វេ​ណេ​ហ្ស៊ូ​អេ​ឡា​ថា​​អាច​​កំដរ​​បាន​​គ្រប់ពេល​​បើ​អាមេរិក​​ចង់​ប្រើ​​យោធា​

08-05-2019 2:11 pm 2147
  ស្តាប់
រូបភាព​កងទ័ព​វេណេ​ហ្ស៊ូអេឡា
ស្តាប់ជាសំឡេង

​ការប្រកាស​ដូច្នេះ​របស់​រដ្ឋមន្ដ្រីការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្សប្រឆាំង​លោក​ជូ​អាន ហ្គៃ​ដូ​បញ្ជាក់ថា លោក​កំពុង​ពិចារណា​លើ​លទ្ធភាព​នៃ​ការអន្ដរាគមន៍​ពី​អន្ដរជាតិ បន្ទាប់ពី​មាន​ការសាកសួរ​ថា​តើ​លោក​ស្វាគមន៍​ជម្រើស​យោធា​របស់​អាមេរិក ដើម្បី​បំបែក​ភាពជាប់គាំង​នយោបាយ​អស់​ជាច្រើន​ខែ​ឬទេ​។ រដ្ឋមន្ដ្រីការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​Jorge Arreaza និយាយ​កាលពីដើម​សប្ដាហ៍​នេះ​ថា ទីក្រុង​កា​រ៉ា​កាស​ចង់​ដោះស្រាយ​វិបត្ដិ​តាមផ្លូវ​ការទូត ប៉ុន្ដែ​ក៏​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​គ្រប់​សេណា​រី​យ៉ូ​ទាំងអស់ ហើយ​វេ​ណេ​ហ្ស៊ូ​អេ​ឡានឹ​ង​ឆ្លើយតប​វិញ​ភ្លាមៗ ប្រសិនបើ​អាមេរិក​ជ្រើសរើស​ឲ្យ​យោធា​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបា​លោកនីកូ​ឡាស ម៉ា​ឌូ​រ៉ូ​។ 

​លោក​Arreaza​បន្ដថា ចំនួន​អ្នកជំនាញ​យោធា​រុស្ស៊ី​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា​អាច​នឹង​កើនឡើង​បន្ថែមទៀត​។ ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​បាន​យល់ព្រម​ផ្ដល់ឲ្យ​វេ​ណេ​ហ្ស៊ូ​អេ​ឡានូ​វ​សម្ភារៈ​យោធា​យ៉ាង​ល្អ​បំផុត ហើយ​បច្ចុប្បន្នវេណេ​ហ្ស៊ូ​អេ​ឡា​ទទួល​បានហើយ ដែល​អាចបង្កើត​រចនា​សម្ព័ន្ធ​ការពារជាតិ​ដ៏​ខ្លាំងក្លា​មួយ​បាន​។ ទាំងអស់នេះ​វា​ទាមទារ​ឲ្យមាន​ការថែទាំ ហើយ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ត្រូវតែ​អភិវឌ្ឍ​វា​ជា​ចាំបាច់​។ បច្ចុប្បន្ន​មាន​អ្នកជំនាញ​រុស្ស៊ី​ជាច្រើនរូប​នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា ហើយ​ចំនួន​អ្នកជំនាញ​យោធា​រុស្ស៊ី​ទាំងអស់នោះ​អាច​នឹង​កើនឡើង​ថែមទៀត​។​

​រដ្ឋមន្ដ្រីការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​អះអាងថា ទីភ្នាក់ងារ​CIA​អាមេរិក​និង​មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា បានរៀបចំ​ផែនការ​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​ចេញពី​តំណែង ដើម្បី​ចង់បាន​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​នេះ​។ ទោះបីជា​ការប៉ុនប៉ងរ​បស់​លោក​ត្រូវ​បរាជ័យ​កាលពី​សប្ដាហ៍​មុន​ក៏ដោយ លោក​ហ្គៃ​ដូ​បាន​អះអាងថា​មិនយូរ​ទៀត​ទេ​កងទ័ព​នឹង​លែង​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​ទៀតហើយ នៅពេលនោះ​អ្នក​ដែល​ឈឺចាប់​បំផុត​គឺ​លោក​ម៉ា​ឌូ​រ៉ូ​ខ្លួនឯង​។ លោក​ម៉ា​ឌូ​រ៉ូ​នឹង​ចាញ់ម្ដង​ហើយ​ម្ដងទៀត ព្រោះ​លោក​ចាប់ផ្ដើម​ទន់ខ្សោយ ចាប់ផ្ដើម​នៅ​ឯកោ ហើយ​គ្មាន​ការគាំទ្រ​ពី​អន្ដរជាតិ​ទៀត​ទេ​៕

ព័ត៌មានផ្សេងទៀត