ្វី​ឲ្យ​ពិតប្រាកដ​ទេ មិនដឹងថា​ជា​កាំភ្លើង​ធំ​ឬ​ជា​មី​ស៊ី​ល​។ ប៉ុន្ដែ​ពេលនេះ​ត្រូវ​កំណត់​អត្ដ​សញ្ញាណ​បាន​ហើយ វា​ជា​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​ដែល​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​សាកល្បង​។ មី​ស៊ី​ល​ទាំងពីរ​គ្រាប់​បាន​បាញ់​កាលពី​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ម៉ោង​ក្នុង​តំបន់​ថ្ងៃទី​០៩​ឧសភា គឺជា​លើក​ទី​ពីរ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ដូចគ្នា​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​។​

​ជុំវិញ​ករណីនេះ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា គ្មាន​នរណាម្នាក់​សប្បាយចិត្ដ​ទេ​នៅពេលមាន​ការធ្វើ​តេស្ដ​មី​ស៊ី​ល ប៉ុន្ដែ​ទ្វារ​នៅតែ​បើក​ជានិច្ច​សម្រាប់​ចរចា​ជាមួយ​កូរ៉េខាងជើង​។ រីឯ​កូរ៉េខាងត្បូង​វិញ​បាន​លើកឡើងថា ការ​ធ្វើតេស្ដ​នេះ​គឺជា​ការព្រួយបារម្ភ​យ៉ាងខ្លាំង ហើយក៏​ប្រឆាំង​លោក​ដូណាល់ ត្រាំ​ដែរ​។ ក្រោយ​ការបាញ់​មី​ស៊ី​ល​អាមេរិក​មិន​បានបង្ហាញ​សញ្ញា​ណាមួយ ក្នុង​ការផ្លាស់ប្ដូរ​ទណ្ឌ​កម្ម​ដាក់​លើ​កូរ៉េ​កូរ៉េខាងជើង​ឡើយ​។​

​សូមបញ្ជាក់ថា កូរ៉េខាងជើង​ធ្លាប់​ប្រកាស​ជុំវិញ​ការ​ធ្វើតេស្ដ​មី​ស៊ី​ល​របស់ខ្លួន​ថ្មីៗ​នេះ​ថា គ្រាន់​ជា​ការហ្វឹកហាត់​ជាធម្មតា​របស់​កងទ័ព​ជា​យុទ្ធសាស្ដ្រ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ កូរ៉េខាងជើង​គ្មាន​ចេតនា​ធ្វើឲ្យ​ស្ថានការណ៍​ក្នុង​តំបន់​ចលាចល​ទេ ហើយ​កូរ៉េខាងជើង​ក៏​គ្មាន​គោលដៅ​បាញ់​គំរាម ឬ​សំដៅដាក់​ប្រទេស​ណាមួយ​ដែរ​៕

ព័ត៌មានផ្សេងទៀត