លទ្ធផល​ផ្លូវ​ការ​បក្ស​ភឿ​ថៃ​​ឈ្នះ​ក្នុង​រដ្ឋសភា​​តែ​គ្មាន​​សង្ឃឹម​​​បាន​​ដឹកនាំ​​ប្រទេស​ទេ​

09-05-2019 1:28 pm 10794
  ស្តាប់
លោកប្រាយុទ្ធ​និងបេក្ខជន​នាយករដ្ឋមន្ដ្រីបក្សភឿថៃ
ស្តាប់ជាសំឡេង

​តាម​លទ្ធផល​ផ្លូវការ​ប្រកាស​ដោយ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​ថៃ​កាលពី​ថ្ងៃទី​០៨​ឧសភា គណបក្ស​ភឿ​ថៃ​របស់​អតីត​នាយករដ្ឋមន្ដ្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឈ្នះ​អាសនៈ​ភាគច្រើន​ក្នុង​រដ្ឋសភា​គឺ​ចំនួន​១៣៦​អាសនៈ ស្របពេល​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ទទួល​បានតែ​១១៥​អាសនៈ​ប៉ុណ្ណោះ​។ លទ្ធផល​នេះ​ប្រកាស​ក្នុង​រយៈពេល​ជាង​០៦​សប្ដាហ៍ បន្ទាប់ពី​ថៃ​រៀបចំ​ការបោះឆ្នោត​ជា​សកល​លើកដំបូង​កាលពី​ថ្ងៃទី​២៤​មីនា ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​។​

​ចំពោះ​លទ្ធផល​ផ្លូវការ​នៅពេលនេះ ដ្បិតថា​គណបក្ស​ភឿ​ថៃ​ឈ្នះ​អាសនៈ​ភាគច្រើន​ក្នុង​រដ្ឋសភា​ក៏ពិតមែន ប៉ុន្ដែ​មិនមែន​មានន័យថា​បក្ស​ភឿ​ថៃ​អាចបង្កើត​រដ្ឋាភិបាល​បានទេ​។ តាម​ច្បាប់បោះឆ្នោត​ថៃ​គណបក្ស​ដែល​អាចបង្កើត​រដ្ឋាភិបាល​និង​ស្នើ​បេក្ខភាព​នាយករដ្ឋមន្ដ្រី​បាន ត្រូវមាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ទាំងពីរ​ឬ​ស្នើ​នឹង​៥០​បូក​១​នៃ​៧៥០​អាសនៈ​។ បើ​មើល​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​របស់លោក​ប្រា​យុទ្ធ ក្នុង​រដ្ឋសភា​មាន​១១៥​អាសនៈ​មែន តែ​នៅ​ព្រឹទ្ធសភា​វិញ​សមាជិក​ទាំង​២៥០​រូប​សុទ្ធតែ​តែងតាំង​ដោយ​យោធា ត្រៀម​បម្រើ​ផលប្រយោជន៍​ឲ្យ​លោក​ប្រា​យុទ្ធ​រួចជាស្រេច​។ បើ​គិតពី​សំឡេង​៥០​បូក​១​គណបក្ស​លោក​ប្រា​យុទ្ធ​ត្រូវការ​អាសនៈ​នៅ​រដ្ឋសភា​តែ​១១​អាសនៈ​ទៀត​ប៉ុណ្ណោះ​។ វា​មិនមែនជា​រឿង​ពិបាក​ឡើយ​សម្រាប់​បក្ស​នេះ ព្រោះ​មាន​គណបក្ស​ត្រៀម​ចូល​រួមជាមួយ​រួចជាស្រេច​។​

​ងាក​ទៅ​មើល​គណបក្ស​ភឿ​ថៃ​ដ្បិតថា​បាន​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​៦​ផ្សេងទៀត​ក្ដី ក៏​រក​សំឡេង​៥០​បូក​១​នេះ​មិនឃើញ​ដែរ​។ បើតាម​ការបញ្ជាក់​នៅលើ​គេហទំព័រ​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​របស់​ថៃ គណបក្ស​ភឿ​ថៃ​រួមទាំង​បក្ស​ដែល​បាន​ចងសម្ព័ន្ធ បូកសរុប​អាសនៈ​បញ្ចូល​គ្នា​នៅ​រដ្ឋសភា​មាន​ប្រមាណ​តែ​២៤៥​អាសនៈ​ប៉ុណ្ណោះ មិនបាន​ពាក់កណ្ដាល​នៃ​អាសនៈ​៥០០​នៅក្នុង​រដ្ឋសភា​ផង​។ ប៉ុន្ដែ​គណបក្ស​ផា​ឡាំង​ប្រា​ចា​រ៉ាត់​វិញ បើ​គិតពី​លទ្ធភាព​គណបក្ស​ដែល​អាច​ចងសម្ព័ន្ធ​ជាមួយ មាន​ដល់​២៥៣​អាសនៈ​ឯណោះ​។​

​នេះហើយ​គឺជា​ហេតុផល​ដែល​គេ​អាច​សន្និដ្ឋានបានថា លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​នឹង​នៅតែ​ជា​នាយករដ្ឋមន្ដ្រី​ដដែល​។ ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ដ្រី​ថ្មី នឹង​ត្រូវធ្វើឡើង​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​រង​ការចោទប្រកាន់ថា បានប្រកាស​លទ្ធផល​ដែល​មិន​ត្រឹមត្រូវ ខណៈដែល​យោធា​ត្រូវ​រង​ការរិះគន់​យ៉ាងខ្លាំង​ថា​បានរៀបចំ​ផែនការ បញ្ចូល​ឥទ្ធិពល​យោធា​ក្នុង​រឿង​នយោបាយ រួមទាំង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្នុង​ឆ្នាំ​២០១៧ ដែល​ជាការ​ប្រុង​ទុក​មុន​ក្រែង​បក្សប្រឆាំង​ឈ្នះ​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា​៕

 ពាក្យគន្លឹះ  ថៃការបោះឆ្នោត

ព័ត៌មានផ្សេងទៀត