ក្រុមហ៊ុន​Amazon​​រង​ការចោទប្រកាន់ថា​​បណ្ដេញ​បុគ្គលិក​​មាន​ផ្ទៃពោះ​​ចេញពី​ការងារ​

09-05-2019 5:07 pm 326
រូបភាពក្នុងឃ្លាំងទំនិញក្រុមហ៊ុនAmazon

​ស្ដ្រី​ជនជាតិ​អាមេរិក​ម្នាក់​កំពុង​ប្ដឹង​ក្រុមហ៊ុន​Amazon ដោយ​ចោទប្រកាន់ថា​ក្រុមហ៊ុន​បាន​បណ្ដេញ​នាង​ចេញពី​ការងារ ដោយសារតែ​នាង​មាន​ផ្ទៃពោះ​។ ករណីនេះ​ធ្វើឲ្យ​មានសំណួរ​ជាច្រើន​ចោទសួ​រឡើង ពី​លក្ខខណ្ឌ​ការងារ​នៅក្នុង​ឃ្លាំង​ការងារ​របស់​ក្រុមហ៊ុន​។ យោងតាម​គេហទំព័រ​បច្ចេកវិទ្យា CNET ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​មួយ​នេះ បាន​ពាក់ព័ន្ធ​នឹង​ករណី​ស្រដៀង​គ្នា​ចំនួន​៧​ករណី​ក្នុង​រយៈពេល​៨​ឆ្នាំកន្លងមក គឺពាក់ព័ន្ធ​នឹង​ស្ដ្រីមាន​ផ្ទៃពោះ​។ ស្ដ្រី​ទាំងអស់​នោះបាន​ចោទថា​ក្រុមហ៊ុន​Amazon បរាជ័យ​ក្នុង​ការបំពេញ​តាម​តម្រូវការ​របស់​ពួកគេ​។​

​ជា​ការឆ្លើយតប​ក្រុមហ៊ុន​បាន​បកស្រាយ​ថា មិនដែល​បាន​បណ្ដេញ​បុគ្គលិក​មាន​ផ្ទៃពោះ​ចេញពី​ការងារ​ទេ​។ ក្រុមហ៊ុន​បាន​ប្រាប់​បណ្ដាញសារព័ត៌មាន​BBC​ថា វា​ជា​រឿង​មិន​ពិត​ទេ​ដែលថា​ក្រុមហ៊ុន​បណ្ដេញ​បុគ្គលិក​មាន​ផ្ទៃពោះ​ចេញពី​ការងារ​។ ក្រុមហ៊ុន​ផ្ដល់ឱកាស​ឲ្យ​បុគ្គលិក​ស្មើគ្នា​ទាំងអស់​។ សម្រាប់​បុគ្គលិក​ដែលមាន​ផ្ទៃពោះ ក្រុមហ៊ុន​បាន​ផ្ដល់ជូន​នូវ​តម្រូវ​វេជ្ជសាស្ដ្រ អត្ថប្រយោជន៍​សម្រាលកូន និង​ពេលវេលា​សម្រាក​ផងដែរ​។ តែ​យ៉ាងណាមិញ​ក្រុមហ៊ុន​មិនបាន​និយាយ​ពី​ករណី​ចោទប្រកាន់​ខាង​លើក​ទេ​៕​

ព័ត៌មានផ្សេងទៀត