ប្រទេសអ៊ីរ៉ង់បានប្រកាសថាខ្លួននឹងដកចេញនូវការអនុវត្ដមួយចំនួន ដែលមានក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បានចុះហត្ថលេខាជាមួយប្រទេសមហាអំណាច៥+១ក្នុងឆ្នាំ២០១៥។ ការប្រកាសដូច្នេះធ្វើឡើងស្របពេលអ៊ីរ៉ង់ កំពុងរងសម្ពាធបន្ថែមពីអាមេរិកក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ ប្រធានាធិបតីអ៊ីរ៉ង់លោកHassan Rouhani បានថ្លែងសុន្ទរកថាតាមប៉ុស្ដិ៍ទូរទស្សន៍នៅថ្ងៃទី០៨ឧសភានេះថា អ៊ីរ៉ង់នឹងកាត់បន្ថយការប្ដេជ្ញាចិត្ដរបស់ខ្លួនដែលមានចារក្នុងកិច្ចព្រមព្រៀង ប៉ុន្ដែមិនមែនឈប់អនុវត្ដតាមកិច្ចព្រមព្រៀងទាំងស្រុងទេ។
ការប្រកាសនេះធ្វើឡើងក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគី ដោយជំទាស់នឹងប្រទេសហត្ថលេខីផ្សេងទៀត។ លោកRouhaniនិយាយថាប្រទេសហត្ថលេខីមានបារាំង អង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងចិន ត្រូវបានជូនដំណឹងពីករណីនេះរួចហើយ។ លោកក៏បានចោទប្រកាន់ពីភាពរឹងរូសរបស់អាមេរិកធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀង ព្រោះតែវាជាផលប្រយោជន៍នៅក្នុងតំបន់ និងផលប្រយោជន៍សម្រាប់ពិភពលោក ប៉ុន្ដែមិនមែនជាសត្រូវរបស់អ៊ីរ៉ង់ ទើបអាមេរិកមិនបានប្រឹងប្រែងជួយឡើយតាំងពីឆ្នាំ២០១៥។
លោកប្រធានាធិបតីអ៊ីរ៉ង់បានបន្ថែមថា លោកនឹងបន្ដរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូមនៅក្នុងប្រទេសជាជាងនាំចេញទៅក្រៅ ហើយលោកគំរាមនឹងចាប់ផ្ដើមដំណើរការកម្មវិធីនុយក្លេអ៊ែរ គឺផលិតអ៊ុយរ៉ាញ៉ូមដែលមានគុណភាពខ្ពស់ឡើងវិញក្នុងរយៈពេល៦០ថ្ងៃ។
សូមបញ្ជាក់ថា ស្ថិតក្រោមកិច្ចព្រមព្រៀងចុះក្នុងឆ្នាំ២០១៥ អ៊ីរ៉ង់ត្រូវបានហាមឃាត់លើមហិច្ឆតាផលិតនុយក្លេអ៊ែរ ជាថ្នូរនឹងការដកហូតទណ្ឌកម្មសេដ្ឋកិច្ច។ ក្នុងនោះអ៊ីរ៉ង់ត្រូវបានអនុញ្ញាតឲ្យរក្សាទុកសាធារណអ៊ុយរ៉ាញ៉ូមក្នុងបរិមាណកំណត់មួយ រួមទាំងកំណត់ពីចំនួននៃការនាំចេញផងដែរ។ ប៉ុន្ដែបញ្ហាលំបាកកើតឡើងកាន់តែខ្លាំងសម្រាប់អ៊ីរ៉ង់ នៅពេលអាមេរិកសម្រេចដកហូតលែងឲ្យអ៊ីរ៉ង់នាំសារធាតុអ៊ុយរ៉ាញ៉ូមដែលស្ដុកទុកចេញទៅក្រៅ បង្ខំឲ្យអ៊ីរ៉ង់ផ្អាកការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលបានកំណត់។ អ៊ីរ៉ង់ប្រកាសថាស្ថានភាពបច្ចុប្បន្ន ខ្លួនមិនអាចគោរពទៅតាមការកំណត់ឲ្យរក្សាអ៊ុយរ៉ាញ៉ូមនិងទឹកដែលប្រើប្រាស់ក្នុងការចម្រាញ់ទៀតបានទេ៕