​លោកស្រី​រ៉ូ​ណា ស្មី​ត​​ស្នើឱ្យ​មាន​ការយកចិត្តទុកដាក់​បន្ថែម​​លើ​ជន​ខ្សោយសតិ​​

09-05-2019 3:19 pm 1704
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ស្នើឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់​ខ្ពស់ លើ​ការរស់នៅ​របស់​ជន​ខ្សោយ​សតិ ជនពិការ ជនអនាថា និង​ជន​ញៀន​គ្រឿងញៀន​នៅ​កម្ពុជា​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ឲ្យទទួល​បានកា​ររស់​នៅ​កាន់តែ​ប្រសើរ​ជាង​នេះ​។

​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ទទួលស្គាល់ថា រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការរស់នៅ​របស់​ជន​ខ្សោយ​សតិ ជនពិការ អនាថា និង​ជន​ញៀន​គ្រឿងញៀន​នៅ​កម្ពុជា​។ លោកស្រី​បាន​បន្តថា ជាក់ស្តែង​តាម​ការចុះពិនិត្យ​ស្ថានភាព ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដែល​កំពុងស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​(​ព្រៃ​ស្ពឺ​) និង​នៅ​មជ្ឃមណ្ឌល​បន្សាប​គ្រឿងញៀន គឺ​ឃើញថា មាន​ស្ថានភាព​ល្អប្រសើរ​ជាង​មុន​។​

​ការលើកឡើង​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត បាន​ធ្វើឡើង​នៅ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក វង សូ​ត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅ​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ នា​ទីស្តីការក្រសួង​សង្គមកិច្ច​។ ជាមួយគ្នា​នោះ​លោកស្រី រ៉ូ​ណា ស្មី​ត ក៏​បាន​ស្នើឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​យ​ក​ចិត្ត​ទុកដាក់​ខ្ពស់ លើ​ការរស់នៅ​របស់​ជន​ខ្សោយ​សតិ ជនពិការ ជនអនាថា និង​ជន​ញៀន​គ្រឿងញៀន​នៅ​កម្ពុជា​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ឲ្យទទួល​បានកា​ររស់​នៅ​កាន់តែ​ប្រសើរ​ជាង​នេះ​ផងដែរ​។​

​យ៉ាងណាមិញ​បើតាម លោក ម៉ែន សុ​ចិត្រ រដ្ឋលេខាធិការ​នៃ​ក្រសួង​សង្គមកិច្ច បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ជំនួប​ថា នៅក្នុង​ជំនួប​នេះ លោក វង សូ​ត និង​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ផ្តោត​សំខាន់​លើ​ចំណុចរួម​ចំនួន​២ ទី​១៖​គឺ​ស្ថានភាព ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដែល​កំពុងស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​(​ព្រៃ​ស្ពឺ​) និង​មួយទៀត គឺ​ការរស់នៅ​របស់​បងប្អូន​ញៀន​គ្រឿងញៀន នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​។​

​លោក វង សូត​បាន​គូសបញ្ជាក់​ប្រាប់​លោកស្រី រ៉ូ​ណា ស្មី​ត ថា ឆាប់ៗ​ខាងមុខនេះ ដោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្រសួង​សង្គមកិច្ច​នឹង​រៀបចំ​ឲ្យមាន​មណ្ឌល​វិបល្លាក​មួយនៅ​កំពង់​កន្ទាត ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល មណ្ឌល​នេះ នឹងដា​ក់ឲ្យដំណើរការ​នៅក្នុង​ខែមិថុនា ខាង​មុននេះ ដើម្បី​ដាក់ឲ្យ​បងប្អូន​ខ្សោយ​សតិ​រស់នៅ ហើយ​ទៅ​ថ្ងៃ​អនាគត​មណ្ឌល​ព្រៃ​ស្ពី គឺ​គ្រាន់តែ​ជា​មណ្ឌល​សំចត​សម្រាប់​បងប្អូន​អនាថា គ្មាន​ទីពឹង​មក​រស់នៅ​បាន បើ​ក្រសួង​សង្គមកិច្ច​ត្រួតពិនិត្យ​ឃើញថា ពួកគាត់​មាន​ក្រុមគ្រួសារ និង​មាន​បងប្អូន ក្រសួង​នឹង​បញ្ចូន​ពួកគាត់​ត្រលប់ទៅវិញ​។ ចំណែក​ពាក់ព័ន្ធ​នឹង ជន​ញៀន​គ្រឿងញៀន​វិញ រាជរដ្ឋាភិបាល​កម្ពុជា នឹង​បង្កើត​មណ្ឌល​ជាតិ​គ្រឿងញៀន​មួយ នៅ​ខេត្ត​ព្រះសីហនុ នៅ​ចុងឆ្នាំ​២០១៩ កន្លែង​បណ្តុះបណ្តាល​និង​បន្សាប​គ្រឿងញៀន ហើយ​បរិយាកាស​ល្អ រួម​នឹង​ការគ្រប់គ្រង​បាន​ល្អប្រសើរ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត