​ជនបរទេស​​ប្រព្រឹត្ត​បទល្មើស​​នៅ​កម្ពុជា​​មាន​ការកើនឡើង​​ជាង​ឆ្នាំមុន​​

07-05-2019 4:27 pm 764
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ មាន​ជនបរទេស​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​មាន​ការកើនឡើង​ជាង​ឆ្នាំមុន ហើយក៏​មាន​វិនិយោគិន​បរទេស និង​អ្នកទេសចរ​បរទេស​ដែល​មក​ប្រទេស​កម្ពុជា ទទួល​រងគ្រោះ​មាន​ចំនួន​១៦៧​ករណី មាន​ការកើនឡើង​បើ​ធៀប​នឹង​ឆ្នាំមុន​។

​យោងតាម​របាយការណ៍​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ របស់​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជនបរទេស​ប្រចាំ​នៅ​កម្ពុជា បានឲ្យដឹងថា វិនិយោគិន​បរទេស និង​អ្នកទេសចរ​បរទេស​ដែល​មក​ប្រទេស​កម្ពុជា ទទួល​រងគ្រោះ​មាន​ចំនួន​១៦៧​ករណី រងគ្រោះ​សរុប​២១១​នាក់ មាន​៣៥​សញ្ជាតិ លើ​១៥​រាជធានី​-​ខេត្ត (​បើ​ប្រៀបធៀប​ជាមួយ​ត្រីមាស​ទី​១​ឆ្នាំ​២០១៨ មាន ១៤១​ករណី កើនឡើង ១៥,៥៦%)​។​

​របាយការណ៍​ដដែល​បន្តទៀតថា ក្រៅពី​ជនបរទេស​រងគ្រោះ គឺ​នៅមាន​ជនបរទេស​ប្រព្រឹត្ត​បទល្មើស​មាន​ចំនួន ៨២​ករណី ឃាត់ខ្លួន​សរុប​៣៤១​នាក់ មាន​២០​សញ្ជាតិ លើ​១២​រាជធានី​-​ខេត្ត​ទូទាំងប្រទេស លើ​២០​ប្រភេទ​បទល្មើស (​បើ​ប្រៀបធៀប​ជាមួយ​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ មាន​៥៥​ករណី កើនឡើង ៣២,៩២%)​។ ក្នុងនោះ​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ ទទួល​បណ្តឹងសុំ​ប្រតិបត្តិការ​អន្តរាគមន៍​ពី​ជនបរទេស និង​ស្ថានទូត​ចំនួន ១១​ករណី បាន​ដោះស្រាយ​បញ្ចប់​០៨​ករណី និង​មិនទាន់​បញ្ចប់​០៣​ករណី (​បាត់​ខ្លួន​០២​ករណី និង​ចោរកម្ម​០១​ករណី ជា​បណ្ដឹង​របស់​ស្ថានទូត​ចិន​) ករណី​ដែល​មិនទាន់បាន​បញ្ចប់​នោះ ដោយ​មូលហេតុ​កំពុង​ស្ថិតក្នុង​ការស្រាវជ្រាវ​ស៊ើបអង្កេត​។​

​សូមបញ្ជាក់ថា លោក ថោង លីម អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ (HOTLINE) ជាមួយ​ជនបរទេស​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​បូកសរុប លទ្ធផល​ការងារ​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ រួមជាមួយ​បណ្ដា​ស្ថានទូត និង​ស្ថាន​តំណាង​បេសកកម្ម​នានា​ប្រចាំ​កម្ពុជា​។​

​លោក ថោង លីម នៅក្នុង​កិច្ចប្រជុំ ក៏បាន​ណែនាំ​ដល់​នាយកដ្ឋាន អង្គភាព និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ជា​សមាជិក ត្រូវអនុវត្ត​តាម​ផែនការ របស់​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឲ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុង​ការការពារ​សន្តិ​សុខ​ជូន​វិនិយោគិន និង​អ្នក​ទេសចរណ៍​បរទេស ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការទាក់ទាញ និង​លើកទឹកចិត្ត​វិស័យ​វិនិយោគ និង​ទេសចរណ៍​នៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត