ជនជាតិ​ចិន​២៤១​នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ​

09-05-2019 6:34 pm 966
ជនជាតិដែលសមត្ថកិច្ចកម្ពុជា បង្រ្កាបបាននាពេលកន្លងមក ។

​គិត​ត្រឹម​៣​ខែ ដើមឆ្នាំ​២០១៩ ជនជាតិ​ចិន​ចំនួន​២៤១​នាក់ ត្រូវបាន​ឃាត់ខ្លួន លើ​ការបង្ក្រាប​បទល្មើស​ក្នុងប្រទេស​កម្ពុជា ខណៈ​វៀតណាម​ចំនួន​៤៩​នាក់​, ថៃ​២៦​នាក់​, កូរ៉េខាងត្បូង​៤​នាក់ និង​អាមេរិក​៣​នាក់ ។ នេះ​បើ​តាម​របាយការណ៍ ចុះផ្សាយ​នៅ​លើ​គេហទំព័រ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​៧ ខែ​ឧសភា ។​

​របាយការណ៍​បញ្ជាក់​ថា ជនបរទេស​ប្រព្រឹត្ត​បទល្មើស​លើ​១២​រាជធានី​-​ខេត្ត ទូទាំង​ប្រទេស មាន​ចំនួន​៨២​ករណី ដោយ​បាន​ឃាត់ខ្លួន​សរុប​៣៤១​នាក់ មាន​២០​សញ្ជាតិ លើ​២០​ប្រភេទ​បទល្មើស ក្នុងនោះ ជនជាតិ​ចិន គឺ​បាន​ប្រព្រឹត្ត​បទល្មើស​ឈរ​លើ​លំដាប់​លេខ​រៀង​ទី​១ ។​

​របាយការណ៍​ដដែល​បន្តថា បទល្មើស​ដែល​បង្កឡើង ភាគ​ច្រើន​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​, បៀតបៀន​ផ្លូវភេទ​, ការរៀប​ការខុសច្បាប់ និង​ការ​ស្នាក់នៅ​ហួស​ទិដ្ឋាការ​ជាដើម ខណៈ​ជនរងគ្រោះ​ជា​ជន​បរទេស​ភាគច្រើន ពួកគេ​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ ជំងឺ ធ្វើអត្តឃាត និង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ សរុប​ចំនួន​១៦៧​ករណី ក្នុងនោះ​រងគ្រោះ​សរុប​២១១​នាក់ មាន​៣៥​សញ្ជាតិ ៕

ព័ត៌មានផ្សេងទៀត