មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡាស្វាគមន៍​ការអន្តរាគមន៍​យោធា​ពី​អាមេរិកបើ​អាមេរិក​ចង់​

05-05-2019 3:07 pm 1832
  ស្តាប់
​មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡាលោក​ជូ​អាន ហ្គៃ​ដូ​
ស្តាប់ជាសំឡេង

​មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា លោក​ជូ​អាន ហ្គៃ​ដូ​បាន​ថ្លែងប្រាប់​កាសែត​The Washington Post​នៅ​ថ្ងៃ​សៅរ៍ ដោយ​ទទួលស្គាល់ថា លោក​ពិតជា​បាន​បរាជ័យ នៅក្នុង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។ លោក​បន្ថែមថា បែបនេះ​ប្រហែលជា​លោក​នៅតែ​ត្រូវការ​យោធា​បន្ថែមទៀត និង​ត្រូវការ​មន្ត្រី​នៃ​របប​នេះ ដែលមាន​ឆន្ទៈ​នៅក្នុង​ការគាំទ្រ​រូបលោក​។ ជំ​ពោះ​ជម្រើស​នា​ពេលអនាគត លោក​ហ្គៃ​ដូ​បាន​និយាយថា លោក​នឹង​ស្វាគមន៍ ចំពោះ​ការគាំទ្រ​ផ្នែក​យោធា​ពី​អាមេរិក ហើយ​ប្រសិនបើ​អាមេរិក​យល់ព្រម​ផ្តល់​ការគាំទ្រ លោក​នឹង​យក​ជម្រើស​នេះ ទៅ​ដាក់​លើ​តុ​រដ្ឋសភា ដែល​គាំទ្រ​ដោយ​គណបក្សប្រឆាំង ដើម្បី​ប្រជុំ​និង​អនុម័ត​។​

​លោក ហ្គៃ​ដូ​និងក្រុម​អ្នកគាំទ្រ​របស់គាត់ បានទទួល​បរាជ័យ​យ៉ាង​អាម៉ាស់ កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​អ្នកនយោបាយ​ដែល​គាំទ្រ​ដោយ​អាមេរិក​រូបនេះ បាន​អំពាវនាវ​ឲ្យ​ពួកយោធា និង​ក្រុមប្រឆាំង​ក្រោកឈរ​តវ៉ា​ដាក់​សម្ពាធ បណ្តេញ​លោក​នី​កូឡាស ម៉ា​ឌូ​រ៉ូ​ឲ្យចេញ​ពី​តំណែង​ប្រធានាធិបតី តែ​មិន​ជោគជ័យ​។ បើតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី​RT ថា ដ្បិត​មាន​ទាហាន​មួយចំនួន បាន​ងាក​ទៅ​ចុះចូល តាម​ការ​ល្បួង​របស់លោក​ហ្គៃ​ដូ​ក៏ដោយ ប៉ុន្តែ​មាន​កងកម្លាំងប្រដាប់អាវុធ​ភាគច្រើន នៅតែ​ស្មោះត្រង់​នឹង​ប្រធានាធិបតី និង​បដិសេធ​មិន​ព្រមធ្វើ​តាម​ការអំពាវនាវ របស់លោក​ហ្គៃ​ដូ​ឡើយ​។ លោក​ម៉ា​ឌូ​រ៉ូ បានប្រកាស​ពី​ការបរាជ័យ នៃ​ផែនការ​ធ្វើ​រដ្ឋប្រហា​ររ​បស់​ក្រុមប្រឆាំង​ផងដែរ​។​

​ទោះបីជា​ទទួល​ការបរាជ័យ​យ៉ាងណាក៏ដោយ ក៏​រដ្ឋមន្ត្រីការបរទេស​អាមេរិក កាលពី​ថ្ងៃ​សៅរ៍ បាន​អំពាវនាវ​ឲ្យ​លោក​ម៉ា​ឌូ​រ៉ូ យល់ព្រម​ប្រគល់​អំណាច​។ បន្ថែម​លើ​នេះ លោក​បាន​ស្តីបន្ទោស​រុស្ស៊ី​និង​គុយបា ចំពោះ​ការគាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ ហើយ​ថា​អ្នក​ដែល​បន្ត​រងទុក្ខវេទនា គឺ​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​។ យ៉ាងណា ប្រទេស​ទាំងពីរ​គឺ​គុយបា​និង​រុស្ស៊ី បាន​បដិសេធ​មិន​ជាប់​ពាក់ព័ន្ធ នៅក្នុង​កិច្ចការ​ណាមួយ​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ឡើយ​។ ចំណែកឯ រដ្ឋាភិបាល​ទីក្រុង​កា​រ៉ា​កាស បន្ត​រិះគន់​អាមេរិក​ដែល​នៅ​ពីក្រោយ​គាំទ្រ​លោក​ហ្គៃ​ដូ និង​បន្ត​បន្ទោស​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​ដ៏​អាក្រក់​នាពេលនេះ ដោយសារតែ​គោលនយោបាយ​របស់​អាមេរិក​៕


ព័ត៌មានផ្សេងទៀត