គណបក្ស​ក្រៅ​រដ្ឋាភិបាល​ រិះគន់​ការចាក់ដី​​លុប​បឹង​តា​មោក​​ធ្វើ​ផ្សារ​បន្លែ​​

06-05-2019 3:53 pm 1637
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​សប្តាហ៍​នេះ ការរិះគន់​ពី​មហាជន ទៅលើ​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល​អំពី​ការផ្តល់ដី​បឹង​តាមោក ចំនួន​២០​ហិកតា ទៅឲ្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ បាន​ផ្ទុះឡើង​សាជាថ្មី​។​

​សេចក្តីជូនដំណឹង​មួយ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ជូន​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​អភិបាល​រាជធានី​ភ្នំពេញ ចេញ​កាល​ថ្ងៃទី​២​ខែ​សីហា ឆ្នាំ​២០១៨ មាន​កម្មវត្ថុ​«​ករណី​សំណើសុំ​ដី​ចំនួន​២០​ហិកតា​នៅ​បឹង​តា​មោក​ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ និង​ជា​ចំណតរថយន្ត​នៅ​រាជធានី​ភ្នំពេញ​» ត្រូវបាន​អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក រិះគន់ និង​ចែករំលែក​តៗ​គ្នា​។ 

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​តែងតែ​ឈឺឆ្អាល​រឿងនេះ​តាំងពី​ដំបូង ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​មិន​គាំទ្រ​ឲ្យមាន​ការលុ​បបឹង​ធម្មជាតិ​នេះ​ទេ​។ គណបក្ស ដែល​គេ​ដឹងថា សំបូរ​អ្នកជំនាញ​ខាង​កសិកម្ម​មួយ​នេះ លើកឡើងថា ខ្លួន​គាំទ្រ​ការកសាង​ផ្សារ​ផ្គត់ផ្គង់​បន្លែ ដែលមាន​ស្តង់ដារ និង​សុវត្ថិភាព ប៉ុន្តែ​មិន​គាំទ្រ​ឲ្យ​លុ​បបឹង​ដើម្បី​ធ្វើ​ផ្សារ​ឡើយ​។ គណបក្ស​នេះ បង្ហាញ​ការសោកស្តាយ​ថា​«​បឹងកក់​លុប​បាត់ដាន​ទៅហើយ មិនអាច​ត្រឡប់​វិញ​ទេ តែ​យើង​អាច​រក្សា​បឹង​តា​មោក​(​បឹង​កប់​ស្រូវ​) និង​សំណល់​នៃ​បឹង​ជើងឯក បាន​បើ​យើង​ចង់ ....​តើ​សុំ​ប៉ុណ្ណឹង​បាន​ឬ​អត់​?»​។ គណបក្ស​នេះ ទាមទារ​ឲ្យ​រាជរដ្ឋាភិបាលមានត​ម្លា​ភាព​ក្នុង​ការអភិវឌ្ឍ និង​អភិរក្ស​បឹង​ធម្មជាតិ​។​

​តាម​លោក​យ៉ង សាំង​កុមារ ស្ថាបនិក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គឺ​បង្ហាញ​ជម្រើស​ថា ត្រូវ​អភិវឌ្ឍ​ជុំវិញ​បឹង ដោយ​រក្សា​បឹង​ឲ្យនៅ​ដដែល​។​

​ស្រដៀង​នឹង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែរ អតីត​អ្នកនាំពាក្យ​នៃអតីតគណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​យ៉ែម បុញ្ញ​ឬ​ទ្ធិ បាន​លើកឡើងថា ខ្លួន​មិន​គាំទ្រ​ឲ្យមាន​ការ លុប​បឹង​ធម្មជាតិ​នៅ​រាជធានី​ភ្នំពេញ​ដែរ​។​
​លោក​និយាយថា ខ្មែរ​គ្រប់រូប មិន​គាំទ្រ​ឲ្យមាន​ការលុ​បបឹង ធម្មជាតិ​បែបនេះ​ទេ​។ លោក​ថា ការចាក់ដី​លុប​បឹង មាន​បន្តបន្ទាប់ ហើយ​លេស ក៏មាន​ជា​ហូរហែ គឺ​មកពី​កំណើន​ប្រជាពលរដ្ឋ​។ លោក​ចោទ​សួរថា​«​តើ​អាច​និយាយថា មកពី​ដុល្លារ​បានដែរ​? តើ​គេ​ពិតជា​មិនអាច​អភិវឌ្ឍន៍​ជុំវិញ​បឹង ដោយ​រក្សា​បឹង​ធម្មជាតិ​បាន​មែនឬ​?»

​សូមបញ្ជាក់ថា តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​៣ កុម្ភ​:២០១៦ បឹង​តា​មោក​ដែលមាន​ផ្ទៃ​ទឹកដី​ចំនួន​៣២៣៩,៧​ហិកតា​ត្រូវ​ចាត់ទុកជា​សម្បត្តិ សាធារណ​:​របស់​រដ្ឋ​។ 

គេនៅចាំបានថា ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើក​ទី​២​ស្តីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​២២ សីហា ឆ្នាំ​២០១៧ កញ្ញា​មាស សុខ​សោភា តារាចម្រៀង​មួយរូប ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ បានបង្ហាញ​ការបារម្ភ​ពី​ការបាត់បង់​បឹង​តា​មោក ដែល​បណ្តាលមកពី​ការចាក់​លុប​។ កញ្ញា ក៏​បានស្នើ​លោក​ហ៊ុន សែន ដោយផ្ទាល់ សូមកុំ​ឲ្យមាន​ការលុ​បបឹង​តាមោក​ដើម្បី​រក្សាបឹង​ទុកជា​កន្លែង​ស្តុក​ទឹក​សម្រាប់​រាជធានី​ភ្នំពេញ​។ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នាពេលនោះ បាន​ឆ្លើយតប​ទៅ​កញ្ញា​មាស សុខ​សោភា វិញ​ថា លោក​គាំទ្រ និង​ថា រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​បឹង​នេះ​។​

ប៉ុន្តែ​ហេតុផល​រដ្ឋាភិបាល ថា គម្រោង​សាងសង់​ផ្សារ​នៅ​បឹង​តា​មោក គឺ​ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង​ជា​ចំណតរថយន្ត​ដើម្បី​បន្ថែម​ជា​ទីតាំង​ផ្សារ​បោះ​ដុំ​មួយកន្លែង​ផ្សេងទៀត ដែល​សព្វថ្ងៃ​មានតែ​នៅ​ផ្សារដើ​មគមួយ​ប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ និង​លុបបំបាត់​ការកកស្ទះ​ចរាចរណ៍ ការប៉ះពាល់​បរិស្ថាន សណ្តាប់ធ្នាប់ និង​អនាម័យ​តាម​ដងផ្លូវ​។​ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល កន្លងមក​៕

ព័ត៌មានផ្សេងទៀត