HRW អំពាវនាវ​រដ្ឋាភិបាល​ទម្លាក់​បទ​ចោទ​លើ​អតីតមន្ត្រី​បក្សប្រឆាំង​

08-05-2019 7:51 pm 1135
  ស្តាប់
ស្តាប់ជាសំឡេង

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ចុះ​ថ្ងៃ​ទី​៧ ឧសភា បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា គួរ​បញ្ឈប់​ការយាយី សមាជិក​អតីត​គណបក្សប្រឆាំង​តាម​ផ្លូវ​តុលាការ​ជា​បន្ទាន់ ។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​មួយ​ថ្ងៃ​មុន​សកម្មជន​ន​យោ​បាយ​អតីត​បក្សប្រឆាំង​ចំនួន​៥​រូប បាន​ចូល​បំភ្លឺ​នៅ​តុលាការខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​៨ ខែ​ឧសភា...

​លោក Brad Adams បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា រដ្ឋាភិបាល​កម្ពុជា​បន្ត​យាយី​មន្ត្រី​អតីត​គណបក្សប្រឆាំង​ជាច្រើន​តាម​ផ្លូវ​តុលាការ និង​បាន​គំរាម​ពួកគេ​ជាមួយ​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​វែង បន្ទាប់​ពី​អតីត​គណបក្សប្រឆាំង​នេះ​ត្រូវបាន​ហាមឃាត់​ដោយ​មិន​ត្រឹមត្រូវ ។​

​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​រូបនេះ​បន្ត​ថា រដ្ឋាភិបាល​គួរតែ​បញ្ចប់​ជា​បន្ទាន់ នូវ​យុទ្ធនាការ​ធ្វើទុក្ខបុកម្នេញ​ប្រឆាំង​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទម្លាក់​ចោល​បណ្តុំ​នៃ​សំណុំរឿង​ដែល​គ្មាន​ហេតុផល​ទាំងអស់នេះ ។​

​គិត​មក​ទល់​ពេល​នេះ មាន​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៦​នាក់​ក្នុង​ខេត្ត​បាត់ដំបង ត្រូវបាន​តុលាការខេត្ត​បាត់ដំបង​កោះហៅ​ឱ្យចូល​បំភ្លឺ​នៅ​តុលាការ ក្រោម​បទ​ចោទប្រកាន់​ថា ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល ដែល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ពួកគេ​នឹង​ត្រូវ​ចូល​បំភ្លឺ​ដល់​តុលាការ​នៅ​ថ្ងៃទី​៨, ទី​៩, ទី​១៦, ទី​១៧ និង​ថ្ងៃ​ទី​២១ ខែ​ឧសភា ។​

​យ៉ាងណាមិញ គិត​ត្រឹម​ថ្ងៃទី​៨ ខែ​ឧសភា មាន​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់ បាន​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការខេត្ត​បាត់ដំបង ក្នុងនោះ រួមមាន លោក សម វង្ស​តា​រ៉ា អតីត​ចៅសង្កាត់​រង​ទី​២ សង្កាត់​អូរ​ម៉ាល់​, លោក រឿន កែប អតីត​ចៅសង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​, លោក តន់ សាម៉ន អតីត​ចៅសង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​, លោក សាំង ប៊ុន​ម៉ៅ អតីត​ចៅសង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​លោក ផាន់ រ៉េត អតីត​ចៅសង្កាត់​រង ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ៕

ព័ត៌មានផ្សេងទៀត