កាលពីរសៀលថ្ងៃទី០៩ឧសភានេះ កូរ៉េខាងជើងបានបាញ់គ្រាប់ចេញពីតំបន់ភាគពាយព្យឆ្ពោះទៅកាន់តំបន់ភាគខាងកើតប្រទេស ដែលភ្លាមៗពុំទាន់ដឹងថាជាគ្រាប់អ្វីឲ្យពិតប្រាកដទេ មិនដឹងថាជាកាំភ្លើងធំឬជាមីស៊ីល។ ប៉ុន្ដែពេលនេះត្រូវកំណត់អត្ដសញ្ញាណបានហើយ វាជាមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ដែលកូរ៉េខាងជើងបានធ្វើតេស្ដសាកល្បង។ មីស៊ីលទាំងពីរគ្រាប់បានបាញ់កាលពីម៉ោងប្រមាណ៤និង៣០នាទីម៉ោងក្នុងតំបន់ថ្ងៃទី០៩ឧសភា គឺជាលើកទីពីរបន្ទាប់ពីកូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លីដូចគ្នាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ជុំវិញករណីនេះប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបាននិយាយថា គ្មាននរណាម្នាក់សប្បាយចិត្ដទេនៅពេលមានការធ្វើតេស្ដមីស៊ីល ប៉ុន្ដែទ្វារនៅតែបើកជានិច្ចសម្រាប់ចរចាជាមួយកូរ៉េខាងជើង។ រីឯកូរ៉េខាងត្បូងវិញបានលើកឡើងថា ការធ្វើតេស្ដនេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង ហើយក៏ប្រឆាំងលោកដូណាល់ ត្រាំដែរ។ ក្រោយការបាញ់មីស៊ីលអាមេរិកមិនបានបង្ហាញសញ្ញាណាមួយ ក្នុងការផ្លាស់ប្ដូរទណ្ឌកម្មដាក់លើកូរ៉េកូរ៉េខាងជើងឡើយ។
សូមបញ្ជាក់ថា កូរ៉េខាងជើងធ្លាប់ប្រកាសជុំវិញការធ្វើតេស្ដមីស៊ីលរបស់ខ្លួនថ្មីៗនេះថា គ្រាន់ជាការហ្វឹកហាត់ជាធម្មតារបស់កងទ័ពជាយុទ្ធសាស្ដ្រការពារខ្លួនប៉ុណ្ណោះ។ កូរ៉េខាងជើងគ្មានចេតនាធ្វើឲ្យស្ថានការណ៍ក្នុងតំបន់ចលាចលទេ ហើយកូរ៉េខាងជើងក៏គ្មានគោលដៅបាញ់គំរាម ឬសំដៅដាក់ប្រទេសណាមួយដែរ៕