ប៉ូលិស​ស្រីលង្កា៖ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែកត្រូវបាន​ចាប់ខ្លួន​ឬ​ស្លាប់​អស់ហើយ​

07-05-2019 1:26 pm 478
  ស្តាប់
កងកម្លាំងសន្តិសុខស្រីលង្កា
ស្តាប់ជាសំឡេង

​សេចក្តីថ្លែងការណ៍​មួយ ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​ស្រីលង្កា បញ្ជាក់ថា ក្រុម​ជនសង្ស័យ​ដែល​រៀបចំ​ផែនការ វាយប្រហារ​នាពេលខាងមុខ និង​ជនសង្ស័យ​ពាក់ព័ន្ធ នៅក្នុង​ការវាយប្រហារ បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត កាលពី​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៩ ពុំមាន​នៅ​សេសសល់​ទៀត​ទេ ពោល​ពួកគេ ត្រូវបាន​ចាប់​ញាត់​ចូលក្នុង​មន្ទីរឃុំឃាំង ឬក៏​ស្លាប់​អស់ហើយ​។ នៅ​ក្នុងនោះ អ្នកជំនាញ​បំផ្ទុះ​គ្រាប់បែក​២​នាក់ របស់​ក្រុម​សកម្មប្រយុទ្ធ​ត្រូវ​បានសម្លាប់​។ 

​បើតាម​អ្នកនាំពាក្យ​ប៉ូលិស​លោក Ruwan Gunasekera បញ្ជាក់ថា ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​មាន​ចំនួន​៧៣​នាក់ នៅ​ក្នុងនោះ មាន​ស្រី​៩​នាក់ កំពុង​ស្ថិតនៅក្នុង​មន្ទីរឃុំឃាំង​។ នៅក្នុង​សេចក្តីថ្លែងការណ៍ ពុំបាន​បញ្ជាក់​លម្អិត ពី​អត្តសញ្ញាណ​ជនសង្ស័យ ដែល​ចាប់ខ្លួនបាន​នោះទេ​។ ក្រៅពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​អស់ហើយ ប៉ូលិស​ក៏បាន​រឹបអូស​គ្រាប់បែក និង​សម្ភារៈ ដែល​ក្រុម​សកម្ម​ប្រយុទ្ធ ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​កាលពី​ខែ​មេសា គ្រោង​ប្រើប្រាស់​នៅក្នុង​ការវាយប្រហា​រនា​ពេលអនាគត​ផងដែរ​។​

​អមដោយ​ការចេញ​សេចក្តីថ្លែងការណ៍​នេះ ស្រីលង្កា​ក៏បាន​ដក​ច្បាប់​គ្រាអាសន្ន​ចេញ និង​អនុញ្ញាតឲ្យ​សាលារៀន​រដ្ឋ បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​។ ប៉ុន្តែ​ចំនួន​សិស្ស​ចូលរៀន​បាន​ធ្លាក់ចុះ ដោយសារតែ​អាណាព្យាបាល នៅ​ទាក់​ទើរ​មិនទាន់​ហាន​បញ្ជូន​កូន​ឲ្យចូល​រៀន​វិញ ព្រោះតែ​នៅ​តក់ស្លុត​នឹង​ព្រឹត្តិការណ៍​វាយប្រហារ​នៅឡើយ​។ ឆ្លើយតប​នឹង​ស្ថានភាព​នេះ ស្រីលង្កា​បាន​ពង្រឹង​សុវត្ថិភាព សម្រាប់​សាលារៀន​ទាំងអស់ ហើយ​កំពុងតែ​រៀបចំ​កម្មវិធី ដើម្បី​បង្កើន​ការយល់ដឹង អំពី​សុវត្ថិភាព និង​សន្តិសុខ នៅ​គ្រប់​សាលារៀន​។​

១៦​ថ្ងៃក្រោយ​ការវាយប្រហារ ស្ថានភាព​តានតឹង​ផ្នែក​សាសនា​បាន​ថយចុះ នៅក្នុង​ក្រុង​Negombo ស្ថិតនៅ​ភាគ​ខាងជើង​ទីក្រុង Colombo ជា​កន្លែង​ដែល​រង​នូវ​ការវាយប្រហារ បណ្តាលឲ្យ​ស្លាប់​មនុស្ស​ច្រើនសន្ធឹក​។ ពោល​ក្រុម​ភេរ​វករ បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ St Sebastian ស្ថិតនៅក្នុង​ទីក្រុង Negombo បណ្តាលឲ្យ​ស្លាប់​មនុស្ស​១០០​នាក់​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៩ មាន​ការវាយប្រហារ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត លើ​ព្រះវិហារ​និង​សណ្ឋាគារ​ប្រណិតៗ ជាច្រើន​កន្លែង​នៅ​ក្នុងប្រទេស​ស្រីលង្កា បណ្តាលឲ្យ​មនុស្សជាង​២៥០​នាក់​ស្លាប់បាត់​បង់ជីវិត​។ នៅក្នុង​ការវាយប្រហារ​នេះ អាជ្ញាធរ​ស្រីលង្កា​ជឿជាក់ថា បង្កឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ក្នុងស្រុក​ឈ្មោះ National Tawheed Jamaath ហៅ​កាត់​ថា (NTJ) និង មួយក្រុម​ទៀត​ឈ្មោះ​Jamathei Millathu Ibrahim ហៅ​កាត់​ថា (JMI )​។ តែ​ទន្ទឹមនឹងនោះ ក្រុម​សកម្មប្រយុទ្ធ​ដ៏​ល្បីល្បាញ ខាង​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត គឺ​ក្រុម​IS បាន​ចេញមុខ​ប្រកាសថា ជា​ថ្វីដៃ​របស់​គ្នីគ្នា​ពួកគេ​៕

 


ព័ត៌មានផ្សេងទៀត