រដ្ឋមន្ត្រី​កសិកម្ម​បញ្ជាក់​ជុំវិញ​ករណី​វៀតណាម​បំផ្លាញ​ផ្លែស្វាយ​កម្ពុជា​ជាង​៦​ពាន់​តោន​

06-05-2019 11:06 am 3188

​ថ្មីៗ​នេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​បង្ហោះ​ផ្សព្វផ្សាយ​ថា «​អាជ្ញាធរ​ប្រទេស​វៀតណាម កម្ទេច​ស្វាយ​ស្រស់​កម្ពុជា ជាង​៦​ពាន់​តោន បម្រុង​នាំ​ចូល​ទៅ​វៀតណាម ត្រូវបាន​ចាប់​រួច​កំទេចចោល ដោយ​ចា​ទ​ថា​ខុសច្បាប់ ខណៈ​វៀតណាម​នាំចូល​បន្លែ​ផ្លែឈើ​គីមី​ទាំង​ឡាន​ចូល​កម្ពុជា​គ្មាន អ្នក​ណា​អើពើ​» នោះ​។​

​ជុំវិញ​ករណី​នេះ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិម្ម បាន​បញ្ជាក់​ប្រាប់​អង្គភាព​Fresh News នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា​នេះ​ថា ករណីនេះ កើត​ឡើង​តាំងពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៩​មកម្ល៉េះ ហើយ​ផ្លែស្វាយ​ដែល​វៀតណាម​ចាប់​នោះ មាន​តែ​ចំនួន​ជាង​៦​តោន​ប៉ុណ្ណោះ ដែល​នាំចូល​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ មិន​ដល់​៦​ពាន់​តោន​ទេ​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​តាម​ការពិត​តាមរយៈ​ឯកសារ​កំណត់​ហេតុ​ជា​ភាសា​វៀតណាម និង​បកប្រែ​ក្រៅ ផ្លូវការ​ជា​ភាសាជាតិ​ឃើញថា ស្វាយ​មាន​ចំនួន​តែ​៦៦៦០​គីឡូក្រាម​តែប៉ុណ្ណោះ (​ជាង​៦​តោន​) ដែល​បាន​ដឹក​ចេញ​ដោយ​គ្មាន​ឯកសារ​អ្វី​ទាំងអស់​។ ដោយឡែក តាម​ការបញ្ជាក់​ឱ្យដឹងពី​ប្រធាន​នាយកដ្ឋាន ភូតគាម​អនាម័យ​វៀតណាម លោក Le Son Ha (​ទំនាក់ទំនង​តាម Messenger) វេលា​ម៉ោង​០៤៖៤៣​នាទី រសៀល​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ​ថា ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៩ មកទល់​បច្ចុប្បន្ន​នេះ មិនទាន់​មាន​ករណី​ការបំផ្លាញ​ស្វាយ​ស្រស់​ពី​កម្ពុជា ទៅ​ប្រទេស​វៀតណាម​ឡើយ ព្រោះ​ស្វាយ​ដែល​នាំ​ចូល​វៀតណាម សុទ្ធតែ​មាន​ឯកសារ​ភូតគាម​អនាម័យ​ត្រឹមត្រូវ​»​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​ពន្យល់​ពី​ការខិតខំ​ប្រឹងប្រែង របស់​ក្រសួង​កសិកម្ម ក្នុង​ការជំរុញ​ផលិតកម្ម និង​ពាណិជ្ជកម្ម​ស្វាយ នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត