លោក​សុខ ទូច​ នឹង​ចូល​បំភ្លឺ ​នៅ​តុលាការ​ តាម​បណ្តឹង​​របស់​គណបក្ស​មួយ​​

07-05-2019 4:49 pm 2337

​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក​សុខ ទូច បាន​រង​នូវ​បណ្តឹង​របស់​គណបក្ស​មួយ​គឺ​គណបក្ស​ខ្មែរ​ក្រោក ក្រោម​បទ​ចោទថា បានធ្វើ​អត្ថាធិប្បាយ​ញុះញង់​។ នៅ​ថ្ងៃទី​០៧ ឧសភា នេះ លោក​សុខ ទូច បានប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ចូល​ឆ្លើយបំភ្លឺ​នៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១០ ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ តាម​បណ្តឹង​ខាងលើ​។​

​លោក បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Facebook ថា រឿងនេះ មិន​ចម្លែក​ទេ​ក្នុង​ជិវិត​លោក ដ្បិត​ថា លោក​មិន​ធ្លាប់​ត្រូវបាន​តុលាការ​កោះហៅ​ក៏ដោយ តែ​ពេលនេះ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​តាមរយ​:​ដីកា​កោះហៅ​ចុះ​ថ្ងៃទី​០២ ឧសភា ឆ្នាំ​២០១៩ ឱ្យ​លោក​ចូលខ្លួន​នៅ​ថ្ងៃទី​១០ ឧសភា តាម​បណ្តឹង​របស់​គណបក្ស​ខ្មែរ​ក្រោក ចុះ​ថ្ងៃទី​០៨ ខែ​សីហា ឆ្នាំ​២០១៨​។ លោក​ថា នឹង​ចូលខ្លួន​តាម​ការកោះហៅ​នេះ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ លោក​សុខ សុវណ្ណ​វឌ្ឍនា សារ​ពង្ស ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បានប្រកាស​ប្តឹង លោក​សុខ ទូច ដោយ​ចោទថា​បានធ្វើ អត្ថាធិប្បាយ ញុះញង់ ឲ្យ​រាជរដ្ឋាភិបាល​ចាប់លោ​ក ដាក់គុក ក្នុង​សកម្មភាព ប្រមូល​ស្នាម​មេដៃ​តវ៉ា យក​កោះត្រល់ ដែល​បាន​បាត់បង់​ទៅ​វៀតណាម មកវិញ​៕

ព័ត៌មានផ្សេងទៀត