មន្ត្រី​កម្ពុជា​ សម្តែង​ការបារម្ភ​​ពី​ការបាត់បង់​​EBA ​ប៉ុន្តែ​ថា​ រដ្ឋាភិបាល​​​ត្រៀម​​រួចហើយ​​

07-05-2019 11:12 am 1615
  ស្តាប់
ស្តាប់ជាសំឡេង

​បើតាម​ការវាយតម្លៃរ​បស់​ធនាគារពិភពលោក កម្ពុជា​អាច​នឹង​ខាតបង់​ទឹកប្រាក់​យ៉ាងហោចណាស់​ជាង​៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​។ 

​នៅក្នុង​របាយការណ៍​ដែលមាន​ចំណងជើង​ថា បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា ចេញផ្សាយ​ថ្ងៃទី​៦ ឧសភា ឆ្នាំ ២០១៩​នេះ ធនាគារពិភពលោក​បានឲ្យដឹងថា បើសិនជា​ប្រព័ន្ធ​នេះ​ត្រូវបាន​ដក ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប​អាច​នឹង​ធ្លាក់ចុះ​យ៉ាងតិច​បំផុត ៥១៣ លាន​ដុល្លារ​អាមេរិក ហើយ​ខ្ពស់បំផុត​ត្រឹម ៦៥៤ លាន​ដុល្លារ​អាមេរិក ក្នុងនោះ វិស័យ​កាត់ដេរ​ត្រូវ​ប្រឈម​នឹង​ការខាតបង់​ជាង​៣៨១​លាន​ដុល្លារ ស្បែកជើង​ត្រូវ​ប្រឈម​នឹង​ការខាតបង់​ជាង​១២៨​លាន​ដុល្លារ ខណៈ​អង្ករ​ដែល​ត្រូវបាន​អឺរ៉ុប​ចាប់ផ្ដើម​យកពន្ធ​ហើយ​នោះ ត្រូវ​ខាតបង់​ជាង​១៤៤​លាន​ដុល្លារ​។​

​ប៉ុន្តែ​អ្នកស្រី​នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ទៅកាន់​អ្នកកាសែត កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ ថា អ្នកស្រី ពិតជា​មាន​ក្តីបារម្ភ​ចំពោះ​ការបាត់បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA នេះ តែ​អ្នកស្រី​អះអាងថា រដ្ឋាភិបាល​បាន​ត្រៀម​រួចរាល់​ក្នុង​ការឆ្លើយតប​ចំពោះ​ផលវិបាក​នេះ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០១៨ កម្ពុជា​បាន​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​មានតម្លៃ ៩៥០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅកាន់​ទៅ​ផ្សារ​ពិភពលោក ក្នុងនោះ មាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជា​ទីផ្សារ​សំខាន់​។ ដោយឡែក​ទីផ្សារ​អឺរ៉ុប បាន​ស្រូបយក​៣៣%​នៃ​ផលិតផល​ទាំងនោះ​។​

​ធនាគារពិភពលោក​នេះ​ក៏បាន​ព្រមាន​ពី​ការពឹងផ្អែក​ខ្លាំងក្លា​របស់​កម្ពុជា​ទៅលើ​លំហូរ​ទុន និង​អ្នកទេសចរ​ពី​ប្រទេស​ចិន ដែល​កំណើន​អាច​ថមថយ ប្រសិនបើ​មាន​ការថយចុះ​ខ្លាំង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។ តែ​ធនាគារពិភពលោក​បាន​សរសើរ​ពី​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ដែល​បាន​ឡើងដល់​អត្រា​៧,៥%​ក្នុង​ឆ្នាំ ២០១៨ ដែលជា​កំណើន​ខ្ពស់​បួន​ឆ្នាំ​ជាប់​គ្នា បើ​ប្រៀបធៀប​ទៅនឹង ៧ % ក្នុង​ឆ្នាំ ២០១៧​។​

​កាលពីដើមឆ្នាំ​២០១៩​នេះ លោក​ហ៊ុន សែន បានប្រកាស​ពី​យុទ្ធនាការ​ពង្រឹង​ឯករាជ្យភាព​របស់​កម្ពុ​ជា​តាមរយៈ​វិធានការ​ជួយ​ដល់​ធុរកិច្ច​មួយចំនួន ដែល​លោក​ថា​បើទោះបីជា​គ្មាន​ឬ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏​កម្ពុជា​នៅតែ​ទៅមុខ​។​

​ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី​២ ឧសភា ម្ចាស់​ម៉ាក និង​អ្នកបញ្ជា​ទិញ​ចំនួន​២០​ស្ថាប័ន បានស្នើ​ទៅ​លោក ហ៊ុន សែន បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការគោរព​សិទ្ធិមនុស្ស សិទ្ធិ​សហជីព និង​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា និង​ធ្វើយ៉ាងណា​រក្សា​EBA និង GSP ឲ្យបាន ដោយ​ត្រូវ​ងាក​មក​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុងប្រទេស​វិញ​។​

EBA​គឺជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ចំណែក​GSP គឺជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហរដ្ឋអាមេរិក​។ កម្ពុជា​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងពីរ​ដែល​តម្រូវឱ្យ​គោរព​លក្ខខណ្ឌ គោរព​សិទ្ធិមនុស្ស និង​អនុវត្តន៍​ការដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​កម្ពុជា​ត្រូវបាន​ក្រុមប្រឆាំង និង​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ចាត់ទុកថា កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ នៅមួយរយៈ​ចុងក្រោយ​នេះ ទើប​នាំឲ្យ​ទាំង​អាមេរិក និង​អឺរ៉ុប ប្រកាស​ពី​វិធានការ​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​នេះ​។​

​ក្នុងនាម​ជា​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច កសិកម្ម និង​ជា​អ្នកនយោបាយ​មួយរូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​បណ្ឌិត​យ៉ង សាំង​កុមារ បានបង្ហាញ​ពី​ក្តីបារម្ភ​ជាខ្លាំង​ចំពោះ​ការ​ប្រឈម​នឹង​ការបាត់បង់​EBA​និង​GSP​នេះ​។ លោក​មិន​ចង់ឃើញ ការដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​អឺរ៉ុប និង​GSP​ពី​អាមេរិក​ទេ ហើយក៏​មិន​ចង់ឃើញ​រដ្ឋាភិបាល ទោរ​ផ្អៀង​ទៅរក​ចិន​តែ​ម្ខាង​នោះដែរ​។​លោក​បង្ហាញ​នូវ​សេណារីយោ​មួយ​ថា ដើម្បី​បាន​ទាំង​EBA បាន​ទាំង​ដំណោះស្រាយ​នយោបាយ គឺ​លក្ខខណ្ឌ​ងាយៗ​បំផុត រដ្ឋាភិបាល​ត្រូវ​ដោះលែង លោក​កឹម សុខា និង​អនុញ្ញាតឲ្យ​អតីតគណ​បក្ស​សង្គ្រោះ​ជាតិ ដំណើការ​ឡើងវិញ​៕

 ពាក្យគន្លឹះ  បញ្ហាEBA

ព័ត៌មានផ្សេងទៀត