កម្ពុជា​ទទួល​សិទ្ធិ​​​នាំចេញ​ចេកអំបូង​លឿង​ទៅ​ទីផ្សារ​ចិន​ដោយ​ផ្ទាល់​

09-05-2019 7:14 pm 765
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា​បាន​ទទួល​ការអនុញ្ញាត​ជា​ផ្លូវការ នាំចេញ​ចេកអំបូង​លឿង​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ដោយផ្ទាល់ នៅ​ថ្ងៃ​ទី​៩ ឧសភា ។ ក្នុងនោះ ក្រុមហ៊ុន​ចំនួន​៥ ក្នុងចំណោម​១០​ក្រុមហ៊ុន​របស់​កម្ពុជា ដែល​ដាំ​ដុះ និង​វេច​ខ្ចប់​ចេកអំបូង​លឿង បាន​ទទួល​ការអនុញ្ញាត​នាំចេញ​ចេកអំបូង​លឿង​ស្រស់​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ...

​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​រាយការណ៍​ក្នុង​ពិធី​សម្ពោធ​ការនាំ​ចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​ឧសភា ថា ផលិតកម្ម​ចេកអំបូង​លឿង កំពុង​មាន​ទីផ្សារ​ខ្ពស់​នៅ​អន្តរជាតិ ហើយ​កម្ពុជា​កំពុង​រៀបចំ​ធ្វើ​ការនាំចេញ​ជា​បន្តបន្ទាប់ ចាប់ពី​ពេលនេះ​តទៅ ។​

​លោក​ក៏​បាន​បញ្ជាក់​អំពី​ដំណើរការ​នៃ​ការចរចា​ជាមួយ​ភាគី​ចិន ទៅ​លើ​នីតិវិធី បែបបទ ឯកសារ​ចាំបាច់​សំខាន់ៗ​ទាំង​ច្បាប់ និង​បច្ចេកទេស ពិសេស​ឯកសារ​អនាម័យ និង​ភូតគាម​អនាម័យ មុន​ឈានទៅ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៨ ស្តី​ពី​ការនាំចេញ​ចេក​ស្រស់​ទៅ​ទីផ្សារ​ចិន ។​

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកឡើង​ថា លទ្ធផល​នេះ មិន​អាច​កាត់ផ្តាច់​បាន​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អប្រសើរ រវាង​ភាគី​ទាំងពីរ​ក្នុង​ការចរចា ឧបត្ថម្ភ គាំទ្រ​ទាំង​ច្បាប់ និង​បច្ចេកទេស ពី​ភាគី​ចិន ធ្វើយ៉ាងណា ដើម្បី​នាំ​ផ្លែ​ចេក​ស្រស់​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​ចិន ។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្នុងចំណោម​១០​ក្រុមហ៊ុន ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​គោលការណ៍​អនុញ្ញាត​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ស្រស់ មាន​៥​ក្រុមហ៊ុន ដែល​គោរព​បាន​តាម​លក្ខខណ្ឌ​ច្បាប់ និង​បច្ចេកទេស ហើយ​អាច​នាំ​ចេញ​ចេក​ស្រស់់​ទៅ​កាន់​ទីផ្សារ​ចិន​ជា​លើកដំបូង បាន​ចំនួន​ជាង​១០០​តោន នៅថ្ងៃនេះ ៕

ព័ត៌មានផ្សេងទៀត