កូរ៉េខាងជើង​​ចេញមុខ​​បកស្រាយ​​រឿង​បាញ់​​មី​ស៊ី​ល​​កាលពី​ថ្ងៃ​សៅរ៍​​សប្ដាហ៍​មុន​

09-05-2019 3:26 pm 550
  ស្តាប់
រូបភាព​ធ្វើតេស្ដមីស៊ីល​រយៈចម្ងាយខ្លី​របស់​កូរ៉េខាងជើង​កន្លងមក
ស្តាប់ជាសំឡេង

​បន្ទាប់ពី​ការធ្វើ​តេស្ដ​មី​ស៊ី​ល​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​កាលពី​សប្ដាហ៍​មុន កូរ៉េខាងជើង​បានចេញ​មុខ​បកស្រាយ​ថា នោះ​គ្រាន់​ជាការ​ធ្វើតេស្ដ​តាម​ទម្លាប់​នៃ​យុទ្ធសាស្ដ្រ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្រសួងការបរទេស​កូរ៉េខាងជើង​បញ្ជាក់ថា វា​ជាការ​ធ្វើតេស្ដ​ដោយ​យោធា​កូរ៉េខាងជើង ស្ថិតក្រោម​ការឃ្លាំមើល​ពី​លោក​គីម ជុង​អ៊ុន​ផងដែរ ប៉ុន្ដែ​ជា​ការហ្វឹកហាត់​តាម​ទម្លាប់​របស់​កងទ័ព គ្មាន​គោលដៅ​បាញ់​ដាក់​ភាគី​ណា​ម្នាក់​ឬ​តំបន់​ណាមួយ​ឡើយ​។ កូរ៉េខាងជើង​គ្មាន​ចេតនា​បង្កឲ្យមាន​ចលាចល​ដល់​ស្ថានភាព​ក្នុង​តំបន​ទេ​។​

​ការបាញ់​មី​ស៊ី​ល​យ៉ាង​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ធ្វើឡើង​បន្ទាប់ពី​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​គីម ជុង​អ៊ុន​ជាមួយ​លោក​ដូណាល់ ត្រាំ នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២៧-២៨​ខែ​កុម្ភៈ បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែល​កូរ៉េខាងជើង​ផ្អាក​ធ្វើតេស្ដ​មី​ស៊ី​ល ក្រោយ​បាន​ជួបចរចា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​ប្រធានាធិបតី​អាមេរិក​។ ជាង​មួយ​ឆ្នាំនេះ​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​ក៏ ស្ងប់ស្ងាត់ និង​មានរឿង​ល្អៗ​ជាច្រើ​បានកើតឡើង​ក្រោយ​លោក​គីម ជុង​អ៊ុន បាន​ព្រមព្រៀង​ជាមួយ​កូរ៉េខាងត្បូង​និង​អាមេរិក​។​

​ប៉ុន្ដែ​បញ្ហា​ជាប់គាំង​ធំ​បំផុត​បច្ចុប្បន្ន គឺ​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​សន្យា​ជាមួយ​កូរ៉េខាងត្បូង​និង​អាមេរិក ប៉ុន្ដែ​ដំណើរការ​រំលាយ​ដើរ​ទៅមុខ​យឺត​បំផុត​។ កូរ៉េខាងជើង​មិន​ពន្លឿន​ការរំលាយ​នុយក្លេអ៊ែរ ដោយសារ​អាមេរិក​មិន​ព្រម​ដក​ទណ្ឌកម្ម​ចេញ​ខ្លះ​។ កូរ៉េខាងជើង​ធ្លាប់​ប្រតិកម្ម​ថា​ប្រសិនបើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម កូរ៉េខាងជើង​ក៏​មិន​បំផ្លាញ​អាវុធ​នុយក្លេអ៊ែ​រដែរ​។ កូរ៉េខាងជើង​សង្កត់ធ្ងន់​ថាបើ​ស្ថានភាព​មិន​ស្រួល ខ្លួន​នឹង​វិល​ទៅ​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ដូចដើម​វិញ​៕

ព័ត៌មានផ្សេងទៀត