ក្រុមហ៊ុន​​Porsche​​ទទួលពិន័យ​​ជិត​៦០០​លាន​​ដុល្លារ​​ព្រោះ​​ការបោកប្រាស់​​របស់ខ្លួន​

08-05-2019 10:09 am 337
ឡូហ្គោសម្គាល់ក្រុមហ៊ុន​Porsche

​រដ្ឋអាជ្ញា​អាល្លឺម៉ង់​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ដ​Porsche ជា​អង្គភាព​មួយ​របស់​ក្រុមហ៊ុន​Volkswagen​របស់​អាល្លឺម៉ង់ បង់ប្រាក់​ពិន័យ​ជិត​៦០០​លាន​ដុល្លារ​ជុំវិញ​ករណី​ក្លែងបន្លំ​មួយ​។ រដ្ឋអាជ្ញា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ការពិន័យ​នេះ​ព្រោះ​ក្រុមហ៊ុន​Porsche មិនអាច​បំពេញ​តួនាទី​ស្របច្បាប់​របស់ខ្លួន ដោយ​អនុញ្ញាតឲ្យ​មាន​ការបោ​កប្រាស់​កើតឡើង ក្នុងការ​ធ្វើតេស្ដ​ការបំភាយ​ឧស្ម័ន​ចេញពី​ម៉ាស៊ីន​រថយន្ដប្រើ​ម៉ា​សូត​របស់ខ្លួន​។ ក្រុមហ៊ុន​បាន​បើកដៃ​ឲ្យ​លក់​ចេញ​រថយន្ដ ដែលមាន​កម្រិត​បំពុល​ខ្ពស់​ហួសហេតុ​ភាយ​ចេញពី​ម៉ាស៊ីន ខុសពី​ច្បាប់​ដែល​បានអនុញ្ញាត​។ ក្រុមហ៊ុន​Porsche​បាន​បញ្ជាក់ថា ខ្លួន​នឹង​បង់ប្រាក់​ពិន័យ​តាម​បញ្ជា​របស់​រដ្ឋអាជ្ញា​។ គួរ​ជម្រាប​ថា​ក្រុមហ៊ុន​Volkswagen ក៏​ទទួលពិន័យ​ជាង​១​ពាន់​លាន​ដុល្លារ​ផងដែរ​កាលពី​ខែមិថុនា​ឆ្នាំមុន ដោយសារតែ​ករណី​ក្លែងបន្លំ​ដូចគ្នានេះ ស្របពេល​ក្រុមហ៊ុន​Audi​ត្រូវ​ទទួលពិន័យ​ប្រមាណ​៩០០​លាន​ដុល្លារ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត