មន្ត្រី​UNសរសើរ​វិស័យ​សុខាភិបាល​កម្ពុជា តែ​អ្នកវិភាគ​ថា​នៅមានចំណុច​ខ្វះខាត​

07-05-2019 6:44 pm 1069
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធមនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​សម្ដែង​ការសប្បាយ​រីករាយ និង​កោតសរសើរ​ក្រសួង​សុខាភិបាល ដែល​មាន​វឌ្ឍនភាព​ល្អ ក្នុង​ការពិនិត្យ និង​ផ្ដល់​សេវា​ព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ។

​ការលើកឡើង​បែប​នេះ​របស់​លោកស្រី រ៉ូ​ណា ស្មី​ត ក្នុងឱកាស​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ដ្រី ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ នា​ទីស្ដីការ​ក្រសួង​សុខាភិបាល​។​

​ក្នុងឱកាស​នោះ​លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង​ពី​ចម្ងល់​របស់​ខ្លួន​មួយចំនួន​ផង​ដែរ ពី​នីតិវិធី​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន ដោយ​ផ្អែក​លើ​សហគមន៍ និង​ជំងឺ​ផ្សេងៗ​របស់​អ្នក​ញៀន គ្រឿងញៀន​, ការរក្សា​ការសម្ងាត់​ដល់​អ្នកជំងឺ​, ការ​អនុវត្ដ​ន៍​របស់​មន្ដ្រី​សុខាភិបាល លើ​ការ​យក​លុយ​ពី​អ្នកជំងឺ និង​ឱសថ​ក្លែងក្លាយ​ជាដើម​។​

​ជា​ការឆ្លើយតប​របស់​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ថ្លែងថា «​មន្ដ្រី​តាម​មណ្ឌល​សុខភាព​របស់​យើង បាន​ខិតខំ​ធ្វើ​ការពង្រឹង​នូវ​សមត្ថភាព និង​មុខងារ​នៅតាម មណ្ឌល​សុខភាព​ឱ្យ​មាន​លទ្ធភាព ក្នុង​ការផ្ដល់​សេវា​សុខភាព ដែល​មក​ទល់​នឹង​បច្ចុប្ប្ននេះ មណ្ឌល​សុខភាព សម្រាប់​ព្យាបាល អ្នកញៀន​គ្រឿងញៀន មាន​រហូតដល់​ទៅ​ជាង ៤០០​មណ្ឌល​សុខភាព បើ​ធៀប​ជាមួយ​មណ្ឌល​សុខភាព​ជាង ១​ពាន់​កន្លែង​។ ដូច្នេះ​យើង​ជឿថា មណ្ឌល​សុខភាព​នេះ នឹង​អាច​គ្រប់គ្រង នឹង​ផ្ដល់​សេវា ព្យាបាល​ជូន​ដល់​អ្នកញៀន​គ្រឿងញៀន​បាន​គ្រប់គ្រាន់​»​។​

​រដ្ឋមន្ដ្រី​បន្ដថា ទៀតថា លើសពីនោះ «​យើង​បាន​ខិតខំ​ណាស់ ក្នុង​ការបណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស​របស់​យើង ដើម្បី​មាន​លទ្ធភាព ក្នុង​ការផ្ដល់​សេវា​នៅ​តាម​មណ្ឌល​សុខភាព​នេះ ។​កន្លងមកនេះ ក្រោយពី​យើង​ដាក់ចេញ​នូវ​គោលនយោបាយ ព្យាបាល​អ្នកញៀន​គ្រឿងញៀន​ផ្អែក​ទៅលើ​សហគមន៍ យើង​ឃើញថា អ្នកញៀន​គ្រឿងញៀន បាន​មក​ពិនិត្យ ព្យាបាល​ដោយ​ស្ម័គ្រចិត្ដ​នេះ មាន​កំណើន​កើនឡើង​»​។​
​ជាងនេះទៅទៀត សម្រាប់​អ្នក​ញៀន​គ្រឿងញៀន ដែល​ពិនិត្យ​ទៅ​មាន​ជំងឺ​ផ្សេងទៀត គឺ​យើង​នឹង​ផ្ដល់​ការព្យាបាល​ជូន​គាត់​ជា​កញ្ចប់​ទាំង​ម្ដង​ដោយ​ឥតគិតថ្លៃ ដោយ​ថ្លៃ​ការព្យាបាល រាជរដ្ឋាភិបាល អ្នកទទួលបន្ទុក ដោយ​មិន​រើសអើង​អ្វី​ទាំងអស់ គឺ​រាល់​អ្នកជំងឺ​មាន​សិទ្ធិ​ស្មើគ្នា ក្នុង​ការផ្ដល់​ប្រឹក្សា និង​ការព្យាបាល ហើយ​រាល់​ការព្យាបាល​យើង​បាន​រក្សា​ការសម្ងាត់​ណាស់ ។​

