លោក​ហ៊ុន សែន បង្ហាញ​ក្តីបារម្ភ​ពី​ការប្រែប្រួល​សភាពការណ៍​តាម​មូលដ្ឋាន​

09-05-2019 8:39 pm 3633

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​លិខិត​ណែនាំ​ចុះ​ថ្ងៃទី​៧ ខែ​ឧសភា បាន​ណែនាំ​ដល់​ប្រធាន​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល​បក្ស ចុះ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​ទូទាំងប្រទេស ។​

​ក្នុង​លិខិត​នោះ លោក​បាន​សរសេរថា កន្លងមក លោក សម រង្ស៊ី បាន​ប្រកាស​ជា​បន្តបន្ទាប់​អំពី​គម្រោង​ផែនការ​វិលត្រឡប់​ចូល​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ដឹកនាំ «​ការធ្វើ​បដិវត្តន៍​ពណ៌​ជាថ្មី​» ដោយបាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ។​

​លោក​បញ្ជាក់ថា ការសម្រេច​វិលត្រឡប់ ឬ​មិន​ត្រឡប់​មក​កម្ពុជា​របស់​លោក សម រង្ស៊ី ក៏​ដូចជា​ការដឹកនាំ​ធ្វើ​បដិវត្តន៍​ពណ៌​បានសម្រេច ឬ​មិន​បាន​សម្រេច គឺ​មិន​ចំណុះ​ទៅ​លើ​មហិច្ឆិតា​របស់​លោក សម រង្ស៊ី ឡើយ កត្តា​សំខាន់​ជា​គន្លឹះ គឺ​អាស្រ័យ​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​ស្របច្បាប់ ដោយ​បាន​ទទួល​ការគាំទ្រ​រហូតដល់​៨៣,០២% ក្នុង​ការបោះឆ្នោត​ជាតិ​លើក​ទី​៦ កន្លងទៅ ។​

​ប្រមុខ​រាជរដ្ឋាភិបាល​បន្ត​ថា ដើម្បី​បន្ត​គ្រប់គ្រង​សភាពការណ៍​តាម​មូលដ្ឋាន​នានា​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត លោក​ស្នើឱ្យ​ក្រុមការងារ​ចុះ​ជួយ​រាជធានី ខេត្ត ដឹកនាំ ណែនាំ​ដល់​ក្រុមការងារ និង​គណបក្ស​គ្រប់​ថ្នាក់ សហការ​រៀបចំ​វេទិកា​សាធារណៈ​គ្រប់​ឃុំ សង្កាត់ ភូមិ ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន អំពី​ផលវិបាក​នៃ​ការផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ «​សកម្មភាព​បដិវត្តន៍​ពណ៌​» ដែល​ជា​សកម្មភាព​ខុស​ច្បាប់ និង​ការវិលត្រឡប់​មក​កម្ពុ​ជា​របស់​លោក សម រង្ស៊ី ដើម្បី​ដឹកនាំ​សកម្មភាព​ខុសច្បាប់​នេះ ៕

ព័ត៌មានផ្សេងទៀត