លោក​ឈុំ សុជាតិ​បញ្ជាក់ករណី​រកឃើញ​រំសេវ​ផ្ទុះ​នៅ​ខេត្ត​កំពង់ធំ

09-05-2019 2:13 pm 1249
  ស្តាប់
រំសេវដែលកម្លាំងសមត្ថកិច្ចប្រទះឃើញ
ស្តាប់ជាសំឡេង

​នាពេល​ថ្មីៗ​នេះ មាន​ការភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ប្រទះឃើញ រំសេវ​ជាច្រើន នៅក្នុង​ភូមិ​កំណប់ ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​។ ​ពាក់ព័ន្ធករណីនេះ លោក​ឈុំ សុជាតិ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បានបញ្ជាក់​នៅលើ​គណនី​ហ្វេ​សប៊ុក​របស់​លោកនា​រសៀល​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៩​នេះ​ថា ករណី​រកឃើញ​គ្រាប់រំសេវ​ជាច្រើន​នោះ មិនមែនជា​ភេរវកម្ម​ទេ​។ លោក​ចេញមក​បញ្ជាក់​បែបនេះ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​មាន​ការភាន់ច្រឡំ​។ យោងតាម​ព័ត៌មាន​បឋម​បានឲ្យដឹងថា រំ​សែ​វ​ទាំងនោះ គឺ​ក្រុមហ៊ុន​រុករក​រ៉ែ​ស្របច្បាប់​នៅ​តំបន់​នេះ បាន​នាំ​ចូលមក ដើម្បី​ប្រើប្រាស់​នៅក្នុង​ការ​បំផ្ទុះ​យក​រ៉ែ​របស់​ពួកគេ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឈុំ សុជាតិ​។​

​ជាមួយគ្នា​នោះដែរ​មន្ដ្រី នៃ​សាលា​ខេត្តកំពង់ធំ​មួយរូប បានបញ្ជាក់​បន្ថែមថា រំសេវ​ទាំងនេះ ត្រូវបាន​ក្រុមហ៊ុន​ថៃ​មួយ មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ត្រឹមត្រូវ នាំចូល​ដើម្បី​ទុក​ធ្វើ​អាជីវកម្ម​យក​រ៉ែ ប៉ុន្ដែ​ក្រោយមក​ក្រុមហ៊ុន​ថៃ បាន​ជួល​អាជីវកម្ម​ទាំងនេះ ទៅឲ្យ​ក្រុមហ៊ុនចិន​ធ្វើ​ម្ដង​។ មន្ត្រី​រូបនេះ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​Fresh News​ទៀតថា ក្រោយពី​ដំណើរការ​អាជីវកម្ម ក្រុមហ៊ុន​ទាំងពីរ​ទំនង​មាន​ជម្លោះ​ទាស់ទែង​គ្នា ទើប​ខាង​ក្រុមហ៊ុន​ថៃ ឲ្យគេ​ទៅ​ថត​រំសេវ​ទាំងនេះ យកមក​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម រហូត​មានការ​លើកឡើងថា រំសេវ​នេះ​អាច​នឹងត្រូវ​ជនល្មើស​ណា​យកមក​រក្សាទុក ដើម្បី​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ នាំឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​។ 

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៩ កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច បាន​ចុះ​ប្រតិបត្តិការ​រឹបអូស​រំ​សេវ ដែលមាន​ជាតិ​ផ្ទុះ ស្ថិតនៅ​ភូមិ​កំណប់ ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​។ យ៉ាងណា​រំសេវ​ផ្ទុះ​ដ៏​ច្រើន​ដែល​ប្រទះឃើញ ក្នុង​ទូ​កុងតឺន័រ​នៅ​កណ្តាល​ព្រៃ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច រឹបអូស​យក​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕

ព័ត៌មានផ្សេងទៀត