​លោក​រដ្ឋមន្ដ្រី​បន្ដថា «​សម្រាប់​សេវា​ព្យាបាល គឺ​យើង​មាន​ការរៀបចំ​ជា​ដំណាក់កាល គឺ ប្រជាពលរដ្ឋ​ទៅ​ប្រើប្រាស់​សេវា ដោយ​ប្រើ​បណ្ណ ប​.​ស​.​ស​, បណ្ណ​ក្រីក្រ និង​ប្រជាពលរដ្ឋ មាន​លទ្ធភាព​បង់​ថ្លៃ​សេវា ។​តែ​ក្នុងនោះ យើង​ក៏​បាន​រៀបចំ​សម្រាប់​ប្រជាពលរដ្ឋ ដែល​គាត់​ទៅ​ព្យាបាល​ហើយ គាត់​គ្មាន​ប័ណ្ណ​បញ្ជាក់ ប​.​ស​.​ស ឬ​ក្រីក្រ តែ​គាត់​បាន​លើកឡើង​ថា គាត់​ក្រ គ្មាន​លទ្ធភាព​ក្នុងការ​បង់ថ្លៃ​សេវា ចឹង​ក្រសួង​មាន​ប្រព័ន្ធ​មួយ​ទៀត គឺ​នាំគ្នា​អនុម័ត លើកលែង​ការបង់ថ្លៃ​សេវា​ព្យាបាល ដែល​មក​ទល់​នឹង​ពេលនេះ យើង​បាន​អនុវត្ដ​ន៍​យ៉ាង​ខ្ជាប់ខ្ជួន​»​។​

​លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បាន​បញ្ជាក់​ពី​ករណី ប្រសិនបើ​មាន​មន្ដ្រី​ខិលខូច គាស់​យក​លុយ​ពី​អ្នកជំងឺ ក្នុងករណី​ណា​មួយ​នោះ ក្រសួង​សុខាភិបាល មិន​ព្រងើយកន្ដើយ​នោះទេ នឹង​ចាត់​វិធានការ​រដ្ឋបាល​ជាបន្ទាន់ ហើយ​ក្នុង​ករណី​ទាំងនោះ អ្នកជំងឺ​អាច​រាយការណ៍​បាន​គ្រប់ពេល មក​ដល់​អ្នក​គ្រប់គ្រង​នៅតាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដើម្បី​ដោះស្រាយ ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក​គិន ភា  ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​យល់ឃើញថា ជា​មោទនភាព​មួយ ដែល​មន្ត្រី​UN បាន​កោតសរសើរ និង​វាយតម្លៃ​ល្អ ទៅលើ​វិស័យ​សុខាភិបាល​របស់​កម្ពុជា​។ ដែល​នេះ​ជា​ការលើកទឹកចិត្ត​មួយ​បន្ថែមទៀត ដើម្បី​ឲ្យ​ក្រសួង​ខិតខំ​ពង្រឹង លើ​ការថែទាំ​សុខភាព​ប្រជាពលរដ្ឋ​បន្តទៀត​។​ ​តែ​យ៉ាងណាមិញ លោក គិន ភា បាន​មើលឃើញ​ពី​ចំណុច​ខ្វះខាត​មួយចំនួន របស់​ក្រសួង​សុខាភិបាល ដែល​ទាមទារ​ចាំបាច់ ត្រូវការ​ធ្វើ​កំណែទម្រង់​។ លោក​គិន ភា បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​..៖

សំឡេង

​លោក​គិន ភា បាន​បន្ថែមថា ចំណុច​ដែល​ក្រសួង​សុខាភិបាល ត្រូវ​ពង្រឹង និង​ធ្វើ​កំណែទម្រង់ មានដូចជា​..៖

​សំឡេង​

​សូមបញ្ជាក់​ថា លោកស្រី រ៉ូ​ណា ស្មី​ត បាន​មកដល់​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​១១​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​ការអញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុងអំឡុងពេល​ទស្សន​កិច្ច​រយៈពេល​១១ អ្នកជំនាញ​រូបនេះ បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង​សមាជិក​សហគមន៍​ការទូត​មួយចំនួន​ផងដែរ​៕


ព័ត៌មានផ្សេងទៀត