មេបញ្ជាការ​រំឭក​កងទ័ព​ប្រុងប្រយ័ត្ន​ចំពោះ​ឧបាយកល​បំបែកបំបាក់​នៅលើ​ហ្វេ​សប៊ុក​

08-05-2019 9:49 pm 1055
  ស្តាប់
ស្តាប់ជាសំឡេង

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែង​ប្រកាស​រំឭក​កងទ័ព ឱ្យ​ក្តាប់​សភាពការណ៍​សន្តិសុខ​ឱ្យ​ជាប់ និង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ឧបាយកល​បំបែកបំបាក់​នៅលើ​ហ្វេ​សប៊ុក ។ ការប្រកាស​នេះ ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព ពិធី​បិទ​សមយុទ្ធ​ហនុមាន​មាស ២០១៩ នៅ​ទីលាន​បាញ់​គ្រាប់​ពិត ខេត្ត​កំពត នា​ថ្ងៃ​ទី​៨ ខែ​ឧសភា ...

​លោក​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ថ្លែង​ក្រើនរំឭក​បណ្តា​កងទ័ព​ទាំងអស់ ក្តាប់​សភាពការណ៍​សន្តិ​សុខ​ឱ្យ​ជាប់ ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ឧបាយកល​បំបែកបំបាក់ បំផ្លិចបំផ្លាញ​ការឯកភាព​របស់​កង​យោធពលខេមរភូមិន្ទ តាមរយៈ​ការប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក យ៉ាងណាមិញ ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ត្រូវគោរព និង​អនុវត្ត​បទបញ្ជា​តាម​ឋានានុក្រម ។​

​លោក​ឧត្តមសេនីយ៍​បន្ត​ថា កងទ័ព​ត្រូវ​យល់​នូវ​តួនាទី និង​ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ ដែល​ជា​កម្លាំង​ស្នូល នៃ​កិច្ច​ការពារ​ខឿន​ឯករាជ្យ​ជាតិ ដើម្បី​ធានា​ដល់​កិច្ច​ការពារ​ប្រទេស​និង​ផលប្រយោជន៍​ជាតិ នោះ​គឺ​ត្រូវតែ​សកម្ម​អនុវត្ត​ការងារ តាម​ការ​ចាត់តាំង​របស់​ថ្នាក់​ដឹកនាំ​អង្គភាព ឱ្យបាន​សម្រេច​ភារកិច្ច និង​ទទួល​ជោគជ័យ ។​

​លោក​បាន​បន្ត​ជំរុញ​ឱ្យ​កងទ័ព​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​ជាប្រចាំ នូវ​គោលការណ៍​ដឹកនាំ ព្រមទាំង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ជា​ត្រីវិស័យ សម្រាប់​កសាង​អត្តចរិត​ខ្លួន និង​ដឹកនាំ​កងឯកភាព​ស្ថាប័ន​នូវ​អភិក្រម​៥, កែទម្រង់​ខាងក្នុង បង្កើន​មិត្តភាព​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ និង​បទបញ្ជា​ដប់​ចំណុច​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ថ្លែង​នៅ​ក្នុង​ទិវា​គម្រប់​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​កងទ័ពជើងគោក ។​

​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​រូបនេះ ក៏​បាន​ថ្លែង​ជំរុញ​កងទ័ព​ឱ្យ​ពង្រឹង ពង្រីក​ចំណង​សាមគ្គីភាព និង​ការឯកភាព​ផ្ទៃក្នុង​អង្គភាព​ឱ្យបាន​ល្អ ស្តាប់​មតិ​យោបល់​និង​ទទួលយក​បទពិសោធន៍​ថ្មីៗ​ពី​មជ្ឈដ្ឋាន​ជុំវិញ និង​ការយកចិត្តទុកដាក់​ខ្ពស់ នូវ​ទស្សន​ជា​សមូហភាព​ទាំង​ការរស់នៅ និង​ធ្វើ​ការងារ​ដោយ​ត្រូវ​ចាត់ទុកថា សាមគ្គី គឺ​ជា​ស្នូល​នៃ​ភាពជោគជ័យ​ការអនុវត្ត​ភារកិច្ច ។​

​យ៉ាងណាក៏ដោយ ការ​ថ្លែង​សារ​បែប​នេះ ហាក់​សំដៅ​ទៅលើ​ការអំពាវនាវ​របស់​លោក​សម រង្ស៊ី ដែល​ជារឿយៗ លោក​តែង​អំពាវនាវ​នៅលើ​ហ្វេ​សប៊ុក​ផ្ទាល់​ខ្លួន​ពី​ក្រៅ​ប្រទេស ឱ្យ​កងកម្លាំង​ប្រដាប់អាវុធ​ឈប់​ស្តាប់ និង​ឈប់​ការពារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​ត្រូវ​បែរ​ទាំង​ទឹកចិត្ត ទាំង​ចុង​កាំភ្លើង មក​ការពារ​ប្រជារាស្ត្រ​វិញ ។​

​ចំណែកឯ​សារ​ដាច់ដោយឡែក​មួយ​ផ្សេងទៀត លោក សម រង្ស៊ី បាន​អំពាវនាវ​ទៅ​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​កងកម្លាំងប្រដាប់អាវុធ ឱ្យ​កម្ចាត់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​បើ​មិន​ដូច្នេះ​ទេ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​កម្ចាត់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន និង​មេទ័ព​ទាំងអស់ ដែល​មិនមែន​ជា​ត្រកូល​ហ៊ុន ។​

​ទោះជា​យ៉ាងណា តាមរយៈ​ការ​ថ្លែង​អំពាវនាវ​កងទ័ព​ពី​ខាង​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី នេះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ សម្រេច​ផ្តន្ទាទោស​ចំនួន​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ចូល​ជា​ថវិកា​ជាតិ កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា និង​ត្រូវបាន​ចោទ​ពី​បទ «​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ និង​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​» ៕

ព័ត៌មានផ្សេងទៀត