រដ្ឋមន្ដ្រី​ការបរទេស​​អាមេរិក​​ធ្វើ​ទស្សនកិច្ច​​យ៉ាង​ភ្ញាក់ផ្អើល​​ទៅ​អ៊ីរ៉ាក់​​ខណៈ​​តានតឹង​​នឹង​អ៊ីរ៉ង់​

08-05-2019 9:04 am 622
លោកផុមភីអូ(ស្ដាំ)ពេលធ្វើទស្សនកិច្ចទៅអ៊ីរ៉ាក់

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​ម៉ៃ ផុម​ភី​អូ បានធ្វើ​ទស្សនកិច្ច​យ៉ាង​ភ្ញាក់ផ្អើល​ទៅកាន់​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​អង្គារ ស្របពេល​អាមេរិក​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​គ្មាន​គ្រោងទុក ដោយ​លោក​លុបចោល​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៊ែក​ឡាំង​ប្រទេស​អាល្លឺម៉ង់ សម្រេច​ទៅ​ទីក្រុង​បា​ដា​ដ​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ាក់​វិញ​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អាមេរិក​ប្រកាស​បញ្ជូន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ទៅកាន់​តំបន់​នោះ ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​។ 

​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​កិច្ច​ជំនួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ាក់ លោក​ផុម​ភី​អូ​បានឲ្យដឹងថា លោក​ចង់​ធានា​ពី​ការត្រៀមខ្លួន​ទុក​មុន ដើម្បី​រួម​ដៃ​ការពារ​ដែន​អធិបតេយ្យ​របស់​អ៊ីរ៉ាក់​។ លោក​ចង់​ជួយ​ឲ្យ​អ៊ីរ៉ាក់​ពឹ​ក​ផ្អែក​តិចតួច​បំផុត ទៅលើ​កិច្ចព្រមព្រៀង​ថាមពល​ជាមួយ​អ៊ីរ៉ង់​។ លោក​ក៏​បានបញ្ជាក់​ពី​ភាព​តានតឹង ដែល​ទើប​កើតឡើង​ថ្មីៗ​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ដែលជា​ប្រទេស​ក្បែរ​ខាង​អ៊ីរ៉ាក់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត