រុស្ស៊ី​​និង​វេ​ណេ​ហ្ស៊ូ​អេឡា​ប​ន្ទោ​ស​​អាមេរិក​​ដែល​ធ្វើឲ្យ​​ច្របូកច្របល់​​កាន់តែខ្លាំង​

06-05-2019 4:55 pm 768
  ស្តាប់
ពីឆ្វេង រដ្ឋមន្ដ្រីការបរទេសវេណេហ្ស៊ូអេឡានិងរុស្ស៊ី
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​និង​វេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​រួមគ្នា​ថ្កោលទោស​សហរដ្ឋអាមេរិក ដោយ​និយាយថា​ព្រោះតែ​ការជ្រៀតជ្រែក​របស់​អាមេរិក​ទើប​ធ្វើឲ្យ​ស្ថានកា​រណ៍នៅ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​វឹកវរ​។ រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​លោក​Sergey Lavrov បានធ្វើ​សន្និសីទកាសែត​រួមគ្នា​ជាមួយ​រដ្ឋមន្ដ្រីការបរទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​Jorge Arreaza បន្ទាប់ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃអាទិត្យ​ក្នុង​ទីក្រុង​ម៉ូស្គូ​។ 

​លោក​Lavrov​បាន​និយាយថា យុទ្ធនាការ​របស់​អាមេរិក​ក្នុង​ការរំលាយ​រដ្ឋាភិបាល​ស្របច្បាប់​វេ​ណេ​ហ្ស៊ូ​អេ​ឡា គឺជា​ការរំលោភ​លើ​ច្បាប់​អន្ដរជាតិ​។ ចំណែក​លោក​Arreaza​បាន​អរគុណ​រុស្ស៊ី​ចំពោះ​ការគាំទ្រ និង​គូសបញ្ជាក់​ពី​សារសំខាន់​កាន់តែខ្លាំង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ប្រទេស​ទាំងពីរ​។ ស្របពេល​ជាមួយគ្នា​ក្រុមអ្នកតាមដាន​ស្ថានការណ៍​និយាយថា រុស្ស៊ី​មើលឃើញវេ​ណេ​ហ្ស៊ូ​អេ​ឡា​មាន​សារសំខាន់​ក្នុងកា​រ​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅ​អាមេរិក​ឡាទីន​។ ទីក្រុង​ម៉ូស្គូ​កាលពី​ខែមីនា​បាន​បញ្ជូនទាហាន​ប្រមាណ​១០០​នាក់ ទៅ​គាំទ្រ​លោក​ប្រធានាធិបតី​នី​កូឡាស ម៉ា​ឌូ​រ៉ូ​។​

​គួរ​ជម្រាបជូន​ថា បច្ចុប្បន្ននេះ​រុស្ស៊ី​និង​ប្រទេស​ចិន​កំពុង​ឈរ​ខាង​លោក​ប្រធានាធិបតីវេណេ​ហ្ស៊ូ​អេ​ឡានី​កូឡាស ម៉ា​ឌូ​រ៉ូ ខណៈ​សហរដ្ឋអាមេរិក​និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ប្រមាណ​ជា​៥០​ទៀត ឈរ​នៅ​ខាង​មេ​បក្សប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា​លោក​ជូ​អាន ហ្គៃ​ដូ​។ ក្រុមប្រឆាំង​នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​លោក​ម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​តំណែង ហើយ​លោក​ហ្គៃ​ដូ​បានប្រកាស​តែងតាំង​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​។ មេបក្ស​ប្រឆាំង​ចង់​ឡើងកាន់​អំណាច​ព្រោះ​ចង់​ស្ដារ​ប្រទេសជាតិ​ឡើងវិញ ក្រោយ​ជួប​ភាពវឹកវរ​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​។ 

​ប៉ុន្ដែ​លោក​ម៉ា​ឌូ​រ៉ូ​បានប្រកាស​បដិសេធ​ដាច់ខាត លោក​មិន​ព្រម​ចុះចេញ​ទៅណា​ទេ​ព្រោះ​លោក​ជា​ប្រធានាធិបតី​ស្របច្បាប់​។ លោក​សុខចិត្ដ​លះបង់​ជីវិត​ក៏បាន ដើម្បី​ការពារ​ប្រទេសជាតិ​។ លោក​ក៏​ប្រកាស​មិន​ទទួលយក​ជំនួយ​ពី​អាមេរិក​ឡើយ មិន​ថា​ជំនួយ​មនុស្សធម៌​ឬ​ជំនួយ​ដោះស្រាយ​វិបត្ដិ​ដែល​ជាប់គាំង​។ ប៉ុន្ដែ​លោក​បើកចំហរ​ចំពោះ​ប្រទេស​ចិន រុស្ស៊ី និង​បណ្ដា​ប្រទេស​មួយចំនួនទៀត ដែល​គាំទ្រ​ដល់​រូបលោក​៕

ព័ត៌មានផ្សេងទៀត