ប្រតិភូ​អ្នកសម្របសម្រួល​UN​ប្រាប់​លោក​ហ៊ុន​សែន​៣​ចំណុច​សំខាន់ៗ​

06-05-2019 8:58 pm 2244
  ស្តាប់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី PAULINE TAMESIS ប្រតិភូអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ក្នុងជំនួប កាលពីព្រឹកមិញ ។
ស្តាប់ជាសំឡេង

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី PAULINE TAMESIS ប្រតិភូ​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ នៅ​ព្រឹក​ថ្ងៃទី​៦ ឧសភា លោកស្រី​ប្រតិភូ​បាន​លើកឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន​៣ ។ យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋមន្ត្រី​បាន​បកស្រាយ​ត្រឡប់​ទៅវិញ​ផ្សេងៗ​គ្នា​ទាក់ទង​នឹង​បញ្ហា​ទាំង​៣​នេះ...

​ចំណុច​សំខាន់ៗ​ទាំង​៣ ដែល​លោកស្រី PAULINE TAMESIS ប្រតិភូ​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ បានលើកឡើង​ប្រាប់​លោក​នាយករដ្ឋមន្ត្រី​នោះ​រួមមាន ១.​ពាក់ព័ន្ធ​ទៅនឹង​កិច្ច​គាំពារ​សង្គម ២.​ទាក់ទង​ទៅនឹង​ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ និង​ទី​៣.​ការចូលរួម​ពិនិត្យ​របាយការណ៍​ថ្នាក់ជាតិ លើ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព នៅ​ទីក្រុង​ញ៉ូវ​យ៉​ក នា​ខែ​កក្កដា​ខាងមុខ ។​

​ឆ្លើយតប​ទៅនឹង​ការលើក​ឡើង​ទាំងនេះ លោកនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​លោក​ស្រី​ប្រតិភូ​ថា ចំពោះ​កិច្ច​គាំពារ​សង្គម កាលពីដើម​ឡើយ កម្ពុជា​គឺ​មាន​ភាពក្រីក្រ​រហូតដល់​១០០​ភាគរយ​ឯណោះ ក្រោយមក​ក៏​មាន​ការចាប់ផ្តើម​ផ្តល់នូវ​កិច្ច​គាំពារ​សង្គម​ទៅដល់​ស្ត្រី​មាន​ផ្ទៃពោះ បន្ទាប់មក បន្ត​ដល់​ស្ត្រី​ធ្វើការ​តាម​រោងចក្រ​និង​ទៅ​ដល់​ស្ត្រី​ក្រីក្រ ។​

​លោក​បន្តថា រាជរដ្ឋាភិបាល​ក៏​បាន​ធ្វើការ​មួយ​ចំនួន​បន្ថែម​ទៀត រួមទាំង​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​, ការ​ជីក​អណ្តូងទឹក​, ជីក​ស្រះ​ទឹក​ជាដើម ដែល​ទាំងអស់​នេះ សុទ្ធសឹងតែ​ជា​ការ​គាំពារ​សង្គម ។​

​យ៉ាងណាមិញ ទាក់ទង​នឹង​ទិន្នន័យ​សម្រាប់​ការអភិវឌ្ឍ លោក​ហ៊ុន សែន បាន​បកស្រាយ​ថា កន្លងមក រាជរដ្ឋាភិបាល បាន​ជំរុញ​ក្នុង​ការបង្កើន​ថវិកា​ជាតិ​ជាប្រចាំ ហើយ​សង្ឃឹមថា​នឹង​ឯកភាព​បង្កើន​ថវិកា​បន្ថែម​ទៀត ។ ចំពោះ​ការពង្រឹង​សមត្ថភាព លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ធ្វើយ៉ាងណា​ឱ្យ​មាន​ការជំរុញ​ការសិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​កម្ពុជា ។​

​ដោយឡែក ត្រង់​ចំណុច​ចុងក្រោយ​គេ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​លោក​ស្រី​ប្រតិភូ​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ចូលរួម​កិច្ចប្រជុំ នៅ​ទីក្រុង​ញ៉ូវ​យ៉​ក នា​ខែ​កក្កដា​ខាងមុខ ។ ម្យ៉ាងទៀត ឆ្លើយតប​នឹង​សំណើ​ឱ្យមាន​ការគាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ លោក​ហ៊ុន សែន ថា សព្វថ្ងៃ រាល់​ការងារ​ទាំងអស់ គឺ​មាន​ការសម្របសម្រួល​គ្នា ពិសេស​មាន​ការចូលរួម​ពី​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​ដែរ ៕

ព័ត៌មានផ្សេងទៀត