​លោក​ថោង ខុន​​ព្រមាន​មន្ត្រី​ខ្លួន​​រឿង​យកលុយ​ក្រៅផ្លូវការ​​ពី​ភ្ញៀវទេសចរ​​

09-05-2019 10:10 am 712
  ស្តាប់
ស្តាប់ជាសំឡេង

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​អ្នកដឹកនាំ​ក្រុម​ទេសចរ (Tour Leaders) ទាំងឡាយណា​ដែល​ជូន​លុយ​ក្រៅផ្លូវការ​ទៅ​មន្ត្រីនគរបាល នៅពេល​បោះត្រា​លើ​លិខិតឆ្លងដែន នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ឬ​ព្រលានយន្តហោះ​អន្តរជាតិ និង​មិនត្រូវ​ណែនាំ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​បែប​នេះឡើយ ព្រោះ​គ្មាន​ច្បាប់​ណា​តម្រូវឲ្យ​ធ្វើបែបនេះ​នោះទេ​។

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ហាម​មិនឲ្យ​អ្នកដឹកនាំ​ក្រុម​ទេសចរ (Tour Leaders) ទាំងឡាយ ជូន​លុយ​ក្រៅផ្លូវការ​ទៅ​មន្ត្រីនគរបាល នៅពេល​បោះត្រា​លើ​លិខិតឆ្លងដែន នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ ឬ​ព្រលានយន្តហោះ​អន្តរជាតិ ហើយក៏​មិនត្រូវ​ណែនាំ​ឱ្យ​ភ្ញៀវទេសចរ​បរទេស​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី​បែប​នេះឡើយ ព្រោះ​គ្មាន​ច្បាប់​ណា​តម្រូវឲ្យ​ធ្វើបែបនេះ​នោះទេ​។ ការ​ហាមប្រាម​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​១ អាណត្តិ​ទី​៦ របស់​គណៈកម្មការ​អន្តរ ក្រសួង ដើម្បី​សម្របសម្រួល​ការធ្វើដំណើ​រ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារ ព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស នា​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​បញ្ហា​នេះ ត្រូវបាន​បង្ហើប​ឱ្យដឹង​ដោយ​លោក គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដោយ​យោងតាម​ការរាយការណ៍​របស់​មន្ត្រីនគរបាល​មូលដ្ឋាន អំពី​ការ​ការឲ្យ​លុយ​នៅពេលបោះ​ត្រាលើ​លិខិតឆ្លងដែន​របស់​ភ្ញៀវ​ជនជាតិ​ចិន​ខ្លះ នៅពេលដែល​ភ្ញៀវ​យក​លិខិតឆ្លងដែន​នោះ​ទៅឲ្យ​មន្ត្រីនគរបាល​បោះត្រា តែ​មិន​ច្រើន​ទេ​ត្រឹម ២០០០​រៀល​, ៥០០០​រៀល តែប៉ុណ្ណោះ​។ លោក គៀត ច័ន្ទ​ថា​រិទ្ធ បាន​បញ្ជាក់ថា ទោះបី​មាន​បញ្ហា​នេះ​កើតឡើង​ក៏ដោយ លោក​នៅតែ​ព្យាយាម​ឱ្យ​មន្ត្រីនគរបាល​ពាក់ព័ន្ធ ដាច់ខាត​មិន​ត្រូវធ្វើ​យ៉ាង​ដូច្នោះ​ទេ ព្រោះ​មិនមែនជា​ចំណុច​ល្អ ហើយ​ជា​អំពើ​ខុសច្បាប់​។ លោក បាន​សំណូមពរ​ដល់​ក្រសួង​ទេសចរណ៍ ជួយ​ផ្សព្វផ្សាយ​ដល់​អ្នកដឹកនាំ​ក្រុម​ទេសចរ ឬ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ កុំឱ្យ​បន្ត​ប្រព្រឹត្ត​នូវ​ចំណុច​ខាងលើ​នោះ​តទៅទៀត​។​

​ឆ្លើយតប​នឹង​សំណូមពរ​នេះ​លោក ថោង ខុន បាន​បញ្ជា​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ភ្លាមៗ ពិសេស​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធា​នី​-​ខេត្ត ដែល​បានមក​ចូលរួម​ប្រជុំ ត្រូវ​ផ្សព្វផ្សាយ​បញ្ជ្រាប​បញ្ហា​នេះ​ជាបន្ទាន់​ទៅដល់​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ដាច់ខាត​មិនឱ្យ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​តទៅ​ទៀតឡើយ​។ លោក ថោង ខុន ក៏បាន​ព្រមាន​ផងដែ​រថា បើ​មគ្គុទ្ទេសក៍​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងនោះ នៅតែ​ប្រព្រឹត្ត​បែបនេះ​ទៀត ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ពោលគឺ​ត្រូវ​រួមគ្នា​ទប់ស្កាត់ និង​លុបបំបាត់​បញ្ហា​នេះ​៕

 ពាក្យគន្លឹះ  លោកថោងខុន

ព័ត៌មានផ្សេងទៀត