លោកយ៉ែម បុញ្ញឬទ្ធិ៖ បើបាត់បង់EBA អាចនឹងមានផលវិបាកខ្លះ លើវិស័យពាក់ព័ន្ធ

05-05-2019 8:26 pm 853

អតីតអ្នកនាំពាក្យអតីតបក្សប្រឆាំងលោកយ៉ែម បុញ្ញឬទ្ធិ បានលើកឡើង ថា ប្រសិនបើមានការបាត់បង់ EBA អាចនឹងធ្វើឲ្យមានផលវិបាកខ្លះ លើវិស័យពាក់ព័ន្ធជាក់ជាពុំខាន។ លោកបានសរសេរនៅ​លើហ្វេសប៊ុក​របស់ខ្លួន នាថ្ងៃទី៥ ខែឧសភានេះ ថា នីតិវិធី​ដក​កម្មវិធីអនុគ្រោះ​ពន្ធ​ EBA "គ្រប់មុខទំនិញ​លើកលែង​សព្វាវុធ‍"​ ពីប្រទេសកម្ពុជាកំពុង​ដំណើរការ ​ទៅមុខ​បន្ទាប់ពី​សហភាព​អឺរ៉ុប​ បាន​ជូនដំណឹង​ទៅរាជរដ្ឋាភិបាល​ ប៉ុន្តែ​នៅ​មាន​ពេល ​ដើម្បី​ស្តារស្ថានការណ៍​របស់​ខ្លួន​ឡើងវិញ។​

លោកយ៉ែម បុញ្ញឬទ្ធិ បានសរសេរបន្ត ថា”បើមានការ​បាត់​បង់​ EBA វាអាច​នឹង​ធ្វើ​ឲ្យមានផលវិបាកខ្លះ លើវិស័យពាក់ព័ន្ធជាក់ជាពុំខាន​ ដូចជាអាចកើនឡើង​នៃ​ថ្លៃ​ចំណាយ​ ដែល​បណ្តាល​មក​ពី​ការ​ជាប់ពន្ធ​នេះ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ដល់លទ្ធភាព​នៃ​ការ​ប្រកួត​ប្រជែង​ នៃការ​នាំ​ចេញ​របស់​ប្រទេសយើង”។

លោកថា ជាក់ស្ដែង​ ទាំងសហជីពតំណាងកម្មករ​ ទាំង​តំណាងអ្នកបញ្ជាទិញសម្លៀកបំពាក់ (textile products) ស្បែកជើង (footwears) និងផលិតផលធ្វើដំណើរ (travel goods) ទាំងសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ​(GMAC)​ ដែល​តំណាង​ឲ្យក្រុមអ្នកនាំ​ចេញ​សម្លៀក​បំពាក់​ នៅ​ប្រទេស​កម្ពុជា​ ​ក៏​បាន​ឲ្យ​ដឹង​ពី​ការបារម្ភ​របស់​ខ្លួន​ ​ចំពោះ​ការ​ប្រកាស​របស់​សហភាព​អឺរ៉ុប​។​ ហើយឧស្សាហកម្ម​កាត់ដេរ​ដែល​កំពុង​ផ្តល់​ការងារ​ដល់​ប្រជារាស្ត្រ​ខ្មែរប្រមាណជា​ ៧០ម៉ឺន​នាក់​។

តាមអតីតអ្នកនាំពាក្យអតីតបក្សប្រឆាំងរូបនេះ គឺថា ដើម្បីកម្ពុជា​ ជាមួយការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ របស់បណ្តាប្រទេសក្នុងតំបន់ និងលើសាកលលោក ដើម្បីសុខសន្តិភាព សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ និងការអភិវឌ្ឍប្រកបដោយចីរភាព​ ជា​មួយការយោគយល់គ្នារវាងខ្មែរ និងខ្មែរ​ ដោយផ្អែកលើតម្លៃនៃគុណធម៌ ផ្សះផ្សាជាតិ​ និងជំនឿទុកចិត្តគ្នាក្នុងនាមយើងជាខ្មែរ។

កន្លងមកលោកនាយករដ្ឋមន្រ្ដីហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ ថា EBA ឬប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែសព្វាវុធ (Everything But Arms) មិនអាចធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាអ្នកមាននោះឡើ​យ គឺមានតែការប្រឹងប្រែងដោយខ្លួនឯងទេ ទើបធ្វើឲ្យប្រទេសយើង ក្លាយជាអ្នកមានបាន៕

 ពាក្យគន្លឹះ  លោកយ៉ែម បុញ្ញឬទ្ធិEBA

ព័ត៌មានផ្សេងទៀត